ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​យូនីសេហ្វ​អំពាវ​នាវ​ឲ្យ​​ទប់ស្កាត់​ការ​ប្រឈ្លោះ​និង​បៀតបៀន​យុវជន​ប្រើ​ប្រាស់​អ៊ីនធឺណេត


រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​​ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​​ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/VOA)

ក្នុង​ទិវា​សុវត្ថិភាព​អ៊ីនធឺណេត អង្គការ​យូនីសេហ្វ (UNICEF) ​ដែល​ជា​អង្គការ​​អន្តរជាតិ​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​និង​សុខុមាលភាព​កុមារ​បាន​ចេញ​​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អំពាវ​នាវ​ឲ្យ​មាន​សកម្មភាព​រួមគ្នា​ទប់ស្កាត់​ការ​រក​រឿង​ឈ្លោះ ​និង​បៀត​បៀន​​លើ​យុវជន​កម្ពុជា ​ដែល​កំពុង​ប្រើ​ប្រាស់​អ៊ីនធឺណេត។

អង្គការ​យូនីសេហ្វ ​(UNICEF)​ ដែល​ជា​អង្គការអន្តរជាតិ​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​និង​សុខុមាល​ភាព​កុមារ​ បាន​អំពាវ​នាវ​ឲ្យ​មាន​សកម្មភាព​រួមគ្នា​ទប់ស្កាត់​ការ​រក​រឿង​ឈ្លោះ ​និង​បៀតបៀន​លើ​យុវជន​កម្ពុជា​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណេត។

ក្នុង​ទិវា​សុវត្ថិភាព​អ៊ីនធឺណេត នៅ​ថ្ងៃទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ ​អង្គការ​យូនីសេហ្វ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ ដោយ​រំឭក​ដល់​ការ​ពិនិត្យ​មើល​ទ្បើង​វិញ​នូវ​ការ​យក​ចិត្ត​ទុកដាក់​អំពី​សិទ្ធិ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​របស់​កុមារ ​ក្រោយ​រយៈពេល​៣០​ឆ្នាំ​នៃ​ការ​អនុម័ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ និង​ការ​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណេត។​

អង្គការ​យូនីសេហ្វ​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ​នៅ​ថ្ងៃអង្គារ​នេះ​ យូនីសេហ្វ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​ ការរក​រឿង​ឈ្លោះ ​និង​ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ចំពោះ​យុវជន​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ទៅ​២៥​ឆ្នាំ​ចំនួន​៨៥,៧​ភាគរយ ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណេត​នៅ​កម្ពុជា។ ​អង្គការ​អន្តរជាតិ​ផ្នែក​កុមារ​មួយ​នេះ​ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​រួមគ្នា​ដើម្បី​ឆ្លើយ​តប ​និង​ទប់ស្កាត់​អំពើ​ហិង្សាលើ​កុមារ​ និង​យុវជន​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​ដដែល​បាន​ស្រង់​សម្តី​របស់​អ្នក​ស្រី​ណាតាសា​ ផាឌីសុន ​នាយិកា​ស្តីទី​យូនីសេហ្វ​ប្រចាំ​កម្ពុជា​តាម​ន័យ​ដើម​ថា៖

«យើង​បាន​ដឹង​ពី​កុមារ​និង​យុវជន​នៅ​ទូទាំង​សកលលោក​យ៉ាង​ច្បាស់​ថា ​ប្រព័ន្ធ​អ៊ីនធឺណេត​បាន​ក្លាយ​ជា​ប្រព័ន្ធ​គ្មាន​ក្តី​មេត្តា។ ហេតដូច្នេះ​ហើយ​បាន​ជា​ក្នុង​ទិវា​សុវត្ថិភាព​អ៊ីនធឺណេត​នៅ​ថ្ងៃនេះ ​យូនីសេហ្វ​បាន​ចូលរួម​ជាមួយ​កុមារ ​និង​យុវជន សំណូមពរ​ឲ្យ​គ្រប់គ្នា​មាន​ក្តីសណ្តាសប្រណី​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​តាម​ប្រព័ន្ធ​អនឡាញ ​និង​អំពាវនាវ​ឲ្យ​ចាត់​វិធាន​ការ​កាន់​តែ​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​អ៊ីនធឺណេត​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​គ្រប់​គ្នា»។​

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណេត​នៅ​កម្ពុជា​ គឺ​មាន​អាយុ​កាន់​តែ​តិច​ទៅៗ។ ក្នុង​ចំណោម​កុមារ​អាយុ​១៥ឆ្នាំ​ទាំងអស់គឺ​មាន​៤,៥​ភាគរយ​កំពុង​ប្រើ​ប្រាស់​អ៊ីនធឺណេត។ ​ខណៈ​ដែល​សិស្ស​មាន​អាយុ​កាន់​តែច្រើន​ កាន់​តែ​ងាយ​ប្រឈម​នឹង​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ​បើ​ធៀប​នឹង​សិស្ស​ដែល​មានអាយុ​តិច​ជាង​ ហើយ​កុមារ​គឺ​ជា​ក្រុម​ដែល​ងាយ​រងគ្រោះ​ពី​ព័ត៌មាន​គ្រោះថ្នាក់ ​ការ​កេង​ប្រវ័ញ្ច ​ការ​រំលោភ​បំពាន​ផ្លូវភេទ ​និង​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ផង​ដែរ។​

ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ​ ហើយវា​អាច​កើត​លើ​មនុស្ស​ជាច្រើន​នាក់។ ​សកម្មភាព​និង​ព័ត៌មាន​បៀតបៀន​ទាំង​នោះ​នៅ​តែ​មាន​វត្តមាន​នៅ​លើ​ប្រព័ន្ធ​អនឡាញ​ដោយ​គ្មាន​ពេល​កំណត់​ ពោល​គឺ​នៅ​តែ​តាម​ធ្វើ​បាប​ជនរងគ្រោះ​តាម​ប្រព័ន្ធ​អនឡាញ​ពេញ​មួយ​ជីវិត។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​អំពី​ផល​ប៉ះពាល់​តាម​ន័យ​ដើម​ថា៖​

«ជន​រងគ្រោះ​ដោយសារ​ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​អាច​រង​ផល​ប៉ះ​ពាល់​ដោយ​ទំនង​ជា​ឈាន​ទៅ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​គ្រឿង​ញៀន ​និង​គេច​មិន​ចូល​រៀនជាង​សិស្ស​ដទៃ​ទៀត។ ​ពួកគេ​ក៏​ច្រើន​តែ​ទទួល​បាន​ពិន្ទុ​ទាប ​និង​ផ្តល់​តម្លៃ​ឲ្យ​ខ្លួន​ឯង​ទាប ​ក៏​ដូចជា​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន។ ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​អាចនាំ​ឲ្យ​មាន​ការធ្វើ​អត្តឃាត​ក៏​មាន»។​

លោក​មាស ប៊ុនលី ​មន្រ្តី​ទំនាក់​ទំនង​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ ​ប្រាប់ VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​នៅ​កម្ពុជា​កើត​មាន​ឡើង​ជាច្រើន​រូប​ភាព​ ដូចជា​ការ​ជេរ​ប្រមាថ ​ការ​វាយ​ប្រហារ ​ការ​បង្អាប់​បន្ទោស​ជាដើម។ ​លោក​បន្ថែម​ថា ករណី​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណែត​ដែល​រងការ​វាយ​ប្រហារ។​

ដោយ​បញ្ជាក់ពី​មូលហេតុ​ដែល​កម្ពុជា​មាន​ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ច្រើន​យ៉ាង​ លោក​មាស ប៊ុនលី​ បន្ថែមដូច្នេះ​ថា៖​

«នៅ​សាលារៀន​ក៏​មិន​ទាន់​មាន​ការ​បង្រៀន​ ​នៅ​ក្នុង​សង្គម​ក៏​មិន​ទាន់​មាន​ការ​ជជែក​គ្នា ​ឬ​ក៏​បង្រៀន​គ្នា​ឲ្យ​ដឹង​ថា​ ​តើ​យើង​ត្រូវ​ប្រើប្រាស់​របៀប​ណា​ដើម្បី​ឲ្យ​មាន​ប្រយោជន៍ ​ហើយ​នៅ​ពេល​យើង​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ហ្នឹង​ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? អ៊ីចឹង​យើង​ឃើញ​ថា​ វា​នៅ​ថ្មី​មែនទែន ​ហើយ​ដោយសារ​តែ​ហេតុ​នេះ​ហើយ ​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ​ហើយ​ការ​យក​ចិត្ត​ទុកដាក់​នេះ​មិន​មែន​ទាមទារ​តែ​ខាង​រដ្ឋាភិបាល​ទេ​គឺ​គ្រប់​គ្នា​តែម្តង»។​

ចាប់​តាំង​ពីកម្ពុជា​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេតកាន់​តែ​ទូលំ​ទូលាយ គេ​ឃើញ​ការ​បង្ហោះសារ​ផ្សេងៗ​លើ​បណ្តាញ​សង្គម​មួយ​ចំនួន ​ជាពិសេស​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា​៧​លាន​នាក់ ​តែងមាន​ការ​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ​ និង​ការ​រិះគន់​ផ្សេងៗ។

ថ្មីៗ​នេះ​ គេឃើញ​បុរស​ម្នាក់ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​បុរស​ភេទ​ទី៣ ​បាន​បង្ហោះ​វីដេអូនិយាយ​ប្រមាថ​លើ​ជាតិ​សាសន៍​ខ្មែរ។ ​ក្រោយ​ការ​បង្ហោះ​វីដេអូ​នោះ​ ​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ជេរ​ប្រមាថ​លើ​បុរស​ម្នាក់​នោះ​វិញ ​ដោយ​មាន​ទាំង​ការព្រមាន​ប្រើ​ហិង្សា​លើ​បុរស​ភេទ​ទី៣​នោះ​ជាដើម។​

ក្នុង​កម្មវិធី ​Hello VOA ​កាលពី​ថ្ងៃច័ន្ទ ​លោក​ប៉ា ច័ន្ទរឿន ​ប្រធាន​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្តន៍ ​និង​សីលធម៌​កម្ពុជានិង​ជា​អ្នក​និពន្ធ​សៀវភៅ​«ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត»​ លើក​ឡើង​ថា ​សីលធម៌​ក្នុង​សង្គម​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ដោយ​សារ​ប្រជាជនខ្វះ​ការ​អប់រំ​ផ្នែក​សីលធម៌។ ​លោក​បន្ថែម​ថា ​ការ​ពង្រឹង​សីលធម៌​ប្រជា​ពលរដ្ឋ ​និង​សីលធម៌​សង្គម​ ត្រូវ​ធ្វើឡើង​តាម​រយៈ​ការអប់រំ ​ដោយ​មាន​ការ​ចូលរូម​ពី​រដ្ឋាភិបាល ​និង​បុគ្គល​ខ្លួន​ឯង​ផ្ទាល់។​

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​លោក​រស់ សុវាចា​ ប្រាប់ ​VOA ​ថា ​ក្រសួង​អប់រំ​កម្ពុជាមាន​គោល​នយោបាយ​ក្នុង​ការ​ពង្រឹង​សីលធម៌​សង្គម​ និង​ពលរដ្ឋ​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ​តាម​រយៈ​ការ​បញ្ជូល​ការ​ពង្រឹង​សីលធម៌​ទៅ​ក្នុង​កម្មវិធី​សិក្សា​ និង​អប់រំ​ផ្សេងៗ។​

គេហទំព័រ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជាបញ្ជាក់​ថា ​គិតត្រឹម​ខែ​មេសាឆ្នាំ​២០១៨​នេះ​ កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជិត​១១​លាន​នាក់ ​និង​មាន​អ្នក​ប្រើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ប្រមាណ​ជា​៧​លាន​នាក់។​

ទិន្នន័យ​ពី​យូណេស្កូ​បង្ហាញ​ថា ​ការបៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ ​ភាគរយ​នៃ​កុមារ​និង​ក្មេង​ជំទង់​ដែល​រងផល​ប៉ះពាល់​ពី​ការ​រក​រឿង​ឈ្លោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​មាន​ចាប់​ពី​៥​ទៅ២១​ភាគរយ​ ហើយ​កុមារី​ហាក់បី​ដូចជា​ទទួល​រងគ្រោះ​ពី​ការធ្វើ​បាប​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ច្រើន​ជាង​កុមារា។ សម្រាប់​កម្ពុជា ​ក្នុង​ចំណោម​ក្មេង​ស្រី​អាយុ​ពី​១៥​ទៅ​២៤​ឆ្នាំ​ទាំងអស់ មាន​ចំនួន​៨៤,៤​ភាគរយ​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេត ​ហើយ​កុមារា​ដែលស្ថិត​ក្នុង​ក្រុម​អាយុ​ដូចគ្នា​នេះ​គឺ​មាន​៩១,៥​ភាគរយ៕

XS
SM
MD
LG