ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​នៅ​ពោធិ៍សាត់​បន្ត​ព្រួយ​ពី​ទឹកជំនន់​បំផ្លាញ​ស្រូវ ខណៈ​ជីវិត​ប្រឈម​នឹង​បំណុល


អ្នកស្រី ជា ឈត អាយុ៥៤ឆ្នាំ កសិកររស់នៅក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ថ្លែងប្រាប់ VOA កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ស្រូវរបស់​អ្នកស្រី ជា ឈត ជា​កសិករ​រស់ក្នុង​ភូមិបឹង​ឈូក​ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​កាល​ពី​ខែ​តុលា ដោយ​សារ​ជំនន់​ទឹក​ភ្លៀង ដែល​ហូរ​ចេញ​ពី​ស្ទឹង​ពោធិ៍សាត់។

កសិករ​អាយុ​ ៥៤ ​ឆ្នាំ និងមាន​កូន​ ៩ ​នាក់ ហើយ ​៥ ​នាក់​ កំពុងស្ថិត​ក្នុង​បន្ទុក រៀប​រាប់​ថា ជំនន់​ឆ្នាំ​នេះ ប្រៀប​ដូច​ជំនន់ធំ កាល​ពី​ឆ្នាំ ១៩៩៦ ហើយ​បាន​បំផ្លាញ​ស្រែ​របស់​អ្នកស្រី ២​ ហិក​តា។ ការ​បាត់​បង់​ស្រូវ​ដែលអ្នក​ស្រី​ភាគ​ច្រើន​ដាំ​សម្រាប់​ជា​ស្បៀងប្រចាំឆ្នាំ នាំ​ឲ្យ​អ្នកស្រី​ខាត​បង់​ប្រាក់​យ៉ាង​តិច​ ៥០០​ ដុល្លារ​អាមេរិក ហើយ​មិន​អាច​មាន​អង្ករ​ហូប​គ្រប់​គ្រាន់ទេ​សម្រាប់​ឆ្នាំ​ក្រោយ។

អ្នកស្រី​ថ្លែង​ប្រាប់ ​VOA​ ថា៖ «មានធ្វើ​អី​ (បាន) មាន​តែ​ទិញ​ (អង្ករ)​ គេ។ បើ​ធ្វើ​ស្រែ​ប្រាំងកើត ចេះ​តែ​បាន​ហូប​ទៅ ក្រែង​លោ វាមក​អញ្ចឹង​ទៀត​ទៅ ទិញ​គេ​ទៅ»។

កាល​ពី​ថ្ងៃ​សៅរ៍ គ្រួសារ​របស់អ្នកស្រីត្រូវ​បាន​រដ្ឋាភិបាលផ្តល់​ស្រូវ​ពូជ ប្រភេទ​ខា​ ១៥ ចំនួន​ ១០០ ​គីឡូ​ក្រាម​សម្រាប់យក​ទៅ​ដាំ។ ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​ដឹង​ថា​ ដាំ​បាន​ពេល​ណា​នោះ​ទេ ដោយ​រង់​ចាំ​មើល​ស្ថានភាព​ទឹក​ជំនន់​សិន។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បើ​មាន​គេ​ធ្វើ ខ្ញុំ​ធ្វើ​ដែរ ដល់​អត់​ទាន់​មាន​គេ​ធ្វើ ធ្វើ​តែ​ឯង ​ក៏​អត់​កើត​ដែរ។ ទាល់​ធ្វើ​ ធ្វើ​គ្នា​ច្រើន។ កុំ​ឲ្យ​តែ​មាន​ទឹក​ (ជំនន់)។ ខ្លាច​លោ​ទឹក​ឡើង​ទៀត»។

អ្នកស្រី ជា ឈត ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​រាប់ម៉ឺន​នាក់​ទៀត​ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ​នេះ។

រូបឯកសារ៖ ទឹកជំនន់បានជន់លិចផ្ទះសម្បែង និងដីដាំដំណាំរបស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ទឹកជំនន់បានជន់លិចផ្ទះសម្បែង និងដីដាំដំណាំរបស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

របាយការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​ថា​ចាប់​ពី​ដើម​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា ស្រូវ​លិច​ទឹក មានប្រមាណ​២៨៥.០០០​ហិកតា និង​ដំណាំ​រួម​ផ្សំ​លិច​ទឹក​ប្រមាណ​៩៧.០០០​ហិកតា។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ អ្នកស្រី ជា ឈត​បាន​ខ្ចី​ប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ​ពី​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ឈ្មោះ​ហត្ថា​កសិករ​លីមីតធីត ដែល​អ្នកស្រី​ថា​ ដើម្បី​ទិញ​ម៉ូតូ​ឲ្យ​កូន និង​សង​គេមួយ​ចំនួន។ បើ​តាម​ឯកសារ​កម្ចី អ្នកស្រី​ត្រូវ​បង់​ឲ្យ​គេ​មួយ​ខែ​ជាង​ ១០០ ​ដុល្លារ ហើយ​ត្រូវ​បង់​រហូត​ដល់​ខែ​តុលា ឆ្នាំ​ ២០២១។ បំណុល​នេះ ត្រូវ​បាន​បង់​ដោយ​ស្វាមី​របស់​អ្នកស្រី ឈ្មោះ សួន សៀត ដែល​ជា​ទាហាន​ម្នាក់ ទទួល​បាន​ប្រាក់​ខែ​ជាង​ ១ លាន​រៀល។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បារម្ភ​ទាំង​អស់​ហ្នឹង ទាំង​កូន​រៀន ទាំង​សង​បំណុល​គេ​ហ្នឹង។ នៅ​តែ​មួយ​ឆ្នាំ​ទៀត ខ្ញុំ​ផុត​ហើយ(សង​គេ​ចប់)»។

បន្ថែម​ពី​នេះ អ្នកស្រី​ក៏​បាន​ខ្ចី​លុយពី​គ្រួសារ​ឯកជន​ចំនួន​៣​ពាន់​ដុល្លារ ដើម្បីរៀប​ចំ​អាពាហ៍ពិពាហ៍​ឲ្យ​កូន​ប្រុស ដែល​ក្នុង​មួយ​ខែ​អ្នកស្រី​បង់​តែ​ការ​ប្រាក់​ប៉ុណ្ណោះ​ចំនួន​ ២៤ ​ម៉ឺន​រៀល គឺ​ស្មើ​នឹង​៦០​ដុល្លារ។ នេះ​ជា​បន្ទុក​ធ្ងន់​របស់​អ្នកស្រី​មួយ​ចំណែក​ទៀត ដែល​អ្នកស្រី​មិន​ទាន់​ដឹង​ពេល​ណា ទើប​អាច​លោះ​លុយ​ដើម​ជំពាក់​គេ​ ៣​ ពាន់​ដុល្លារ​នោះ។

រស់​នៅ​ក្នុង​ឃុំ​អន្លង់​វិល​ដូច​អ្នកស្រី ជា ឈត ដែរ លោក កែវ ឡេងគី អាយុ​ ៤១ ​ឆ្នាំ ជា​កសិករ​ម្នាក់​ទៀតក្នុង​ភូមិ​ព្រែក​ឈើ​ត្រាវ មាន​ប្រសាសន៍ថា ទឹក​ជំនន់​ឡើង​មក​ ៣​ ដង​ជាប់​គ្នា ហើយ​ជំនន់ចុង​ក្រោយ​បាន​លិច​ស្រែ​របស់​លោក​ ២ ​ហិកតា ដែល​នាំ​ឲ្យ​លោក​ខាត​បង់​ប្រាក់​ប្រមាណ ​១ ​ពាន់​ដុល្លារ។

លោក​មាន​ប្រសាសន៍​ថា៖ «បាន​លក់​រហូត លក់​បាន​ជីវភាព​គ្រាន់​ដោះ​ស្រាយ បាន​គ្រាន់​ធូរ។ ប៉ុន​ឥឡូវ​ចុះ​ខ្សោយ​តិច​ហើយ។ មួយ​ឆ្នាំ​បើ​សិន​ជា​កើត​បាន(ផលិត​បាន) គ្រាន់​ម៉ាហូប​គ្រប់ តែ​អាច​ចំណាយ​លក់​បាន​មួយ​តោន​អី​ដែរ»។

កសិករ​ដែល​មាន​កូន​ ៣ នាក់​ក៏​កំពុង​បារម្ភ​អំពី​ការ​ជំពាក់បំណុលគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដាប់​ប៊ែល​យូប៊ី ហ្វាយ​នែន ប្រមាណ​ ២ ​ម៉ឺន​ដុល្លារ​ បើ​ទោះ​ភរិយា​របស់​លោក​ជា​អ្នក​ទិញ​លក់​ត្រី​ទទួល​បន្ទុក​បង់​គេ ១,​៧​ លាន​រៀល​ (ប្រមាណ ​៤២៥​ ដុល្លារ​)​ ក្នុង​មួយ​ខែ។ លោក​ត្រូវ​បង់​រហូត​ដល់​ខែ​មីនា ឆ្នាំ​ ២០២៣។ នេះ​បើ​តាម​ឯកសារ​កម្ចី​ដែល​ VOA បាន​ពិនិត្យ​មើល។

លោក​មាន​ប្រសាសន៍​ថា៖ «ជាប់​បំណុល​គេ​ហើយ ប្លង់​(នៅ​នឹង​គេ) បើ​សិន​ជា​យើងដោះ​ស្រាយ​មិន​រួច​គេ​រឹប​អូស​យក មាន​តែ​ប៉ុណ្ណឹង»។

លោក ជា ឆាម អាយុ៤៨ឆ្នាំ ជាកសិករក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ថ្លែងប្រាប់ VOA កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
លោក ជា ឆាម អាយុ៤៨ឆ្នាំ ជាកសិករក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ថ្លែងប្រាប់ VOA កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ប្រជាជននេសាទត្រីក្នុងបឹងតូចមួយ ក្រោយទឹកជំនន់ស្អក ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ប្រជាជននេសាទត្រីក្នុងបឹងតូចមួយ ក្រោយទឹកជំនន់ស្អក ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

កសិករ​រូប​នោះ​ក៏​ទទួល​បានពូជ​ស្រូវ​សែន​ក្រអូប​១០០​គីឡូ​ក្រាម​ពី​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន។ ប៉ុន្តែ​លោក​ស្ទាក់​ស្ទើរ​មិន​ទាន់​ហ៊ាន​ដាំនោះ​ទេ ដោយ​សារ​ខ្លាច​ទឹក​លិច។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​ទាន់​ថា​ហ៊ាន​ធ្វើ​ទេ ចាំ​មើល​ពាក់​កណ្តាល​ខែ​១១​នេះ​ទៅ បាន​ខ្ញុំ​អាច​ធ្វើ​បាន។ ធ្វើ​ហើយ ទឹក​ឡើងភ្លឹប​ទៀត អស់​ទាំង​អា​គេ​ឲ្យ​ហ្នឹង អស់​ទាំង​អា​យើង​ទិញ​ថែម អស់​ទាំង​អស់ (ចប់​)ល្មម»។

កាល​ពី​ថ្ងៃអាទិត្យ​ ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​រង​ឥទ្ធិពលព្យុះ​ឈ្មោះ​«អេតូ» ដែល​នឹង​បង្ក​ជា​សម្ពាធ​ទាប​មក​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ការណ៍នេះ​អាច​នឹង​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់នៅ​បណ្តា​រាជធានីខេត្ត​ នៅ​តំបន់​ខ្ពស់​រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាង​កើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ភាគ​ខាង​ត្បូង និង​តំបន់​សមុទ្រ​ផង​ដែរ។

លោក ទូច ស៊ុនលី មេឃុំ​អន្លង់​វិល មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​ ៨០ ​ភាគ​រយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ ១៥០០​ គ្រួសារ​ក្នុង​ឃុំ​របស់​លោក រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹកជំនន់​លិច​ស្រែរបស់ពួកគេ។

លោក​មាន​ប្រសាសន៍​ថា៖ «វា​ពិបាក​ដែរ គ្រាន់​តែ​ថា​វា​មិន​ពិបាក​ទាំង​ស្រុង​ទេ។ ខ្លះ​ក៏​អាច​ស្តារ​អី​ឡើង​វិញ។ អ្នក​នៅ​ជិត​មាត់​ប្រឡាយ ព្រែក​ស្ទឹង​អី​ចឹង​ទៅ អាច​ថា​បាន​ស្រូវ​ពូជ​មក គាត់​អាច​បង្ក​បង្កើន​ផល​វិញបាន​ខ្លះ»។

លោក​បន្ថែម​ថា៖ «អាហ្នឹង​ជន់​ដោយ​ទឹក​ភ្លៀង។ ជំនន់​ទឹក​ភ្លៀង។ ហូរ​ធ្លាក់​ពី​លើ​មក ស្ទឹង​ពោធិ៍សាត់​យើង​ហ្នឹង បាន​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ។ តាម​ការ​ពិត​យើង​រាំង​យូរ​ហើយ ដល់​បាន​ទឹក​មក ហើយ​ស្រូវ​វា​នៅ​ទាប អញ្ចឹង​ទៅ​វា​ប៉ះពាល់ ទឹក​ច្រើន វា​អាច​មិន​ងើប​រួច»។

មេឃុំ​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​សម្រាប់​កសិករ​នៅ​ក្នុង​ឃុំ​របស់​លោក គឺ​កង្វះ​ទឹក​នៅ​រដូវ​ប្រាំង និង​ទឹក​ឡើងច្រើន​នៅ​រដូវ​វស្សា។

ប្រធាន​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ​ថេង សាវឿន ​មាន​ប្រសាសន៍​ថា កសិករ​ភាគ​ច្រើន​គឺ​ប្រមាណ​ ៨០ ភាគរយ​ដែល​ជាប់​បំណុល​គេ។ លោក​បន្ត​ថា​ប្រាក់ ១​ លាន​ទៅ​ ២​ លាន​រៀល ជា​ប្រាក់ដ៏​ច្រើន​សម្រាប់​កសិករ។

លោក​មាន​ប្រសាសន៍​ថា៖ «ធ្វើ​ឲ្យ​ពួកគាត់​កាន់​តែ​មាន​បន្ទុក​ធ្ងន់​ធ្ងរ ហើយ​អាច​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​ដែរ ពី​ព្រោះ​ថាប្រាក់​កាស​ពី​ចន្លោះ​ពី​១លាន​រៀល​ទៅ ២ លាន​រៀល ឬ​ក៏ ​២៥០ ​ដុល្លារ​ទៅ ​៥០០ ​ដុល្លារ​ហ្នឹង គឺ​ច្រើន​ណាស់​ សម្រាប់បង​ប្អូន​កសិករ​និង​ប្រជាពលរដ្ឋ ដែល​ពួកគាត់​ត្រូវ​ការ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បំណុល​ធនាគារ​ហ្នឹង»។

កាល​ពី​ខែ​តុលា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ មាន​ទាំង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ លើក​លែង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់។

លោក កែវ ឡេងគី អាយុ៤១ឆ្នាំ កសិករ ក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ដើរចេញពីក្នុងផ្ទះកាន់ឯកសារកម្ចីមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
លោក កែវ ឡេងគី អាយុ៤១ឆ្នាំ កសិករ ក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ដើរចេញពីក្នុងផ្ទះកាន់ឯកសារកម្ចីមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ប្រឡាយមេស្ថិតក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ដែលជាកន្លែងស្តុកទឹកប្រើប្រាស់នៅរដូវប្រាំង។ (ស៊ុន ណារិន/វីអូអេ)
ប្រឡាយមេស្ថិតក្នុងឃុំអន្លង់វិល ខេត្តពោធិ៍សាត់ ដែលជាកន្លែងស្តុកទឹកប្រើប្រាស់នៅរដូវប្រាំង។ (ស៊ុន ណារិន/វីអូអេ)

លោក ជា ឆាម អាយុ​៤៨​ឆ្នាំ​ជា​កសិករ​ម្នាក់​ទៀត​ក្នុង​ឃុំ​អន្លង់​វិល មាន​ប្រសាសន៍​ថា​ទឹក​ជំនន់​បាន​លិច​ស្រែរបស់​លោក​១​ហិកតា។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​ពឹង​ផ្អែក​លើ​ប្រឡាយ​មេ​មួយ​ក្នុង​ឃុំ​នៅ​រដូវ​ប្រាំង ប៉ុន្តែ​នៅ​រដូវ​វស្សា​ទឹក​ធំ អាច​បណ្តាល​ឲ្យ​លិច​ស្រែ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ។ លោក​ស្នើ​ឲ្យ​កែ​ច្នៃ​ប្រឡាយ​ឲ្យបាន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ហៀ​ចេញ​មក​ក្រៅ​លិច​ស្រែ​របស់​ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​យើង​និយាយ​ថា​នៅ​រដូវ​វស្សា វា​ចោទ​ជា​បញ្ហា​ទឹក​លិច។ តែ​នៅ​រដូវ​ប្រាំង ខ្វះ​ខាត​ទឹក​វិញ។ មិន​បាច់​ឈាន​ដល់​ដំណាក់​កាល​ធ្វើ​ស្រូវ​ប្រាំង​ទេ យើង​និយាយ​ថា​ដាំ​ដំណាំ​តិច​តួច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ខ្វះ​ទឹក​បូម​ផង។ ហើយ​ដល់​បូម​យូរៗ ឈ្លោះ​តែ​គ្នា​ទៀត។ ដណ្តើម​ទឹក​គ្នា»។

ត្រឡប់​ទៅអ្នកស្រី​ជា ឈត​ វិញ អ្នកស្រី​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​កំពុង​រង់​ចាំ​កូន​ប្រុស​ដែលអ្នក​ស្រី​ខ្ចី​លុយ​គេ​រៀប​ការ​ឲ្យ​នោះ​លក់​ដី​ ដើម្បី​សង​ឯកជន ដែល​អ្នកស្រី​ត្រូវ​បង់​២៤​ម៉ឺន​រៀល​ជា​រៀងរាល់​ខែ គ្រាន់​តែ​ការប្រាក់​ប៉ុណ្ណោះ​តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បាន​ថ្ងៃ​ណា ឲ្យ​ថ្ងៃ​ហ្នឹង​ទៅ បង់​តែ​ការ(ប្រាក់​)ឲ្យ​គេ​សិន​ទៅ។ បានៗ​ បណ្តោះ​ៗ​បណ្តើរ​ទៅ។ ចាំ​មើល​កូន គេ​ថា​គេ​លក់​ដី គេ​ជួយ​ចេញ​ពាក់​កណ្តាល​វិញ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG