ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​នឹង​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា​នៅ​សប្តាហ៍ក្រោយ


រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូប​ ​ក្នុង​ចំណោម​៧រូប​ ​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា ​​បាន​ប្រាប់​ VOA ថា​​ សវនាការ​​នា​ពេល​ខាងមុខ​នឹង​មាន​ការ​ចូលរួម​ការពារ​ពី​មេធាវី​របស់​លោក កឹម សុខា ​ចំនួន​៦​រូប ដោយ​រំពឹង​ថា ​តុលាការ​កំពូល​នឹង​អនុញ្ញាត​ឲ្យ​លោក កឹម សុខា ​បាន​នៅ​ក្រៅ​ឃុំ​​ ដើម្បី​ព្យាបាល​ជំងឺ​ ទៅ​តាម​ការ​ស្នើ​សុំ។

តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​សុំនៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា​ នៅ​ថ្ងៃទី​៩ ខែ​មីនា ខណៈ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំងដែល​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ​រូប​នេះ​មាន​បញ្ហា​សុខភាព។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា។

លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូប​ ​ក្នុង​ចំណោម​៧រូប​ ​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា ​ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​បាន​ប្រាប់​ VOA នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា សវនាការនា​ពេល​ខាងមុខ​នឹង​មាន​ការ​ចូលរួម​ការពារ​ពី​មេធាវី​របស់​លោក កឹម សុខា ​ចំនួន​៦​រូប ដោយ​រំពឹង​ថា ​តុលាការ​កំពូល​នឹង​អនុញ្ញាត​ឲ្យ​លោក កឹម សុខា ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​ ទៅ​តាម​ការ​ស្នើ​សុំ។

លោក​មាន​ប្រសាសន៍​ថា៖«តុលាការ​កំពូល​ជា​តុលាការ​មួយ​ដែល​មាន​សុភវិនិច្ឆ័យ​ ហើយ​ជា​តុលាការ​ខ្ពស់​ជាង​តុលាការ​ថ្នាក់​ឧទ្ធរណ៍។ អញ្ចឹង​ខ្ញុំ​យល់ថា ​ក្រុមប្រឹក្សា​ក៏​មាន​ចំនួន​ច្រើន ​នឹង​បាន​ពិចារណា​ទៅលើ​សំណូម​ពរ​របស់​ឯកឧត្តម កឹម សុខា ​ក៏​ដូចជា​ទៅ​លើ​ភស្តុតាង​នានា​ដែល​មេធាវី​ ដាក់​ជូន​សម្រាប់​ឲ្យ​អង្គ​សវនាការ​ពិនិត្យ​ពិច្ច័យ​ និងផ្តល់​យុត្តិធម៌​ឲ្យគាត់​ដើម្បី​បាន​នៅ​ក្រៅឃុំ និង​បាន​ព្យាបាល​ជំងឺ»។

ទោះ​យ៉ាង​ណា​លោក​ថា ​ក្រុមមេធាវី​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ពី​តុលាការ ថា​នឹង​មាន​ការនាំខ្លួន​លោក កឹម សុខា មក​ចូលរួម​សវនាការ​ ដូច​សវនាការ​សាលា​ឧទ្ធរណ៍​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ឬ​យ៉ាង​ណានោះ​ទេ ។

VOA ​មិន​អាច​ទាក់ទងសុំ​ការ​អធិប្បាយ​ពីលោក អ៊ុក គឹមសិទ្ធិ ​អគ្គព្រះរាជ​អាជ្ញា​រង​តុលាការ​កំពូល​បាន​ទេ។

លោក​ ​កឹម សុខា​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ កាលពីដើមខែ​កញ្ញា​ ​ដោយ​ចោទ​លោក​ពី​បទ«ក្បត់ជាតិ»​ ​និង​បញ្ជូនលោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​៦​ខែ​មក​ហើយ។​

កន្លង​មក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ​ដើម្បី​សុំ​ធ្វើ​មោឃ​ភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដោយ​អះអាង​ថា​ ​ការ​ចាប់​ឃុំឃាំង​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ទាំង​កណ្តាល​យប់ ​គឺជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា៕

XS
SM
MD
LG