ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​សំឡេង​ភាគតិច​នៃ​រដ្ឋ​​សភា​ស.រ.អា. បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា


លោកស្រី​​ណាន់ស៊ី ប៉េឡូស៊ី​ (Nancy Pelosi)​​ មេ​ដឹកនាំ​សំឡេង​ក្រុម​ភាគ​តិច​នៃ​រដ្ឋ​សភា​ស.រ.អា.។
លោកស្រី​​ណាន់ស៊ី ប៉េឡូស៊ី​ (Nancy Pelosi)​​ មេ​ដឹកនាំ​សំឡេង​ក្រុម​ភាគ​តិច​នៃ​រដ្ឋ​សភា​ស.រ.អា.។

មេ​ដឹកនាំ​សំឡេង​ក្រុម​ភាគ​តិច​នៃ​រដ្ឋ​សភា​ស.រ.អា.​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ហើយដោយ​បាន​លើក​យក​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ សេរីភាព​ជួបប្រជុំ​និង​បញ្ហា​កម្មករ​មក​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​កម្ពុជា។​

នៅ​ទី​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា ​លោកស្រីណាន់ស៊ី ប៉េឡូស៊ី​ (Nancy Pelosi)បាន​ថ្លែង​ថា​ លោកស្រី​បាន​លើក​ពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ ការ​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញ​មតិ ​និង​សិទ្ធិ​ជួប​ប្រជុំ​ អំពើ​ពុករលួយ​ ហើយ​នឹង​ការ​មិន​អនុវត្ត​ត្រឹមត្រូវ​នូវ​សិទ្ធិ​ការងារ​ និង​បញ្ហា​ដីធ្លី​ជាដើម ​នៅពេល​លោកស្រី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនក្នុង​ពេលជួបប្រជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ។​

លោកស្រី ​Pelosi​ សមាជិក​សភា​ និង​ជា​ប្រធាន​ក្រុម​ភាគតិច​មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ​ បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​ថា៖​

«ការ​ពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា​ ដោយ​ស្មោះត្រង់​និង​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​នានា​ទៅ​ថ្ងៃមុខ»។​

លោកស្រី ​Nancy ​Pelosi​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃសៅរ៍​ ក្នុង​ដំណើរ​ទស្សនកិច្ចទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត។​

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ធ្វើឡើង​ដំណាល​គ្នា​នៅពេល​មាន​ការ​រិះគន់​រឿងសិទ្ធិ​មនុស្ស ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​ជាស្រី​ចំនួន​១១​នាក់​ ការ​រិតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ការ​ជួប​ប្រជុំ​ ការ​រំលោភ​សិទ្ធិ​ការងារ​ចំពោះ​កម្មករ ​កម្មការិនី ​ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​ម៉ោង​ និង​ការ​យារយី​នានា។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​និយាយ​ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​ស.រ.អា.​ដឹក​នាំ​ដោយ​លោកស្រី​ Pelosi ​បាន​ជួប​ជាមួយ​នឹង​សមាជិក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្តាប់ទស្សនៈ​របស់​ពួក​គេ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​តុលាការ​ ការ​បោះឆ្នោត​ដោយ​យុត្តិធម៌ ​ការ​រិតត្បិត​បណ្តាញ​អ៊ីនធើណិត ​និង​ការ​រំលោភ​សិទ្ធិ​កម្មករ​រោងចក្រ​ជាដើម។ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា៖​

«បទ​បង្ហាញ​របស់​ក្រុម​សង្គម​ស៊ីវិល​ស្របគ្នា​នឹង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ស្តីពី​រោងចក្រ​កាត់ដេរ​ដែរ​ ដែល​យើង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន»។

លោក​អ៊ូ វីរៈ​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ពី​គោល​នយោបាយ​សាធារណៈ​ ហៅ​ថា ​វេទិការ​អនាគត​ ឬ ​Future Forum​ គឺ​ជា​អ្នក​តំណាង​អង្គការ​មួយ​ដែល​ជួប​ជាមួយ​លោកស្រី ​Pelosi ​និង​ក្រុម​អ្នក​តំណាង​រាស្ត្រ​ចម្រុះ​គណបក្ស។​ លោក​បាន​ថ្លែង​ថា​ ​ការ​យកចិត្ត​ទុកដាក់​របស់​ក្រុម​សភា​ស.រ.អា.​នេះ​ជា​ការ​ពញ្ញាក់​អារម្មណ៍​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​នានា​នៅ​កម្ពុជា។​

