ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ និង​សកម្ម​ជន​បក្ស​ប្រឆាំង​​ចូល​ប្រទេស​របស់​ខ្លួន


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី មូរ សុខហួរ និយាយ​ថា ក្រោយ​ការ​ស៊ើបសួរ​អស់​រយៈពេល​ជិត​២០​ម៉ោង អាជ្ញាធរ​ក៏​​បាន​សម្រេច​ឲ្យ​អ្នកស្រី​ ​​​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ពីរូប​ផ្សេង​ទៀត

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ីនៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ បានអនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិចូល​ក្នុងប្រទេសម៉ាឡេស៊ី​ បន្ទាប់​ពីអ្នកស្រី​ត្រូវ​បាន​ឃាត់​ខ្លួន​នៅព្រលាន​យន្ត​ហោះ​កូឡាឡាំពួរ អស់​រយៈពេល​ជិត​២០​ម៉ោង​។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះ​កូឡាឡាំពួរ​ កាលពី​យប់​ថ្ងៃ​ពុធ ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អ្នកស្រី​ត្រូវ​បាន​ប៉ូលីស​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ីឃាត់ខ្លួន​តាំង​ពី​យប់​ថ្ងៃ​ពុធ​រំលង​អាធ្រាត្រ ដោយ​សារ​មាន​លិខិត​ហាមឃាត់​ពី​រដ្ឋាភិបាល​ខ្មែរ។

អ្នកស្រី​បន្ត​ថា ក្រោយ​ការ​ស៊ើបសួរ​អស់​រយៈពេល​ជិត​២០​ម៉ោង អាជ្ញាធរ​ក៏បាន​សម្រេច​ឲ្យ​អ្នកស្រី​ ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ពីរូប​ផ្សេង​ទៀត គឺ​កញ្ញា ងឹម គាថា និង​លោក ស៊ាង លាង​ហេង ឲ្យ​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នៅ​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច​នេះ។

អ្នកស្រី មូរ សុខហួរ​ បន្ត​ថា អ្នកស្រីនឹង​ចូល​ទៅ​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​សុក្រ​ស្អែក​ព្រឹក​នេះ ដើម្បី​ជជែក​ពាក់ព័ន្ធ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

«ពេល​ដែល​ខ្ញុំ​ឆ្លង​អន្តោ​ប្រវេសន៍ គេ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ចូល​អត់​បាន​ទេ​ដោយសារ​ខ្ញុំ​មាន​បញ្ជី​ខ្មៅ មាន​បញ្ជី​ខ្មៅ​នេះ​គឺ​បញ្ជី​មក​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ដល់​ពេល​ដែល​គេ​ដឹង​ថា​ខ្ញុំមាន​កិច្ច​ជំនួប​ជាមួយ​ក្រសួង​ការបរទេស គេ​ឆែក​អស់​ហើយ​ខ្ញុំ​និយាយ​ការពិត លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ក៏​បាន​បញ្ជាក់​ថា​ ខ្ញុំ​ត្រូវជួប​ជាមួយ​គាត់ អញ្ចឹង​ឃើញ​ថា ម៉ាឡេ​គេ​យក​ច្បាប់​របស់​គេ​ជា​ច្បាប់​ធំ»។​

បន្ទាប់​ពី​ប៉ូលីស​អន្តោប្រវេសន៍​ម៉ាឡេស៊ី​បាន​ឃាត់​ខ្លួន​អ្នកស្រី​ មូរ សុខហួរ ដើម្បី​សួរ​នាំ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ គោរពការប្តេជ្ញា​ចិត្ត​របស់​អាស៊ាន​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស និងអំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី មូរ​ សុខហួរ​ ភ្លាមៗ​ដោយ​ឥត​លក្ខខណ្ឌ។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី លោក Dato’ Saifuddin Abdullah ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ប៉ុន្តែ​លោក​មិនព្រម​ឆ្លើយ​តប។​

យ៉ាងណាក្តី​ លោក Dato’ Saifuddin Abdullah បាន​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទទួល​បាន​លិខិត​ស្នើ​ឲ្យ​ចាប់​បញ្ជូន​សកម្មជន​គណបក្ស​ប្រឆាំងរបស់​កម្ពុជា​ទៅ​កាន់​កម្ពុជា​វិញ​ រួម​ទាំង​អ្នកស្រី មូរ សុខហួរ ផង។

​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី លោក Dato’ Saifuddin Abdullah បញ្ជាក់​ថា ប៉ូលីស​អន្តោ​ប្រវេសន៍ម៉ាឡេស៊ី​ឃាត់​ខ្លួន​អ្នកស្រី​ មូរ​ សុខហួរ កាល​ពី​ពាក់​ណ្តាល​យប់​ថ្ងៃ​ពុធ ដើម្បី​សួរ​នាំ។ ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​ម៉ាឡេស៊ីមិន​ធ្វើ​តាម​ការ​ស្នើរបស់​ភាគី​បរទេស​ណាមួយ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​ «យើង​មិន​ស្ថិត​ក្នុង​តួនាទី​ចាប់​បញ្ជូន​ខ្លួន​នរណា​ទេ ហើយយើង​ក៏​មិន​ចូលចិត្ត​ធ្វើ​ដូច្នោះ​ដែរ។ យើង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង មិនមែន​ដោយសារ​ការស្នើ​សុំ ឬ​ការជ្រៀត​ជ្រែក​ណា​មួយ​ពី​បរទេស​ទេ»។

​ក្រោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ​ ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ លោក Teddy Baguilat សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្សបាន​ស្វាគមន៍​ចំពោះ​ការសម្រេច​ចិត្ត​នេះ។ លោក​ថា ការណ៍​នេះ​នឹង​ជំរុញ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ទៅ​ក្នុង​ប្រទេស ដើម្បី​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖«លោក ហ៊ុន សែន គួរតែ​ទទួល​បាន​សារ​នេះ​យ៉ាង​ច្បាស់ ហើយ​ការធ្វើទុក្ខ​បុកម្នេញ​របស់​គាត់​ទៅ​លើ​ក្រុម​នយោបាយ​ប្រឆាំង នឹង​មិន​អាច​ដូច​អ្វី​ដែល​គាត់​ចង់​បាន​នោះ​ទេ។ ជំនួស​មក​វិញ លោក ហ៊ុន សែន គួរតែ​ដោះលែង​សកម្មជន​អហិង្សា​កម្ពុជា​ទាំងអស់​ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹងនយោបាយ និង​អនុញ្ញាត​ឱ្យ​មាន​អ្នកនយោបាយ​ប្រឆាំង​ដោយ​ស្របច្បាប់»។

កាលពី​សប្តាហ៍​មុន អាជ្ញាធរ​ថៃ​បាន​បញ្ជូន​អ្នកស្រី មូរ សុខហួរ ចេញ​ទៅ​វិញ នៅ​ពេល​ដែល​អ្នកស្រី​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

អ្នកស្រី​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ចាក​ចេញ​ពី​ប្រទេស​នេះ​ នៅ​យប់​ថ្ងៃទី៦ ខែវិច្ឆិកា ទៅ​កាន់​ម៉ាឡេស៊ី បន្ទាប់ពី​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ស្នើឲ្យ​អាជ្ញាធរ​ប្រទេស​នេះចាប់​អ្នកស្រី ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បរាជ័យ។

នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​លិខិត​បន្ទាន់​មួយ​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ផ្សេងៗ​ ដើម្បី​ឲ្យ​ឯកអគ្គ​រាជ​ទូត​កម្ពុជាជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​ប្រចាំ​ប្រទេស​ទាំង​នោះ​អំពី​ការ​ដក​ហូត​សិទ្ធិ​ប្រើប្រាស់​លិខិត​ឆ្លង​ដែនកម្ពុជា​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន​១២​នាក់។ មន្ត្រី​ទាំង​នោះ​រួមមាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក ឡុង រី លោក ម៉ន ផល្លា លោក សោ ចាន់ដេត លោក​ គង់ សភា លោក ហេង ដាណារ៉ូ លោក វ៉ាន់ ណារិទ្ធ លោក ញឹម គឹមហ៊ុយ លោក អ៊ីសា ឧស្មាន និង​លោក ដាង ចំរើន។

​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សរសេរ​លិខិត​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ស្នើ​កុំ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​ និង​បក្ខពួក​ឆ្លងកាត់​ប្រទេស​ទាំង​នោះ ដើម្បី​ចូល​មក​កម្ពុជា។

នាយឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA ថា រដ្ឋាភិបាល​សម្រេច​ដកហូត​លិខិតឆ្លងដែន​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​១២​នាក់ ដោយសារ​ពួកគេ​មានដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​កម្ពុជា។

រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​គាំទ្រ និង​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិ​ប្រមាណ​ជា​៦០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់​ជាតិ ក្រោយ​ពួកគេ​ប្រកាស​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី ដែល​ប្រកាស​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ បន្ទាប់ពី​លោក​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​ជាង​៥​ឆ្នាំ​។​

រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា ​លោក​ សម រង្ស៊ី មាន​គម្រោង​ចូល​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG