អាជ្ញាធរមានសមត្ថកិច្ចក្នុងទីក្រុងភ្នំពេញបានចាប់ខ្លួនជនដៃដល់ដែលសង្ស័យថា សម្លាប់សកម្មជនគណបក្សជំទាស់មួយរូប នៅក្នុងខណ្ឌជ្រោយចង្វារ កាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយ។
សកម្មជនមួយចំនួនបានដាក់ការសង្ស័យថា អ្នកដែលត្រូវបានឃាត់ខ្លួននោះទំនងមិនមែនជាឃាតកពិតប្រាកដ និងថាករណីឃាតកម្មលើសកម្មជនគណបក្សជំទាស់លោក ស៊ិន ខុន កាលពីថ្ងៃអាទិត្យ ជារឿងនយោបាយ។
បើតាមសេចក្តីរាយការណ៍ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ការស្លាប់របស់លោកស៊ិន ខុន ផ្តើមចេញពីទំនាស់ពាក្យសម្តីរវាងប្អូនជនសង្ស័យដែលជាជនដៃដល់ និងលោក ស៊ិន ខុន ដែលស្នាក់នៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានលើកឡើងក្នុងន័យដើមថា៖ «តាមការរៀបរាប់របស់ជនដៃដល់បានឲ្យដឹងថាការសម្លាប់ជនរងគ្រោះនេះ គឺខ្លួនក៏មិនបានតាំងចិត្តផ្តាច់ជីវិតជនរងគ្រោះនោះដែរ គឺគិតត្រឹមតែព្រមានប៉ុណ្ណោះព្រោះជនរងគ្រោះគឺជាអ្នកស្នាក់នៅក្នុងវត្តចាស់ ហើយខ្លួនមានប្អូនប្រកបរបរប៉ះកង់ម៉ូតូនៅមុខវត្តចាស់ ឧស្សាហ៍មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ ពោលគឺពេលដែលជនរងគ្រោះចូលវត្តពេលយប់ តែងតែត្រូវបានគេបិទទ្វារវត្តចាក់សោចោល ហើយជនរងគ្រោះតែងរករឿងប្អូនរបស់ខ្លួន ដោយចោទប្អូនខ្លួនថា ជាអ្នកកិបសោទ្វារ»។
ជនដៃដល់បញ្ជាក់ទៀតថា ក្នុងយប់កើតហេតុ គឺនៅថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១ ប្អូនប្រុសខ្លួននៅបន្តមានទំនាស់ពាក្យសម្តីមិនឈប់ លោកក៏ចេញទៅយកកាំបិតផ្គាក់ពីផ្ទះមិត្តភក្តិមកកាប់ជនរងគ្រោះនៅត្រង់ស្មា ដោយគ្មានចេតនាឲ្យស្លាប់ទេ ហើយបានតាមកាប់ជនរងគ្រោះបន្តឲ្យត្រូវជើង តែបានភ្លាត់ទៅត្រូវត្រង់ភ្លៅរបស់ជនរងគ្រោះ នៅពេលជនរងគ្រោះរត់។ ជនដៃដល់ឲ្យដឹងទៀតថា ខ្លួនបានបោះកាំបិតផ្គាក់នោះចោលពេលជនរងគ្រោះដួល។ នេះបើតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ នៅឯសន្និសីទព័ត៌មានក្នុងបរិវេណស្ថានីយប្រេងមួយកន្លែងក្នុងខណ្ឌចម្ការមន កាលពីថ្ងៃអង្គារ មេដឹកនាំសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន មិនធ្វើការសន្និដ្ឋានថា ជនដៃដល់ជាឃាតកពិតប្រាកដទេ ប៉ុន្តែលោកជឿថា ករណីឃាតកម្មលោក ស៊ិន ខុន ជារឿងនយោបាយច្រើនជាងរឿងទំនាស់បុគ្គល។
លោកប្រាប់អ្នកកាសែតថា៖«ករណីថា ចាប់បានឃាតកហ្នឹង ខ្ញុំពេលនេះ ខ្ញុំមិនទាន់ធ្វើការវាយតម្លៃថា ឃាតកហ្នឹងពិត ឬមិនពិតទេប៉ុន្តែបើយើងយោងកន្លងមកនោះ តែងតែជាឃាតកសិប្បនិម្មិត»។
លោកបន្ថែមថា៖ «បើយើងពិនិត្យមើលទៅយុវជនស៊ិន ខុនគាត់ជាយុវជនមួយដ៏សកម្ម។ ខ្ញុំគ្រាន់តែសន្និដ្ឋានជាបឋម ខ្ញុំគិតថារឿងនេះ ពាក់ព័ន្ធនឹងរឿងនយោបាយពីព្រោះបើយើងធ្វើការអង្កេតពីអត្តចរិត ឫកពារបស់គាត់គាត់មិនមែនជាមនុស្សកាចសាហាវមិនមែនជាមនុស្សខិលខូចមិនមែនជាមនុស្សប្រើគ្រឿងញៀនអ៊ីចឹង គាត់ជាអ្នកសិក្សា»។
លោក រ៉ុង ឈុន ដែលទើបត្រូវបានដោះលែងពីពន្ធនាគារក្នុងសំណុំរឿងរិះគន់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តត្បូងឃ្មុំកត់សម្គាល់ថា មានករណីឃាតកម្មលើសកម្មជនមួយចំនួនផ្សេងទៀត ដូចជាអ្នកការពារព្រៃឈើលោក ឈុត វុទ្ធី មេដឹកនាំសហជីព លោក ជា វិជ្ជា និងអ្នកវិភាគនយោបាយលោក កែម ឡីដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនអាចរកឃាតកពិត និងអ្នកទទួលខុសត្រូវក្រោយឃាតកម្មទាំងអស់នោះមកផ្តន្ទាទោសបាននៅឡើយទេ។
សកម្មជនមួយរូបរបស់ក្រុមយុវជនខ្មែរថាវរៈ អ្នកស្រី ឈឿន ដារ៉ាវី យល់ថា គ្រួសាររបស់លោក ស៊ិន ខុន មិនទាន់បានទទួលយុត្តិធម៌ទេ ព្រោះអ្នកស្រីនៅមានចម្ងល់ថា ជនសង្ស័យជាឃាតកពិតប្រាកដសម្លាប់លោក ស៊ិន ខុន ឬយ៉ាងណា។
«ខ្ញុំសោកស្តាយគាត់ជាខ្លាំង ហើយនៅពេលដែលឃើញវត្តមានគាត់ត្រូវបានគេសម្លាប់ ហើយមកដល់ពេលនេះ ភាពយុត្តិធម៌យើងមិនទាន់ឃើញជាក់ស្តែងទេ។ឃើញតែការបង្ហាញពួកដែលក្លែងក្លាយច្រើនជាង។ តែឃាតកពិតយើងមិនទាន់រកឃើញនៅឡើយទេមិនខុសពីលោក កែម ឡី នោះទេ»។
សកម្មជនរូបនោះថា ករណីឃាតកម្មចុងក្រោយលើអតីតសកម្មជនគណបក្សជំទាស់លោក ស៊ិន ខុន មានចរិតជាការគំរាមកំហែងបំបាក់ស្មារតីសកម្មជនផ្សេងទៀត ក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយ។
លោក ស៊ិន ខុន អាយុ៣១ឆ្នាំ ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំសង្កាត់ជ្រោយចង្វារ ត្រូវបានគេរកឃើញថា ស្លាប់នៅយប់ថ្ងៃអាទិត្យរំលងអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា នៅម្តុំវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ដោយជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត។ នេះបើតាមសាច់ញាតិរបស់សកម្មជនរូបនោះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអេង ហ៊ី ប្រាប់វីអូអេនៅថ្ងៃពុធថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ តែលោកមិនអាចបញ្ជាក់ឈ្មោះរបស់ជនសង្ស័យឡើយ។
«អាហ្នឹងសុំសួរទៅខាងអយ្យការ ព្រោះបានប្រគល់ជូនហើយ អយ្យការជាអ្នកដឹកនាំហើយ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផលបញ្ជាក់ប្រាប់វីអូអេតាមប្រព័ន្ធឆ្លើយឆ្លងតេឡេក្រាមនៅវេលាម៉ោងពីររសៀលថ្ងៃពុធថា អយ្យការអមសាលាដំបូងមិនទាន់ទទួលបានសំណុំរឿងខាងលើនៅឡើយទេ។
ហ្វេសប៊ុកកងរាជអាវុធហត្ថនិយាយថា មានការ«ប្រឹងទាញយកករណីឃាតកម្មនេះ ទៅជារឿងនយោបាយ ដោយសារពួកគេគិតខុសថា ជនរងគ្រោះគឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ហើយក៏ព្យាយាមភ្ជាប់ការស្លាប់នេះ ទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា សំណុំរឿងឃាតកម្មលើលោក ស៊ិន ខុនកំពុងត្រូវបានអង្គការសង្គមស៊ីវិលតាមដានយ៉ាងយកចិត្តទុកដាក់ ហើយថាអាជ្ញាធរពាក់ព័ន្ធត្រូវបើកការស៊ើបអង្កេតមួយប្រកបដោយតម្លាភាព ដែលបញ្ចៀសការរិះគន់ថា ឃាតកម្មនេះ មានជាប់ហេតុផលនយោបាយ។ លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «យើងជាអង្គការសង្គមស៊ីវិលហ្នឹង នៅតែទទូចសុំឲ្យមានការស៊ើបអង្កេតដោយតម្លាភាព និងយុត្តិធម៌ ហើយស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងករណីធ្វើឃាតនេះ ឬក៏ករណីឃាតកម្មនេះ យកទៅអនុវត្តតាមផ្លូវច្បាប់ ដើម្បីចៀសវាងនៃការរិះគន់ថា ករណីឃាតកម្មនេះ វាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដោយសារតែលោក ស៊ិន ខុនគឺជាអតីតសកម្មជនយ៉ាងសកម្មរបស់គណបក្សប្រឆាំងផងនោះ»។
បងស្រីរបស់លោក ស៊ិន ខុន អ្នកស្រី ស៊ិន យ៉ុន អាយុ៤២ឆ្នាំ ប្រាប់វីអូអេពីខេត្តតាកែវនៅថ្ងៃពុធថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ការតាមនីតិវិធី ទៅលើជនបង្កដែលសម្លាប់ប្អូនប្រុសរបស់អ្នកស្រី។ អ្នកស្រីថាលោកស៊ិន ខុន មិនមែនជាបុគ្គលចូលចិត្តបង្កជម្លោះឡើយ។
«បើនៅផ្ទះវាវិញ មិនដែលសម្តីតូចសម្តីធំទេ ក្មួយ។ អីក៏អត់ដែលវាយដែរ អត់ដែលប៉ះទេ អត់ជេរទេក្មួយ។ មានតែណែនាំក្មួយឲ្យល្អធ្វើអីចេះមួយ ធ្វើអីចេះមួយ»។
បើតាមទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យដែលសម្លាប់លោក ស៊ិន ខុន បានរត់គេចទៅលាក់ខ្លួននៅស្រុកកំណើតនៅឯខេត្តព្រៃវែង ក្រោយដឹងថា លោក ស៊ិន ខុន បានស្លាប់។ សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យដដែលនេះក៏ធ្លាប់ជាប់ក្នុងពន្ធនាគារមួយឆ្នាំពីបទលួចផងដែរកាលពីឆ្នាំ២០១៩៕