ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​បន្ត​ស្លាប់​ដោយ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​បង្កើន​ការរឹតត្បិត​សកម្មភាព


រូបឯកសារ៖ មនុស្សម្នា នាំគ្នា​ពាក់​ម៉ាស់​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយពី​មាន​ការផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្សម្នា នាំគ្នា​ពាក់​ម៉ាស់​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយពី​មាន​ការផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកជំងឺ​ជា​ស្ត្រី​ចំនួន​២​នាក់​ បាន​ស្លាប់​ដោយ​សារជំងឺ​កូវីដ​១៩ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ធ្វើឲ្យចំនួន​អ្នកស្លាប់​ឡើង​ដល់​១៦​នាក់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

ជនរងគ្រោះទាំងពីរ​ គឺ​ជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​អាយុ​៦៧ និង៧០​ឆ្នាំ​ដោយ​អ្នកជំងឺម្នាក់​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ​និង​លើស​ឈាម​ប្រចាំកាយ។

កម្ពុជា​មាន​អ្នកឆ្លង​សរុប​២.៤៧៧​នាក់ ​និង​សះស្បើយ​១.២៤០​នាក់។ នេះ​បើគិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍។ ​

រដ្ឋាភិបាល​កម្ពុជា​ ដាក់ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ដែល​មាន​ជា​រៀងរាល់​ថ្ងៃ​ដោយ​បាន​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អភិបាល​រាជធានី​ខេត្ត ​រឹត​ត្បិត​ការបម្លាស់​ទី​ ឬ​បិទ​ទីតាំង​និង​តំបន់​ណា​ដែល​ប្រឈម​នឹង​ការ​ឆ្លង​នៃជំងឺ​កូវីដ​១៩។

អនុក្រឹត្យ​មួយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ហាម​ឃាត់​រាល់​ការជួប​ជុំ​ ឬ​ការប្រមូល​ផ្តុំ​ពលរដ្ឋ​លើកលែង​តែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ឯកជន​និង​ការប្រមូល​ផ្តុំ​មនុស្ស​ដើម្បី​វិធានការ​សុខាភិបាល​ និង​កិច្ចការ​មនុស្សធម៌​ជាដើម៕

XS
SM
MD
LG