ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កសិកម្ម៖ តម្លៃ​ស្រូវ​អង្ករ​នៅ​តែខ្ពស់​ និង​អាច​ទទួលយក​បាន


រូបឯកសារ៖ អាជីវករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ អាជីវករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ បាន​ច្រាន​ចោល​មតិ​រិះ​គន់​តាម​បណ្តាញសង្គម​ហ្វេស​ប៊ុក​ដែល​បាន​លើក​ឡើង​ថា ​ក្រសួង​មិនមាន​មន្ត្រី​បច្ចេកទេស​ដើម្បី​ចុះ​ជួយ​ស្វែង​រក​ទីផ្សារ ​ដែល​បណ្តាល​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់​ចុះ​ទាប​ មិន​ស្រប​ទៅ​នឹង​តម្លៃ​នៃ​វត្ថុ​ធាតុ​ដើម​ និង​ថ្លៃ​ពលកម្ម​សម្រាប់​ប្រជាកសិករ។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​មួយចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ដើម​សប្តាហ៍​នេះ​ថា​ ការ​លើក​ឡើង​ថា​ក្រសួង​មិន​ជួយ​សម្រួល​ទប់​តម្លៃ​ស្រូវ​អង្ករ​មិន​ឲ្យ​ធ្លាក់​ចុះនោះ​ «​ផ្ទុយ​ពី​ការណ៍​ពិត​ដែល​ក្រសួង​កំពុង​នឹង​បាន​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ ជា​ហេតុធ្វើ​ឲ្យ​សាធារណជន​ដែល​មិន​យល់​ហេតុផល​មាន​ការ​ភាន់​ច្រឡំមក​លើ​រាជ​រដ្ឋាភិបាល​ ជាពិសេស​មក​លើ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ»។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ថែម​ថា ​យោងតាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម «ស្រូវ​នៅ​មាន​តម្លៃ​សមរម្យ​នៅ​ឡើយ លើក​លែង​តែ​ស្រូវ​ដែល​មាន​គុណភាព​អន់​តែ​ប៉ុណ្ណោះ»។

លោក ចាន់ ហេង ​នាយករង​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​កសិកម្ម បានប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​បាន​សហការ​ជាមួយ​រោងម៉ាស៊ីន​កិនស្រូវដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ហើយ​តម្លៃ​ស្រូវ​បាន​ឡើង​ដល់​កម្រិត​ដែល​អាច​ទទួល​យក​បាន​ហើយ។

«តាមពិត​ក្រសួង​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​មាន​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​ហ្នឹង​ចេះ​តែ​ចុះ​យក​អាព័ត៌មាន​ដដែល​ ចេះ​នាំគ្នា​ទៅចុះ​អ៊ីចឹង​ទៅ​ណា​ អ៊ីចឹង​បាន​ក្រសួង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​បាន​ដឹង​ឲ្យ​បាន​ជ្រាប​ហ្នឹង​ណា»។

យោង​តាម​តារាង​តម្លៃ​ស្រូវ​ជា​មធ្យម​លើគណនី​ហ្វេសប៊ុក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ តម្លៃ​ស្រូវ​ក្រអូប​ប្រណិត ​ស្រូវ​សើម​ ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ ក្នុង​ខែ​វិច្ឆិកា​គឺ​ ៩៤០រៀល​ ក្នុង​មួយគីឡូក្រាម ​និង​នៅ​ក្នុង​ខែធ្នូ​ត្រឹម​ថ្ងៃទី​១៣ គឺ​៩២៥រៀល។ ស្រូវ​សើម​ក្នុងខេត្ត​បាត់ដំបង មាន​តម្លៃ​១០៧១​រៀល ក្នុង​មួយ​គីឡូក្រាម​ក្នុង​ខែ​វិច្ឆិកា ​និង​១០៧៩​រៀល ក្នុង​មួយគីឡូក្រាម​ក្នុង​ខែ​ធ្នូ ហើយ​ស្រូវ​សើម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ មាន​តម្លៃ១០៦៩រៀល ក្នុងមួយគីឡូក្រាម​ក្នុង​ខែ​វិច្ឆិកា និង​៩៨៥រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ក្នុង​ខែ​ធ្នូ។

លោក​ ចាន់ សុខឃាង​ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ យល់​ស្រប​ជាមួយ​នឹង​ការ​លើកឡើង​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ ដោយ​ថា​ ស្រូវ​ដែល​មាន​គុណភាព​មិនល្អ​គឺ​មាន​តម្លៃ​ទាប ​ហើយ​ស្រូវ​ដែល​មាន​គុណភាព​ល្អ​គឺ​នៅ​អាច​លក់​ក្នុង​តម្លៃ​ថ្លៃ​ដដែល។

«អត់ទេ​ ស្រូវ​អត់​ទាប​ទេ​ ស្រូវ​ល្អ​តម្លៃ​អត់​ខុស​ពី​ឆ្នាំ​មុន​ទេ​ ដ្បិត​តែ​ឥឡូវ​នេះ​តម្លៃ​ទីផ្សារ​អង្ករ​រាង​ស្រុត​ចុះ​បន្តិច នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ក៏ប៉ុន្តែ​ក៏​តម្លៃ​ស្រូវ​វា​អត់​ខុស​ពីឆ្នាំមុន​ដែរ»។

លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​ទទួល​បាន​ទុន​ចំនួន​៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​រាជ​រដ្ឋាភិបាល​កាល​ពី​ដើម​ខែ​ធ្នូ រោង​ម៉ាស៊ីន​កិនស្រូវ​នានា​កំពុង​រួស​រាន់​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​គ្រប់​តំបន់​ទាំង​អស់។

ទោះ​យ៉ាង​ណា​ លោក​ យ៉ង់ សាំងកុមា​ អ្នក​ជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ CDAC ​មាន​ប្រសាសន៍​ថា រហូត​មកដល់​ពេលនេះ ​តម្លៃ​ស្រូវ​នៅ​តែ​មាន​តម្លៃ​ទាប ​ហើយ​មូល​ហេតុ​ចម្បង​នោះ​គឺ​ដោយសារ​តែទីផ្សារ​អង្ករ​នាំចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ។

«អ្វី​ដែល​សំខាន់ គឺ​ការ​នាំ​អង្ករ​ចេញ​ទៅ​អឺរ៉ុប​ហ្នឹង​ វាធ្លាក់ចុះ​ខ្លាំង អ៊ីចឹង​វា​ប៉ះ វា​ប៉ះពាល់​ដល់​ផល​ចំណេញ​របស់​អ្នករកស៊ី​រោង​ម៉ាស៊ីន អ្នក​រកស៊ី​មួយ​ចំនួន​ហ្នឹង ក៏​គាត់​មិន​ហ៊ាន​ទិញ​ស្រូវ​ស្តុក​ទុក​ច្រើន​ទេ​សម្រាប់​ក្នុង​ការ​នាំចេញ​អ៊ីចឹង»។

បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បាន​កំណត់​ពន្ធ​រយៈពេល​៣​ឆ្នាំ​លើ​អង្ករ​ពី​កម្ពុជា ​និង​ភូមា​ក្នុង​គោល​បំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហគមន៍​អឺរ៉ុប ​ដូចជា​អ៊ីតាលី កាលពី​ខែ​មករា ​ឆ្នាំ​២០១៩ ​ការនាំចេញអង្ករ​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​១៧​ម៉ឺន​តោន មក​ត្រឹម១២​ម៉ឺន​តោន ក្នុង​រយៈពេល​ប្រាំ​បី​ខែ​នៃ​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​កាល​ពី​ពេល​កន្លង​មក។

លោក​ចាន់ សុខ​ឃាង​ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប ​ជួយ​យោគយល់​ដល់​ការ​លំបាក​របស់​ប្រជាកសិករ​កម្ពុជា​ផង​ដែរ។

«សូម​លោក​ជួយ​បើក​ទីផ្សារ​ឲ្យ​ប្រជាកសិករ​ផង។ កុំ​យក​បញ្ហា​នយោបាយ​ជាមួយ​ពាណិជ្ជកម្មយក​មក​ដាក់​ជា​សម្ពាធ​ ដល់​ហើយជួបបញ្ហា​ជាមួយ​ទីផ្សារ​ជួប​បញ្ហា​ជាមួយ​នឹង​កសិករ​ ឲ្យ​ពួកយើង​ខ្ញុំ​ជា​ពាណិជ្ជករ​ទៅ​ដោះ​របៀប​បែប​ម៉េច»។

យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​និង​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​គិត​ត្រឹម​១០ខែ ​ក្នុង​ឆ្នាំ២០១៩ គឺ​មាន​ចំនួន​ ៤៥ម៉ឺន​តោន​ ស្មើ​នឹង​ទឹកប្រាក់​ចំនួន​២៨៦​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG