ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​ឈាន​ដល់​ដំណាក់​កាល​ព្យាបាល​អ្នក​ជំងឺ​កូវីដ​តាម​ផ្ទះ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មក​ទទួល​​ការ​ចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ របស់​ក្រុមហ៊ុន​ AstraZeneca​ ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​​សុខភាព​ពិភពលោក (WHO)​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​​ ភ្នំពេញ​ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ​/​វីអូអេ)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មក​ទទួល​​ការ​ចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ របស់​ក្រុមហ៊ុន​ AstraZeneca​ ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​​សុខភាព​ពិភពលោក (WHO)​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​​ ភ្នំពេញ​ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ​/​វីអូអេ)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជា​ឲ្យ​រៀប​ចំ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ស្រាល​នៅ​តាម​ផ្ទះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​។

នៅ​ក្នុង​សារ​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​ត្រូវ​រៀបចំ​ក្រុម​គ្រូ​ពេទ្យ​ចល័ត​ ដើម្បី​ទៅ​ព្យាបាល​អ្នក​ជំងឺ​ស្រាលនៅតាម​ផ្ទះ ប្រសិនបើ​អ្នក​ជំងឺមាន​ផ្ទះ​សម្បែង​សម​រម្យ​សម្រាប់ព្យាបាល និង​អាច​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​បាន។ លោក​បន្ត​ថា​វិធាន​ការ​ព្យាបាល​នៅ​តាម​ផ្ទះ ក៏​ត្រូវ​បានអនុ​វត្ត​ក្នុង​ប្រទេស​ផ្សេងៗ​ដូច​ជា​សហរដ្ឋ​អាមេរិក បារាំងនិងប្រទេស​នៅអឺរ៉ុប​មួយ​ចំនួន​ទៀត។

លោក​ថ្លែង​ថា៖ «យើង​មិន​អាច​ទទួល​អស់​ទេ​ក្នុង​ករណី​មាន​ការ​កើន​ឡើង​ថែម​ទៀត។ អ្នក​ជា​តិច​ អ្នក​ចូល​ច្រើន​។ ទោះ​បី​យើង​រៀបចំ​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ទៀត ក៏​វា​នៅ​តែ​មិន​គ្រប់​ដែរ​។ អញ្ចឹង​វិធីដោះ​ស្រាយ គឺ​មាន​តែ​ទុកអ្នក​ដែល​មាន​វិជ្ជមាន​កូវីដ​ ប៉ុន្តែ​ស្រាល ទុក​ព្យាបាល​នៅ​តាម​ផ្ទះទៅ​វិញ​។ ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​វិនិច្ឆយ​ឲ្យ​បាន​ច្បាស់»។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាលរៀប​ចំ«​ក្រម​ប្រតិបត្តិ»​មួយ​សម្រាប់​ការ​ព្យាបាល​នៅតាម​ផ្ទះ​ ហើយ​ដល់​ពេល​ណា​មួយ នឹង​មាន​ការ​អនុវត្ត ដោយ​សារ​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​២០​កុម្ភៈ​ មិន​ទាន់​ថម​ថយ​នៅ​ឡើយ​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​គិត​ថា​យើង​នឹង​អាច​ឈាន​ទៅ​ដល់​ដំណាក់​កាល​នោះ ក្នុង​ករណី​ដែល​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ មិន​មាន​ការ​ថម​ថយ​ ដូច​ជា​ពេល​នេះ ជា​ពិសេសដែល​វា​បាន​និង​កំពុង​កើត​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល»។

បើ​តាម​លោក ហ៊ុន សែន យ៉ាង​តិច​ណាស់​អ្នក​ជំងឺ​៥០​% មាន​លទ្ធភាព ហើយ​ចង់​ព្យាបាល​នៅ​តាម​ផ្ទះ។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​ផ្តល់​ថវិកា២ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ដល់​អ្នក​ជំងឺ​ស្រាល សម្រាប់ការហូប​ចុក​ផ្សេងៗនៅ​តាម​ផ្ទះ។ លោក​ក៏​បាន​បញ្ជា​ឲ្យ​មាន​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​នៅ​តាមខណ្ឌ​នីមួយ​ៗ ដើម្បី​បំពេញ​ការងារ​ចល័ត​ក្នុង​ការ​ព្យាបាល​តាម​ផ្ទះ​ផង​ដែរ។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​និង​មណ្ឌល​ទូទាំង​ប្រទេស មាន​ចំនួន​១.០០៣នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៧១​នាក់​ទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ចំនួន​២.២៩៣នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ មាន​២៣​នាក់ គិត​ត្រឹមថ្ងៃ​អង្គារ​នេះ។

លោក​ មាស នី អ្នក​វិភាគ​សង្គម បាន​លើក​ឡើង​ថា​ការ​ព្យាបាល​តាម​ផ្ទះ​ជា​វិធីមួយ​ដែល​គេ​អនុវត្តនៅ​ប្រទេស​ផ្សេងៗ ដោយសារ​ការព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​មិន​អាច​ធ្វើ​ទៅ​រួច។ ប៉ុន្តែ​លោក​បារម្ភ​អំពី​ការ​អនុវត្ត​មិន​បាន​ល្អ ដែល​នាំ​ឲ្យ​មាន​ការ​រត់​គេច​ចេញ និង​ឆ្លង​ទៅ​អ្នក​ដទៃ។

លោក​មាន​ប្រសាសន៍​ថា៖ «សូម្បី​តែ​យើង​ទុក​នៅ​ក្នុង​ចត្តាឡីស័ក​ មាន​អ្នក​ខ្លះ​រត់​ចេញ​ទៅ​ទៀត ចុះ​បើ​សិន​ដាក់​ឲ្យ​នៅ​ព្យាបាល​នៅ​តាម​ផ្ទះ តើ​យើង​ត្រូវ​បង្កើន​នូវ​ការ​អប់រំប៉ុនណា ដើម្បី​ឲ្យ​ទាំង​គ្រួសារ ទាំង​អ្នក​ជិត​ខាងបាន​យល់​អំពី​វិធានការ​ហ្នឹង ហើយ​នឹង​ចូល​រួម​ក្នុង​ការ​ព្យាបាល​ជំងឺហ្នឹង​ទាំង​អស់គ្នា។ បើ​មិន​អញ្ចឹង​ទេ វា​នឹង​អាច​ធ្វើ​ឲ្យ​វា​ពិបាក​គ្រប់គ្រង»។

លោក​បន្ត​ថា​ប្រព័ន្ធ​សុខាភិបា​ល​កម្ពុជា​ក៏នៅខ្វះ​ខាតធនធា​ន​មនុស្ស​និង​មធ្យោបាយ​ផ្សេងៗ។ លោក​ជំរុញ​ឲ្យ​រៀបចំ​ផែន​ការ​មួយ​ច្បាស់​លាស់ នៅ​ពេល​អនុវត្ត​ការ​ព្យាបាល​នៅ​តាម​ផ្ទះ។

កាល​ពី​ខែ​មីនា កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ​ ​ដោយ​មានការ​ដាក់​ទោស​ទ​ណ្ឌ​រហូត​ជាប់​ពន្ធនាគារ សម្រាប់​អ្នក​បំពាន​វិធាន​ការ​រដ្ឋ​បាល ​វិធានការ​ចត្តា​ឡីស័ក និង​វិធាន​ការ​ឃុំគ្រង​សម្រាក​ព្យាបាល។ តួយ៉ាង ​អ្នក​បំពាន​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ដល់​៣ឆ្នាំនិងរង​ការ​ពិន័យ​ដល់ទៅ១០​លាន​រៀល​ បើ​សិនជា​បាន​ចម្លង​វីរុស​ដល់​អ្នក​ដទៃ​អំឡុង​ការ​បំពាន៕

XS
SM
MD
LG