ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​កូវីដ​១៩​នៅ​កម្ពុជា ខណៈ​​ការ​ឆ្លង​នៅ​ធ្ងន់ធ្ងរ​នៅ​ឡើយ


រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​សុខាភិបាលកម្ពុជានៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​ម្នាក់​ទៀត​ជា​ជន​ជាតិ​ចិនបាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​មនុស្ស​ជាង​៦០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១​៩។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​បុរស​ជន​ជាតិ​ចិន អាយុ​៤២​ឆ្នាំ រស់​នៅ​Apartment Prince Tower សង្កាត់​វាល​វង់ ខណ្ឌ​៧មករា រាជ​ធានី​ភ្នំពេញ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា វេលា​ម៉ោង​១០​យប់ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត។ ក្រសួង​បន្ត​ថា​អ្នក​ជំងឺ​ត្រូវ​បាន​រក​ឃើញ​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ហើយ​ស្ថាន​ភាព​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់​ធ្ងរ​តាំង​ពី​ចូល​សម្រាក​ពេទ្យ​ដំបូង​។

ក្រសួង​បញ្ជាក់​ថា​បុរស​ជន​ជាតិ​ចិន​នោះ បាន​ស្លាប់​ដោយ​សារ​ខ្សោយ​សួត​ធ្ងន់ធ្ងរនិង​រលា​កសួត​សង​ខាង ក្រោយ​វាយ​ប្រហារ​ដោយ​ជំងឺ​កូវីដ​១៩។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ មាន​ចំនួន​២១​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​២​នាក់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រសួង​សុខា​ភិបាលបាន​ឲ្យ​ដឹង​ថា​មនុស្ស​៦៣​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ទៅ​ដល់​២.២២២នាក់ ចាប់​ពីផ្ទុះ​ឆ្លង​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​។ ករណី​ឆ្លង​ថ្មី​នេះ ភាគ​ច្រើន​មាន​នៅ​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​ស្វាយ​រៀង​។

ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ត​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ទីក្រុង​ភ្នំពេញ ចាប់​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង ៥​ទៀប​ភ្លឺ ក្នុង​រយៈ​ពេល​១៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០​២១​៕

XS
SM
MD
LG