ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ជួយ​អ្នក​ដែល​​មិន​អាច​បង់​ប្រាក់​កម្ចី​ទៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ


រូបឯកសារ៖ ស្ត្រីម្នាក់រើឥវ៉ាន់​លក់ដូរទុក អំឡុងពេលអាជ្ញាធរអនុវត្តបម្រាមគោចរផ្សេងៗរយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ស្ត្រីម្នាក់រើឥវ៉ាន់​លក់ដូរទុក អំឡុងពេលអាជ្ញាធរអនុវត្តបម្រាមគោចរផ្សេងៗរយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

បណ្តាញ​សហគមន៍ សមា​គម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០០​ស្ថាប័ន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្ត​រាគមន៍​ដល់​ការ​ផ្អាក​បង់​ប្រាក់​សង​ដល់គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុនិង​ធនាគារ​ យ៉ាង​តិច​រយៈ​ពេល​៣​ខែ។

ការ​លើក​ឡើង​នេះ​ ខណៈ​សង្គម​ស៊ីវិល​ទាំង​នោះ ដែល​រួម​មាន​អង្គការលីកាដូ អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា​ជាដើម មើល​ឃើញ​ថា​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ដែល​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ការ​រកស៊ី​របស់​ប្រជា​ពលរដ្ឋ​។ រដ្ឋា​ភិបាល​បាន​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​ការ​រក​ស៊ីជា​បន្ត​បន្ទាប់។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ អ្វី​ដែល​ពួកគេ​ស្នើ​សុំ​គឺ​ការ​ផ្អាកការបង់​សង​ប្រាក់​កម្ចី​ ដែល​មាន​ប្រាក់​ដើមនិង​ការ​ប្រាក់​ទាំង​ស្រុងនិង​កុំ​ឲ្យ​មាន​ការ​គិត​ការ​ប្រាក់​ នៅ​ពេល​ចាប់​ផ្តើម​ឲ្យ​ប្រជាពលរដ្ឋ​បង់​ឡើង​វិញ។

ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ចេញ​ជា​វិធាន​ការ​ណែនាំ​ដល់​គ្រឹះ​ស្ថានមីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ទាំងអស់​ ដើម្បី​ផ្អាក​ការ​បង់សង​ប្រាក់​កម្ចី​សម្រាប់រយៈ​ពេល​យ៉ាង​តិច​៣ខែ​ ដើម្បី​ផ្ដល់​ឲ្យ​អ្នក​ខ្ចី​ប្រាក់នូវឱកាស​ក្នុង​ការ​ស្នា​ក់​នៅ​ផ្ទះ​ និង​រក្សា​សុវត្ថិ​ភាព​ អំឡុង​ពេល​ផ្ទុះ​ឡើង​នៃវីរុស​កូវីដ​១៩។

ពួក​គេ​លើក​ឡើង​ថា៖ «​មាន​មនុស្សតិច​តួច​ណាស់ដែល​មិន​ទទួលរង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋ​កិច្ច​ពី​ជំងឺ​កូវីដ​១៩​នេះ​»។​

អង្គការ​ទាំង​នោះ​លើក​ឡើង​ថា​រដ្ឋា​ភិបាល​មិន​ទាន់​មាន​គោល​ការណ៍​ណែ​នាំច្បាស់​លាស់​ថា​តើ​អ្នក​ខ្ចី​ប្រាក់ណា​ខ្លះ​ដែល​មានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួលបាន​ការ​សម្រាល​នៃ​ការ​បង់​កម្ចី។

កន្លង​ទៅ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ បាន​អនុវត្ត​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ស្ទើរ​តែ​គ្រប់​ករណីដែល​ពួក​គេ​ទទួល​បាន គឺ​ធនាគារ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​តែផ្អាកការ​បង់​ប្រាក់​ដើម​ ប៉ុន្តែនៅ​តែ​បន្ត​ប្រមូលយ​កការ​បង់ថ្លៃ​ការ​ប្រាក់​ ព្រមទាំងគណនា​ការ​ប្រាក់​លើ​ឥណទាន​ទាំង​នេះ។​

ពួក​គេ​បញ្ជាក់​ថា​៖ «ការ​អនុវត្ត​បែប​នេះមិន​មែន​ជា​ការ​សម្រាលបន្ទុកពិត​ប្រាកដ​នោះ​ទេ»។​

ពួកគេ​បន្ថែម​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «អ្នក​ខ្ចី​ប្រាក់​មួយ​ចំនួន​កំពុង​ត្រូវ​បាត់​បង់​ដីធ្លី​របស់​ពួកគេ​ មិន​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព​ និង​ប្រឈម​នឹង​ហានិភ័យ​នៃ​សុខភាព​និង​សុវត្ថិភាព​របស់​ពួកគេ​ អំឡុង​ពេល​មានវិបត្តិ​ជំងឺនេះ ​ដើម្បី​ទុក​លទ្ធភាព​បង់​សង​បំណុល​ទាំង​នេះ។​ ការ​ផ្អាក​ការ​បង់​សង​ប្រាក់​រយៈ​ពេល​៣​ខែ​ ជាមួយ​លក្ខខណ្ឌ​ដែល​អាច​បន្តការ​ផ្អាក​នេះ​បន្ត​ទៀត ​នឹង​ជួយ​អ្នក​ខ្ចី​ប្រាក់​ឲ្យ​ស្នាក់​នៅ​ផ្ទះ ​រក្សា​សុវត្ថិភាព​និង​ពង្រឹង​ស្ថានភាព​ទូទៅ​នៅ​ក្នុងប្រទេស​វិញ»។

ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​ និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ លោក ​កាំង តុងងី​ ថ្លែង​ប្រាប់​ VOA​ថា​ការ​សម្រេច​មិន​ឲ្យ​អតិថិជន​របស់​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ដែល​មាន​ប្រមាណ​២​លាន​នាក់ មិន​ឲ្យ​បង់​ប្រាក់​ទាំង​អស់ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ លោក​ថា​ជម្រើស​ល្អ គឺ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បង់​តែ​ការ​ប្រាក់​សិន និង​ការ​ពិនិត្យ​លើ​ករណី​ជាក់​ស្តែង​របស់​អ្នក​រង​គ្រោះ។

លោក​មាន​ប្រសាសន៍​ថា៖ «វិស័យ​មីក្រូហិរញ្ញវត្ថុ យើង​មាន​អតិថិជន​២លាន​នាក់ អញ្ចឹង​ជា​ធម្មតា​យើង​មិន​អាច​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​មួយ​ដូច​គ្នា​សម្រាប់​មនុស្ស​២លាន​នាក់​បាន​ទេ។ វា​អត់​ត្រូវ​។ វិធីសាស្រ្ត​ហ្នឹង វា​អត់​មាន​ប្រសិទ្ធភាព​ទេ»។

លោក​បន្ត​ថា​ការ​ផ្អាក​មិន​បង់​ប្រាក់​ទាំង​អស់ ​នឹង​ប៉ះពាល់​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដោយសារ​ពួក​គេ​ក៏​ត្រូវ​ការ​ចំណូល​ ដើម្បី​ផ្គត់ផ្គង់​បុគ្គលិក​និង​ផ្តល់​ការ​ប្រាក់​ទៅ​ដល់​អ្នក​ដែល​បាន​ដាក់​ប្រាក់​សន្សំ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ពួកគេ។

បើ​តាម​លោក កាំង តុង​ងី អតិថិ​ជន​ប្រមាណ​៣០​ម៉ឺននាក់ ត្រូវ​បាន​រៀបចំ​ឥណទាន​ឡើង​វិញកាល​ពី​កន្លង​ទៅ​ ហើយ​ភាគ​ច្រើន ជា​ការ​ស្នើ​សុំ​បង់​តែ​ការ​ប្រាក់​រយៈ​ពេល​៣​ទៅ​៦​ខែ ការ​ស្នើ​សុំ​បង់ប្រាក់​តិច​ជាង​មុន ដោយ​ដាក់​រយៈ​ពេល​បង់​យូរ​ជាង​មុន និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ អាច​ផ្អាក​ការ​បង់​ទាំង​ដើមនិងការ​ប្រាក់ ក្នុងរយៈ​ពេល​៣​ទៅ​៦ខែ។ លោក​បន្ថែម​ថាតាម​គម្រោង ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ នឹង​បញ្ចប់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​លោក​ថាអាច​នឹង​ពន្យារ​ពេល​បន្ត​ទៀត​ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​១៩​ មិន​ទាន់​ប្រសើរ​ឡើង​។

លោក មាស សុខសេនសាន អ្នក​នាំ​ពាក្យក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ មាន​ប្រសាសន៍ថា​ក្រសួង​សេដ្ឋកិច្ច​មិន​អាច​ឆ្លើយ​លើ​បញ្ហា​នេះ​បាន​ទេ​ ដោយ​ស្នើ​ឲ្យសួរ​ខាង​ធនាគារជាតិ​នៃ​កម្ពុជា​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «អរគុណ​ហើយ​ដែល​បាន​សួរ​មក​ខាង​យើង​ខ្ញុំ។ ប៉ុន្តែ​សមត្ថកិច្ច​ខ្ញុំ​អត់​ឆ្លើយ​រឿង​ហ្នឹង​កើត​ទេ ដោយ​សារ​តែ​ជា​កិច្ចការ​ក្រោម​ការ​សម្របសម្រួល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា»។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី ជា សិរី អគ្គនាយិកា​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

ដោយសារ​ជំងឺ​កូវីដ១៩​ឆ្លង​ក្នុង​សហគមន៍​ធ្ងន់​ធ្ងរ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគា​រជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែមីនា បាន​អំពាវនាវ​និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំង​អស់«សូម​ពិនិត្យ​ពី​លទ្ធ​ភាព​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​បង់​រំលស់​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​អតិថិជន​ និង​លើក​លែង​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ទិញ​អចលនវត្ថុ​ក្នុង​បុរី​និង​អគារ​សហកម្មសិទ្ធិ​នានា ​ក្នុង​ករណី​ដែល​អ្នក​ទិញ​យឺតយ៉ាវ​មិន​បាន​បង់​ប្រាក់​តាម​កាល​កំណត់» រហូត​ដល់​ដំណាច់​ខែ​មីនា ​ឆ្នាំ​២០២២៕

XS
SM
MD
LG