ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពីមាន​ការ​រឹប​អូស​គ្រឿង​ញៀន​ជា​ច្រើន​ បញ្ហា​វិបត្តិ​អាភៀន​កំពុងលេច​ឡើង​នៅ​ទ្វីប​អាស៊ី​


រូបឯកសារ៖ ប៉ូលិសភូមាតម្រៀបគ្រឿងញៀនរឹបអូសបាន នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន នៅក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ ប៉ូលិសភូមាតម្រៀបគ្រឿងញៀនរឹបអូសបាន នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន នៅក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

តំបន់​ភ្នំ​នៅ​ក្នុង​ប៉ែក​ឦសាន​នៃ​ប្រទេស​ភូមា​ក្នុង​តំបន់​ត្រីកោណ​មាស​មាន​ព្រៃ​របោះ​ជា​កន្លែង​ងាយ​ស្រួល​ក្នុង​ការ​លាក់​ម៉ាស៊ីន​មួយ​ចំនួន​ដែល​មាន​រូប​រាង​ដូច​រូប​យន្ត​ ក៏​ប៉ុន្តែ​ការពិត​ វា​ជា​ម៉ាស៊ីន​សម្ពាធ​រ៉េអាក់ទ័រ​ ​ស្ល​គ្រៀង​ញៀន​មានគ្រឿង​អាភៀន។​ អាជ្ញាធរ​ឲ្យ​ដឹង​ថា ​គ្រឿង​ញៀន​មេតំហ្វេតាមីន​ចំនួន​១៩៣​លាន​គ្រាប់​និង​គ្រឿង​ញៀន​ឯទៀតៗ​បាន​ត្រូវ​រឹប​អូស​នៅ​ក្នុង​អ្វី​ដែល​អ.ស.ប.​និយាយ​ថា​ជា ការ​រឹបអូស​គ្រឿង​ញៀន​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ទ្វីប​អាស៊ី។​

គ្រឿង​ញៀន​ប្រភេទ​ថ្មី​មួយ​ក្នុង​តំបន់អាស៊ី​

ជន​ជាតិ​ភូមា​និង​ពួក​ជន​បរទេស​ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​៣៣​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ឆ្មក់​ឆែកឆេរ​ដែល​គេ​និយាយ​ថា​ជា​ការ​ឆ្មក់​ឆែកឆេរ​មិន​ធ្លាប់​មាន​ពី​ពេល​មុនៗ​គឺ​ មិន​មែន​គ្រាន់​បរិមាណ​គ្រឿង​ញៀន​ដែល​បាន​ត្រូវ​រឹប​អូសច្រើន​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​មាន​គ្រឿង​ញៀន Fentanyl ​ផង​ដែរ។​ ការណ៍​នេះ​ហាក់​ដូច​ជា​លើក​ដំបូង​ហើយ​ដែល​ពួក​មន្ត្រី​នៅ​ក្នុង​តំបន់​នោះ​រឹប​អូស​យក​បាន​ fentanyl ​និង​គ្រឿង​អាភៀន​ដែល​ជា​គ្រឿង​ញៀន​មាន​ទាក់​ទិន​នឹង​ការ​ស្លាប់​មនុស្ស​រាប់​សែន​នាក់​នៅ​ក្នុង​វិបត្តិ​គ្រឿង​អាភៀន​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាមេរិក។​តំបន់​ត្រីកោណ​មាស​នៃ​ប្រទេស​ភូមា​ថៃ​និង​ប្រទេស​ឡាវ​បាន​ត្រូវ​ស្គាល់​ជា​ប្រវត្តិ​សាស្ត្រ​ថា​ ជា​កន្លែង​ប្រជែង​នឹង​ប្រទេសអាហ្វហ្កានីស្ថាន​សម្រាប់​ពាណិជ្ជ​កម្ម ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ ក៏​ប៉ុន្តែ​ការ​រឹប​អូស​យក​បាន​គ្រឿង​ញៀន​ក្នុង​ខែ​នេះ​បង្ហាញថា ​ កន្លែង​នេះ​ងាក​ទៅ​ផលិត​គ្រឿង​ញៀន​អាភៀន​សំយោគ​វិញ។​

លោក​វរសនីយ៍​ឯក ​Zaw Lin ​ជា​ប្រធាន​ខាង​ការ​ពង្រឹង​ច្បាប់​នៃ​គណៈ​កម្មាធិការ​កណ្តាល​ខាង​ការ​គ្រប់គ្រង​គ្រឿង​ញៀន​នៃ​ប្រទេស​ភូមា។​ លោក​បាន​និយាយ​ថា ​លោក​«ពេញ​ចិត្ត»​នឹង​ជោគជ័យ​នៃ​កិច្ច​ប្រតិបត្តិការ​រួម​គ្នា​ជា​មួយ​ការិយាល័យ​អ.ស.ប.​ខាង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម។​ ជោគជ័យ​នេះ​ធ្វើ​ឱ្យ​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​នេះ​ទទួល​បាន​ជ័យ​ជម្នះ​ខាង​ផ្លូវ​ច្បាប់​។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​គ្មាន​ជោគជ័យ​នេះ​ទេ​អាច​ប្រទេស​នេះ​ត្រូវ​បន្ទាប​ដោយ​សារ​មាន​វិបត្តិ​ច្រើន​ មាន​រួម​បញ្ចូល​បញ្ហា​ជំងឺ​កូវីដ១៩​ បញ្ហា​ជន​ភៀស​ខ្លួន​ រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ និង​ការ​ចាប់​ពួក​អ្នក​កាសែត​ដាក់​ពន្ធនាគារ​ជាដើម។​

លោក​វរសនីយ៍​ឯក​ Zaw Lin ​ឲ្យ​ដឹង​ថា​ មាន​ការ​ងារ​ច្រើន​ថែម​ទៀត​ត្រូវ​ធ្វើ។​

លោក​បាន​និយាយ​ថា៖​ «យើង​ដឹង​ច្បាស់​លាស់​អំពី​ឧបសគ្គ​ដែល​យើង​ប្រឈម។​ ពួក​ឧក្រិដ្ឋ​ជន​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​និង​ពួក​ឃុប​ឃិត​ពុក​រលួយ​ត្រូវ​តែ​នាំ​ខ្លួន​ទៅ​ឱ្យ​តុលាការ​កាត់​ទោស។

គ្រឿង​ញៀន​ច្រើន​ប្រភេទ​

ពួក​យោធា​និង​ពួក​ប៉ូលិស​ភូមា​បាន​ធ្វើការ​ជាមួយ​ការិយាល័យ​នេះ​របស់​អ.ស.ប.​អំពី​ការ​ស៊ើប​អង្កេត​នេះ​ដែល​ពួក​គេ​និយាយ​ថា​ មាន​ការ​ភ្ជាប់​ការ​ទាក់​ទង​ជា​មួយ​ពួក​ឧក្រិដ្ឋ​ជន​មាន​អង្គការ​ចាត់​តាំង​និង​ពួក​ជីវពល​ផង​ដែរ។​ នៅ​វាល​ស្មៅ​មួយ​ក្នុង​រដ្ឋ​ Shan ​ ​ពួក​អ្នក​ពង្រឹង​ច្បាប់​បាន​ដាក់​តាំង​វត្ថុ​ដែល​ពួក​គេ​រឹប​អូស​បាន។​ វត្ថុ​ទាំង​នេះ​មាន ​គ្រីស្ទាល់​មេតំហ្វេតាមីន ​ដាក់​បន្លំ​នៅ​ក្នុង​កញ្ចប់​តែ​បៃតង​ គ្រាប់​គ្រឿង​ញៀន​មេតំហ្វេតាមីន​ដាក់​ក្នុង​ថង់​ពណ៌​លឿង​និង​សារធាតុ​គីមី​ក្នុង​ធុង​ប្លាស្ទិក​ពណ៌ខៀវ។​

ពួក​មន្ត្រី​បារម្ភ​ថា​ ​ការ​រក​ឃើញ​ទាំង​នេះ​ដែល​រួម​មាន​គ្រឿន​ញៀន​ methyl fentanyl ​ចំនួន​៣​ពាន់​៧​រយ​លីត្រ​នាំ​ឱ្យគេ​យល់​ថា ទ្វីប​អាស៊ី​អាច​ជា​កន្លែង​មាន​បញ្ហា​ គ្រឿង​អាភៀន​សំយោគ​របស់​ផង​ខ្លួន​ផ្ទាល់។​

លោក​ Jeremy Douglas ​ជា​អ្នក​តំណាង​សម្រាប់​អាស៊ី​អាគ្នេយ៍​និង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​ឯ​ការិយាល័យ ​UNODC។​ ថ្លែង​អំពី​ទំហំ​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ ​លោក​បាន​និយាយ​ថា៖​« អ្វី​ដែល​យើង​បាន​រក​ឃើញ​តាម​រយៈ​កិច្ច​ប្រតិបត្តិការ​នេះ​ជា​ការពិត​ដូច​ដែល​បាន​គិត​ទុក​ជា​មុន»។​

លោក​បាន​ថ្លែងថា៖​ «យើង​បាន​ប្រមើរមើល​ដំណើរ​រឿង​នេះ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ ហើយ​នៅ​ពេល​នេះ​យើង​អាច​និយាយ​បាន​ថា​ ការណ៍​នេះ​កើត​មាន​មែន»។​

អាជ្ញាធរ​រឹប​អូស​យក​បាន​កាំ​ភ្លើង​ គ្រឿង​ឧបករណ៍​មន្ទីរ​ពិសោធន៍​និង​សារធាតុ​គីមី​ចំនួន​៣៩​មុខ​ដែល​ពួក​គេ​និយាយ​ថា​ បាន​ត្រូវ​ដឹក​ជញ្ជូន​កាត់​តាម​ប្រទេស​ចិន​ ឥណ្ឌា​ ថៃ​ វៀតណាម​និង​ប្រទេស​ឡាវ។​

ពួក​មន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា​ ពួក​គេ​រឹប​យក​បាន​ ហេរ៉ូអ៊ីន​ អាភៀន ​និង​ម៉ហ្វីន ។​ ពួក​គេ​ក៏​បាន​ថ្លែង​ដែរ​ថា​ ការ​កោស​យក​ជ័រ​ពី​ផ្កា​អាភៀន​ដើម្បី​ផលិត​គ្រឿង​ញៀន​ទាំង​នេះ​បាន​ចុះ​ថយ​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​ការណ៍​នេះ​បាន​នាំ​ឱ្យ​គេ​យល់​ថា​ មាន​ការ​ងាក​ទៅ​កាន់​ការ​ផលិត​គ្រឿង​ញៀន​សំយោគ​វិញ។​

ការិយាល័យ ​UNODC ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ការ​រក​ឃើញ​គ្រាប់​គ្រឿង​ញៀន​មេតំហ្វេតាមីន​បន្តិច​បន្តួច​ពី​ដំបូង​បាន​នាំ​ឱ្យ​មាន​ការ​ចាប់​បាន​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់​តាំង​ពី​ខែ​កុម្ភៈ​ដល់​ខែ​មេសា​ដោយ​រឹបអូស​យក​បាន​គ្រឿង​ញៀន​ជា​ច្រើន​តោន​ហើយ​ក៏​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ពាក់​ព័ន្ធ​រាប់​សិប​នាក់​ផង​ដែរ។​

លោក​វរសេនីយ៍​ឯក​ Zaw Lin ​បាន​មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា​ ប្រទេស​នៅ​ជិត​ខាង​ប្រទេស​ភូមា​ក៏​នឹង​ចាត់​វិធាន​ការ​មុះមុត​ដូច​គ្នា​ដែរ​ហើយ​ថា​សារ​របស់​លោក​ដល់​ពួក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​គឺ​ថា៖​«ការ​ជួញ​ដូរ​របស់​ពួក​គេ​ក្នុង​ប្រទេស​ភូមា​ជិត​ដល់​ថ្ងៃ​បញ្ចប់​ហើយ»៕​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ​

XS
SM
MD
LG