ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ជំងឺ COVID-19 ធ្វើ​ឲ្យ​វៀតណាម​ប្រែ​ក្លាយ​ពី​ប្រទេស​ទទួល​ជំនួយ​ទៅ​ជា​ប្រទេស​ផ្តល់​ជំនួយ​វិញ


អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសវៀតណាម លោក To Anh Dung ប្រគល់​ប្រអប់​ម៉ាស់​ដល់​ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​វៀតណាម លោក Antonio Alessandro ក្នុង​ពិធី​ប្រគល់​ជំនួយ​មួយ ដែល​វៀតណាម​​ឧត្ថម្ភ​​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស៉្បាញ និង​អង់គ្លេស។

ប្រទេស​ចិន​មិនមែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ជួយ​ប្រទេស​ឯទៀត​ៗ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ COVID-19 ទេ។

ដោយ​ស្លៀក​សម្លៀកបំពាក់​ផ្លូវការ និង​ពាក់​ម៉ាស់​ការពារ ឯកអគ្គរដ្ឋទូត​អឺ​រ៉ុប ៥ នាក់ បានឈរ​នៅ​លើវេទិកា​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​អង្គារ​ទី​៧ ខែ​មេសា​ហើយ​បាន​អបអរ​សាទរ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​វៀតណាម ដែល​បានប្រកាស​ថា​ពួក​គេ​បាន​ឧបត្ថម្ភ​ម៉ាស់​ការពារ​ឱ្យ​ទ្វីប​អឺរ៉ុប។

ក្រៅ​ពី​ការ​ផ្តល់​ម៉ាស់​ការពារ​ចំនួន ៥ សែន ប្រទេស​វៀតណាម​បាន​បញ្ជូន​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​ឱ្យ​ប្រទេស​ចិន កម្ពុជា និង​ឡាវ​កាល​ពី​ប៉ុន្មានសប្តាហ៍​ថ្មីៗនេះ។

នៅ​ពេល​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ​កំពុង​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្តល់​ប្រដាប់ប្រដារ​ពាក់​ការពារ​ខ្លួន​ឱ្យ​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​វៀតណាម​នៅ​តែ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ក៏​ប៉ុន្តែ​ជំងឹ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម​ឈាន​ដល់​ស្ថានការណ៍​មួយ​ដែល​ជួយ​ដល់​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ ដោយ​មិន​គិត​តាម​ទម្លាប់ ប្រទេស​វៀតណាម​ដែល​ធ្លាប់​ជា​ប្រទេស​ទទួល​ជំនួយ ឥឡូវ​នេះ​កំពុង​បង្ហាញ​ថា​ខ្លួន​ក៏​អាច​ជា​ប្រទេស​ផ្តល់​ជំនួយ​ដែរ។

អ្នកស្រី Petra Sigmund អគ្គ​នាយិកា​ទទួល​បន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់ បាន​សរសេរ​នៅ​លើ Twitter ថា៖ « សូម​អរគុណ​ដល់​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ជា​មិត្ត​របស់​យើង។ យើង​គួរ​បន្ត​រួម​សាមគ្គី​គ្នា ហើយ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ»។

នៅ​ក្នុង​សារ​បង្ហោះ​មួយ​ទៀត អ្នកស្រី Sigmund បាន​បង្ហាញ​រូបថត​របស់​អ្នកស្រី​ពាក់​ម៉ាស់​ការពារ និយាយ​អរគុណ​ដល់​ប្រទេស​វៀតណាម ដែល​មាន​ចិត្ត​សប្បុរស​ឧបត្ថម្ភ​ម៉ាស់​ការពារ​ឱ្យ​ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​បដារ​ធំ​មួយ​ដែល​បង្ហាញ​ពី​រូប​មនុស្ស​ពាក់ម៉ាស់ក្នុង​ប្រទេសវៀតណាម ដើម្បី​ណែនាំ​ពលរដ្ឋ​ឲ្យ​អនុត្ត​អនាម័យ​ផ្ទាល់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។
បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​បដារ​ធំ​មួយ​ដែល​បង្ហាញ​ពី​រូប​មនុស្ស​ពាក់ម៉ាស់ក្នុង​ប្រទេសវៀតណាម ដើម្បី​ណែនាំ​ពលរដ្ឋ​ឲ្យ​អនុត្ត​អនាម័យ​ផ្ទាល់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

ស្រប​ពេល​ដែល​មន្ទីរ​ពេទ្យ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​មាន​ការ​ខ្វះខាត​ជា​ច្រើន​នូវ​ម៉ាស់​ការពារ និង​ឧបករណ៍​វេជ្ជសាស្ត្រ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ USAID បាន​សួរ​ក្រុមហ៊ុន​វៀតណាម​អំពី​ការ​ផ្គត់ផ្គង់​សម្ភារៈ​អ្វី​ខ្លះ​ដែល​ក្រុមហ៊ុន​ទាំង​នោះ​អាច​ផលិត​បាន។

ទីភ្នាក់ងារ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ខាង​ចាត់ចែង​កិច្ចការ​គ្រា​មាន​អាសន្ន បាន​បញ្ជាក់​ថា ពួកគេ​បាន​បង្កើត «ការ​ដឹកជញ្ជូន​តាម​យន្តហោះ» ដើម្បី​ដឹក​ប្រដាប់ប្រដារ​វេជ្ជសាស្ត្រ​ឱ្យ​បាន​ឆាប់​រហ័ស​ពី​ប្រទេស​វៀតណាម​មក​កាន់​សហរដ្ឋ​អាមេរិក បន្ថែម​ពី​លើ​ការ​ដឹក​ជញ្ជូន​ឧបករណ៍​វេជ្ជាសាស្ត្រ​ទាំង​នេះ មក​ពី​ប្រទេស​ថៃ ឥណ្ឌា និង​ហុងឌុយរ៉ាស់​ជាដើម។

ស្ថានទូត​វៀតណាម​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា ខ្លួន​បាន​បង្កើត​បណ្តាញ​ទំនាក់ទំនង​ដោយ​ផ្ទាល់​មួយ​ជាមួយ​នឹង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ និង​ក្រសួង​សុខាភិបាល​និង​សេវាកម្ម​មនុស្ស​របស់​សហរដ្ឋ​អាមេរិក។

កាសែត Nhan Dan ដែល​ជា​សារព័ត៌មាន​ផ្លូវការ​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម បាន​រាយការណ៍​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា៖ «នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​របស់​ប្រទេស​វៀតណាម​ដឹក​ជញ្ជូនប្រដាប់ប្រដារ​ពាក់​ការ​ពារ​ខ្លួន និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទៅ​កាន់​ទីផ្សារ​ក្នុង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ កាសែត​នេះ​បាន​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ឱ្យ​ផលិត​ប្រដាប់ប្រដារ​វេជ្ជសាស្ត្រ​សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​ឯ​ក្រៅ​ប្រទេស។

អត្ថបទ​ក្នុង​គេហទំព័រ​កាសែត​នេះ​បាន​កត់​សម្គាល់​ថា មាន​ឱកាស​មួយ​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក ដែល​ត្រូវការ​ទិញ​ម៉ាស់​ការពារ​ប្រភេទ N95 ចំនួន ៥០០ លាន វ៉ែនតា​ពាក់​ការពារ​ភ្នែក​ចំនួន ១០ លាន និង​ស្រោមដៃ ១ ពាន់​លាន​គូ។

ទោះ​ណា​ជា​ប្រទេស​វៀតណាម​ជាប្រទេសជាតិ​មួយ​កំពុង​អភិវឌ្ឍ​ហើយ​មាន​សេដ្ឋកិច្ចតូច​ជាង​រដ្ឋ​ California ក៏​ដោយ ក៏​ការ​រួម​ផ្សំ​កត្តា​មួយ​ចំនួន​អាច​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​បំពេញ​ការ​ខ្វះ​ខាត​ខ្លះ​ដែល​បណ្ដាល​មក​ពី​ភាព​អាសន្ន​បន្ទាន់​នៃ​វិបត្តិ​ជំងឺ COVID-19។

ប្រទេស​វៀតណាមបាន​ចាត់​វិធានការ​យ៉ាង​លឿន​ចំពោះ​ភាព​អាសន្ន​នៃ​ជំងឺ​នេះ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទាប ដែល​មាន​ចំនួន ២៦០ ករណី​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី ១២ ខែ​មេសា ហើយ​ស្ថិរភាព​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​អាច​ជួយ​ប្រទេស​ឯទៀត​បាន។

ប្រទេស​ដែល​មាន​គណបក្ស​តែ​មួយ​នេះ បាន​បញ្ជា​ឱ្យ​មាន​ការ​បិទ​ការ​ដើរហើរ​នៅ​ទូទាំង​ប្រទេស ហើយ​បាន​ប្រមែប្រមូល​ធនធាន និង​មនុស្ស​ដែល​ក្នុង​នោះ​មាន​ទាំង​បុគ្គលិក និង​អ្នក​ស្ម័គ្រចិត្ត​ខាង​ផ្នែក​សុខាភិបាល​ផង​ដែរ។

កាល​ពី​សប្ដាហ៍​ទី​មួយ​នៃ​ខែ​មេសា អាជ្ញាធរ​វៀតណាម​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​នានា​បង្កើន​ការ​ផលិត​ម៉ាស់​ការពារ​ឱ្យ​បាន​ដល់ ៥ លាន​ក្នុង​មួយ​ថ្ងៃ។

ក្រៅ​ពី​មាន​ប្រវត្តិ​ដែល​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ជា​រៀងរាល់​ថ្ងៃ ប្រទេស​វៀតណាម​មាន​សេដ្ឋកិច្ច​ផ្អែក​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​លក់​ឯ​ក្រៅ​ប្រទេស ដែល​ភាគ​ច្រើន​គ្រប​ដណ្តប់​ដោយ​រោងចក្រ​ផលិតកម្ម។ រោងចក្រ​ទាំង​នេះ​គឺ​ជា​មូលដ្ឋាន​ស្រាប់​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​បង្វែរ​ផលិតកម្ម​របស់​ពួក​គេ​ទៅ​ជា​ផលិត​ប្រដាប់ប្រដា​វេជ្ជសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្ថានការណ៍​បន្ទាន់។

ជា​ឧទាហរណ៍ ក្រុមហ៊ុន Vingroup ដែល​ជា​មហា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ចាប់ផ្តើម​ផលិត​ប្រដាប់​ជួយ​ដក​ដង្ហើម និង​ប្រដាប់​ស្ទង់​សីតុណ្ហភាព​រាងកាយ​ជា​លើក​ដំបូង។

អ្នកស្រី Le Thi Thu Thuy ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន Vingroup បាន​និយាយ​ដូច្នេះ​ថា៖ « ក្រុមហ៊ុន Vingroup មាន​ប្រៀប​ដោយសារ​មាន​រោងចក្រ​ផលិត​ឡាន​ផង និង​រោងចក្រ​ផលិត​ឧបករណ៍​អេឡិចត្រូនិច​ផង ដែល​ធ្វើ​ឲ្យ​យើង​អាច​ផលិត​គ្រឿង​បន្លាស់​ធំៗ និង​គ្រឿង​យន្ត​បាន ក៏​ដូចជា​អាច​ផលិត​គ្រឿង​បន្លាស់​ដែល​ពិបាក​រក និង​គ្រឿង​បន្លាស់​តូចៗ​ផង​ដែរ​ដូចជា​បន្ទះ​ឧបករណ៍​អេឡិចត្រូនិច​ជាដើម»។

សហ​សេវិក​ម្នាក់​របស់​អ្នកស្រី Le Thi Thu Thuy បាន​និយាយ​ថា ប្រដាប់ប្រដារ​វេជ្ជសាស្ត្រ​នឹងត្រូវ​បញ្ជូន​ទៅ​ប្រទេស​ក្រៅ​នៅ​ពេល​អនាគត ពីព្រោះ​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​លក់​ឧបករណ៍​វេជ្ជសាស្ត្រ​ឱ្យ​ក្រសួង​សុខាភិបាល​រហូត​ដល់​បំពេញ​សេចក្តី​ត្រូវការ​គ្រប់គ្រាន់​ក្នុង​ប្រទេស​ជាមុន​សិន។

លោក Nguyen Viet Quang ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Vingroup បាន​និយាយថា ក្រុមហ៊ុន​លោក​នឹង​ចាប់ផ្តើម​ប្រគល់​ប្រដាប់​ជួយ​ដក​ដង្ហើម​ចំនួន ៥ ពាន់​គ្រឿង ឱ្យ​ក្រសួង​សុខាភិបាល​នៅ​សប្តាហ៍​ទី ៣ នៃ​ខែ​មេសា​នេះ ហើយ​សង្ឃឹម​ថា​នឹង​អាច​ផលិត​ប្រដាប់​ជួយ​ដក​ដង្ហើម​រាប់​ម៉ឺន​គ្រឿង​ក្នុង​មួយ​ខែ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG