ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ពន្យារ​ពេល​ជា​ថ្មី​ទៀត​ក្រោយ​ពី​សវនាការ​បាន​មួយ​ថ្ងៃ


លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។
លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។

បន្ទាប់​ពី​បាន​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​លើសំណុំ​រឿង​សួន​ប្រជាធិបតេយ្យដែល​ចោទ​សកម្មជន​នយោបាយ១១​នាក់​ពី​បទ​អំពើ​ហិង្សា​មក​នោះ​ ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ពន្យារពេល​ម្តង​ទៀត​ ដោយ​បាន​ប្រកាស​ថា​ សវនាការ​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២០​ខែ​មេសា​ក្រោយ​នេះ។​

ទាំង​មេធាវី​ការពារ​ក្តី​ និង​ជន​ជាប់​ចោទ​បាន​ហៅ​ការ​ពន្យារពេល​រឿង​ក្តី​នេះ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ។​

លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖​ «ការ​ពន្យារនេះ​ហេតុ​ផល​នយោបាយ»។ លោក​និយាយ​ដូច្នេះ​ក្រោយ​ពី​សវនាការ​នៅ​តុលាការ​នៅ​ថ្ងៃសុក្រ​នេះ។​

តុលាការ​បានពន្យារពេល​សវនាការ​កាល​ពី​លើក​មុន​ដោយ​សារ​តែ​តុលាការ​មិន​អនុញ្ញាត​ឲ្យអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ​ ​តុលាការ​ក្រុង​ភ្នំពេញ​ទេ។ ហើយ​ថ្ងៃ​នេះ​តុលាការ​បាន​យក​រឿង​ក្តី​សួន​ប្រជាធិបតេយ្យ​ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​១១​រូប​នេះ​ យក​មក​ជំនុំជម្រះ​ឡើង​វិញ។

ក្នុង​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ ​តុលាការ​ទើប​តែ​បាន​សាក​សួរ​ជន​ជាប់​ចោទ​ចំនួន​២​នាក់​ប៉ុណ្ណោះ​គឺ​លោក​ អឿ ណារិទ្ធ​ ជំនួយ​ការ​អ្នក​ស្រី​ មូរ សុខហួរ​ និង​លោក​ឃិន រឿន​ ហៅ​ឃិន ជំរឿន​ ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទី​ក្រុង​ភ្នំពេញ។​ ចំណែក​ឯ​ជន​ជាប់​ចោទ​៩​នាក់​ផ្សេង​ទៀត​ ដែល​រួម​មាន​លោក​មាជ សុវណ្ណារ៉ា​នោះ​ តុលាការ​មិន​ទាន់​បាន​សាក​សួរ​នៅ​ឡើយ​ទេ។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​បី​នាក់​ រួម​មាន​លោក​មាជ សុវណ្ណារ៉ា​ លោក​ អឿ ណារិទ្ធ ​និង​លោក​ឃិន រឿន​ពី​បទ៖ ​«ចូល​រួម​ និង​ដឹក​នាំ​ចលនា​កុប្បកម្ម»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។​

ចំណែក​ឯ​ជន​ជាប់​ចោទ​៨​នាក់​ផ្សេង​ទៀត ​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ថា​ «បាន​ចូល​រួម​ចលនា​កុប្បកម្ម​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា»​នៅ​ទីលាន​សួន​ប្រជាធិបតេយ្យ។​

នៅ​ពេល​សវនាការ​ចាប់​ផ្តើម​ តុលាការ​បាន​ប្រកាស​មិន​ឲ្យ​អ្នក​តំណាងរាស្ត្រ​ចំនួន​៧​រូប​ដែល​ធ្លាប់​ជាប់​ចោទ​ក្នុង​រឿង​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​ រួម​ទាំង​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និងជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ផងនោះ​ ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ​ទេ ​ដោយ​សារ​តែ​សំណុំ​រឿង​ក្តី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​តំណាង​រាស្ត្រ​ទាំង​នោះ។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​អង្គ​សេចក្តី​នោះ​ ​មេធាវី​ការពារ​ក្តី​បាន​ស្នើ​ដោយ​ផ្ទាល់​មាត់​សុំ​ឲ្យជំនុំ​ជម្រះ​សំណើ​ស្នើ​សុំ​ឲ្យជន​ជាប់​ចោទ​ចំនួន​ពីរ​នាក់​គឺ​លោក​ទេព ណារិន ​និង​លោក​ អ៊ុក ពេជ្រ​សំណាង​នៅ​ក្រៅ​ឃុំ។​

លោក​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​បដិសេធ​សំណើ​ស្នើ​សុំឲ្យនៅ​ក្រៅ​ឃុំ​នេះ​ ដោយ​លើក​ហេតុ​ផល​ថា​ តុលាការ​កំពុង​ដំណើរ​ការ​រឿង​ក្តី​នេះ។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ ​កា​រមិន​អនុញ្ញាត​ឲ្យនៅ​ក្រៅ​ឃុំ និង​ការ​ពន្យារ​ពេល​របស់​តុលាការ​ម្តង​ហើយ​ម្តង​ទៀត​អាច​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ។​

លោក​និយាយ​ថា៖​ «អញ្ចឹង​ការ​ទន្ទឹង​រង់ចាំ​នូវ​ភាព​យុត្តិធម៌​របស់​គាត់​ហ្នឹង​គឺ​អូស​បន្លាយ​កាន់​តែ​យូរ​ គឺ​ធ្វើ​ឲ្យ​ ​ទី​មួយ​ប៉ះពាល់​សិទ្ធិ​ ទី​ពីរ​សុខភាព​របស់​គាត់​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ ​ទី​បី​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់​នឹង​ត្រូវ​ចំណាយ​ពេល​វេលា ​និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ទៀត»។​

លោក​ចាន់ ចេន ​មេធាវី​ការពារ​ក្តី​លោក​មាជ សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា ​ការ​ពន្យារពេល​នេះ​ តុលាការ​ហាក់​បី​ដូច​ជា​មាន​អាថ៌​កំបាំង​អ្វី​មួយ​នៅ​ពី​ក្រោយសំណុំ​រឿង​នេះ។

លោក​និយាយ​ថា៖​ «ខ្ញុំ​មិន​យល់​ថា ​តុលាការ​ ហេតុ​អ្វី​បាន​ជា​គាត់​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត​ទេ​ ចេះ​តែ​ពន្យារពេលៗ​ គ្រាន់​តែ​ការ​ពន្យារពេល​ហ្នឹង​វា​ដូច​ជា​មាន​អាថ៌កំបាំង​អ្វី​មួយ​ ជា​ពិសេស​វា​ប៉ះ​ពាល់​សិទ្ធិ​របស់​កូន​ក្តី​ខ្ញុំ​ហ្នឹង​ឯង ​ជា​ពិសេស​ការ​រស់​នៅ​របស់​គាត់​ក្នុង​ពន្ធនាគារ​កាន់​តែ​យូរ​ទៅ​ កាន់​តែ​វែង​ទៅ»។​

សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​មាន​ជន​ជាប់​ចោទ​ចំនួន​១១​នាក់​ ក្នុង​នោះ​មាន​ជន​ជាប់​ចោទ​ចំនួន​៥​នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ និង​៦​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។​

ចំណែក​ឯ​ជន​រង​គ្រោះ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​ចំនួន​៤១​នាក់​ ហើយ​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​តែ​២៣​នាក់​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG