អ្នកស្រុកនៅក្នុងក្រុង Chattanooga ក្នុងរដ្ឋ Tennessee នាប៉ែកខាងត្បូង ស.រ.អា.ស្រឡាំងកាំងនៅពេលដែលអាជ្ញាធរខិតខំប្រឹងប្រែងរកបុព្វហេតុដែលនាំឱ្យជនប្រដាប់អាវុធម្នាក់បាញ់កាំភ្លើងលើមូលដ្ឋានយោធាពីរកន្លែង កាលពីថ្ងៃព្រហស្បតិ៍។ ការបាញ់ប្រហារនេះនាំឱ្យទាហានជើងទឹកស.រ.អា.បួននាក់បាត់បង់ជីវិត។
អ្នកស្រី Jean Schulte ចុងភៅចូលនិវត្តន៍បាននិយាយប្រាប់វីអូអេថា «ខ្ញុំមានការរន្ធត់ចិត្តនៅពេលខ្ញុំឮអំពីឧបទ្ទវហេតុនេះ។ នេះមិនមែនជាអ្វីដែលលោកអ្នករំពឹងថា នឹងបានឮទេ។ ខ្ញុំព្រឺខ្លួន នៅពេលខ្ញុំឮអំពីរឿងនេះ។ អ្នកស្រី Schulte ដែលរស់នៅ៤៨គ.ម.ពីផ្នែកកណ្តាលក្រុងនេះមានអារម្មណ៍ប្រយ័ត្នប្រយែងនៅពេលឋិតនៅក្នុងកន្លែងមានមនុស្សច្រើន នៅក្រោយមានការបាញ់កាំភ្លើងនេះមក។
អ្នកស្រីបានថ្លែងបន្ថែមថា «នៅពេលនេះខ្ញុំព្យាយាមមិនទៅកន្លែងមានមនុស្សច្រើនកុះករទេ ហើយខ្ញុំគិតពីរដងអំពីការទៅចូលរួមក្នុងពិធីមានមនុស្សច្រើនកុះករដែលខ្ញុំមិនធ្លាប់ធ្វើបែបនេះទេ»។
លោក Ed Reinhold នៃទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅពេលយប់ជ្រៅថា «នៅពេលនេះគ្មានអ្វី» ដែលបង្ហាញថា មានចំណងទាក់ទងរវាងអ្នកបាញ់កាំភ្លើងដែលមានឈ្មោះថា Muhammad Youssef Abdulazeez និងពួកភេរវជនអន្តរជាតិទេ ក៏ប៉ុន្តែកំពុងមានការស៊ើបអង្កេតអំពីលទ្ធភាពនេះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃសុក្រ លោក Michael McCaul ប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិនៃសភាតំណាងរាស្ត្រអាមេរិកាំងបានមានប្រសាសន៍ថា លោកមានជំនឿថា ការបាញ់កាំភ្លើងនេះជាការវាយប្រហារមួយទទួលឥទ្ធិពលពីក្រុមរដ្ឋឥស្លាម៕