«ខ្ញុំ​ថា ​ប្រទេស​កម្ពុជា​ជាប្រទេស​មួយ​មិនមាន​អំណាច​សេដ្ឋកិច្ច​ អំណាច​យោធា ​អំណាច​នយោបាយ​ទេ។​ យើង​ នៅ​ក្នុង​ភ្នែក​គេ​ មិន​មាន​ឥទ្ធិពល​នៅ​ក្នុង​ឆាក​អន្តរជាតិ​ទេ​ ហើយ​ដោយសារ​អញ្ចឹង​ហើយ​ យើង​មាន​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​គេ​នៅ​ធ្វើការ​រិះគន់​ ​ជា​បញ្ហា​កិត្តិយស​មួយ​នៃ​ប្រទេស​យើង»។

លោក​ថ្លែង​ថា​ នេះ​ជា​ទស្សនកិច្ច​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ និង​ស.រ.អា.។​

«ខ្ញុំ​សង្ឃឹម​ថា​ ការ​ទំនាក់​ទំនង​បន្ត​ពិភាក្សា​ទៅលើ​បញ្ហា​សិទ្ធិ​មនុស្ស​រវាង​រដ្ឋាភិបាល​ស.រ.អា.​និង​រដ្ឋាភិបាល​កម្ពុជា ​និង​អ្នក​នយោបាយ​ស.រ.អា.​និង​អ្នក​នយោបាយ​កម្ពុជា​អាច​នឹង​បន្ត។​ ហើយ​ប្រសិន​បើ​ក្នុង​ករណី​ដែល​មាន​ការ​ជជែក​គ្នា​ដោយ​មិន​បាច់​ឈ្លោះ​គ្នា​ ហើយ​ប្រសិន​បើ​មាន​ការ​ជជែក​គ្នា​ ខ្ញុំ​ថា​ ប្រហែល​ជា​យើង​ឈាន​ទៅ​រក​ទំនាក់​ទំនង​មួយ​ល្អ​ជាមួយ​នឹង​ស.រ.អា.​ហើយ ​ហើយ​ការ​ឈាន​ទៅ​រក​ទំនាក់ទំនង​មួយ​ជាមួយ​ស.រ.អា.​ និង​ពិភពលោក​គឺ​ជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផង​ហើយ​ក៏​ជា​រឿង​មួយ​ល្អ​សម្រាប់​មុខមាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ប្រទេស​យើង​ទាំងមូល​ផង​ដែរ»។​

លោក​បាន​បញ្ជាក់​ថា​ នៅ​ទីបំផុត​គឺ​សម្រេច​លើ​កម្ពុជា​ខ្លួន​ឯង​ទេ​ថា​ តើ​ត្រូវ​ជ្រើសរើស​របៀប​យ៉ាង​ម៉េច​ ហើយផល​ប្រយោជន៍​ប្រទេស​យ៉ាង​ម៉េច។ ​លោក​បាន​លើក​ឧទាហរណ៍​ថា​ ​មិន​ត្រូវ​ជិតដិត​តែ​ជាមួយ​ប្រទេស​ចិន​ជ្រុល​ ឬ​មហា​អំណាច​ស.រ.អា.​ជ្រុល​ទេ​ គឺត្រូវ​ទប់​ឲ្យ​មាន​តុល្យភាព​រវាងអំណាច​សេដ្ឋកិច្ច​និង​នយោបាយដែល​លោក​ថា​ នេះ​ជា​គោល​នយោបាយ​ការ​បរទេស​ល្អមួយ។ ​លោក​បាន​សង្កត់​ធ្ងន់​ថា ​អ្នក​វិនិយោគ​ស.រ.អា.​ បើសិន​ជា​គេ​ចង់​មក​វិនិយោគ​ គេត្រូវ​ថ្លឹងថ្លែង​ច្រើន​ ហើយ​អ្នក​ទិញ​នៅ​ស.រ.អា.​ក៏​គិត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ​គឺគេ​មិន​អាច​ទិញ​សម្លៀក​បំពាក់​ដែល​ផលិត​ដោយ​រោងចក្រ​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។

លោកស្រី ​Pelosi​ បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​គឺ​ក្រោយ​ពេល​ ដែល​លោកស្រី​ Michelle Obama ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ជាង​មួយ​សប្តាហ៍​មុន​ដើម្បី​លើក​កម្ពស់​សិស្ស​ស្រី​ឲ្យ​បាន​ទទួល​ការ​អប់រំ​ខ្ពស់៕

XS
SM
MD
LG