ជនសង្ស័យស្បែកសម្នាក់នៅក្នុងការសម្លាប់រង្គាលនៅព្រះវិហារគ្រឹស្តសាសនាជាប្រវត្តិសាស្រ្តរបស់ជនជាតិស្បែកខ្មៅ មានគម្រោងបង្ហាញខ្លួននៅតុលាការនៅថ្ងៃសុក្រនេះដើម្បីធ្វើសវនាការដាក់ប្រាក់ធានាក្រៅឃុំឃាំង នៅពេលដែលក្រុមអាជ្ញាធរសហព័ន្ធ បន្តស៊ើបអង្កេតពីការសម្លាប់នោះដែលអាចជាឧក្រិដ្ឋកម្មសម្អប់។
Dylann Roof អាយុ២១ឆ្នាំ ដែលបានស្ថិតនៅក្នុងការឃុំឃាំងរបស់ទីភ្នាក់ងារ FBI បានត្រូវដឹកតាមយន្តហោះទៅកាន់រដ្ឋ South Carolinaវិញកាលពីថ្ងៃព្រហស្បតិ៍។ ជននោះ បានបើករថយន្តទៅកាន់រដ្ឋ North Carolina ដែលស្ថិតនៅផ្នែកខាងត្បូងស.រ.អា បន្ទាប់ពីរងការចោទប្រកាន់ពីការធ្វើឃាតអ្នកសូត្រធម៌៩នាក់ ដែលរួមមានស្រ្តីអាយុ៨៧ឆ្នាំម្នាក់ ហើយ៣នាក់ទៀតបានរងរបួសនៅខាងក្នុងព្រះវិហារគ្រឹស្តសាសនា Emanuel African Methodist Episcopal នៅក្នុងទីក្រុង Charlestonកាលពីថ្ងៃពុធ។
ប៉ូលិសបាននិយាយថា Roof បានដើរចូលក្នុងព្រះវិហារគ្រឹស្តសាសនា ហើយបានអង្គុយយ៉ាងស្ងាត់ស្ងៀមអស់រយៈពេលមួយម៉ោងក្នុងអំឡុងពេលនៃការសិក្សាព្រះគម្ពីរ ប៊ីប (Bible) មុនពេលក្រោកឈរហើយនិយាយថា ខ្លួនត្រូវតែសម្លាប់ពួកស្បែកខ្មៅ។
សាច់ញាតិម្នាក់របស់ជនរងគ្រោះបានប្រាប់ទូរទស្សន៍ខ្សែកាប CNNថា អ្នកនៅរស់រានមានជីវិតម្នាក់បានប្រាប់អ្នកស្រីថាRoof បានប្រាប់ក្រុមសិក្សាព្រះគម្ពីរប៊ីប នោះដែលសុទ្ធតែជាជនជាតិស្បែកខ្មៅទាំងអស់ថា «ពួកអ្នកឯងបានចាប់រំលោភស្រ្តីរបស់យើង ហើយពួកអ្នកឯងកំពុងកាន់កាប់ប្រទេសរបស់យើង។ ខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំ ត្រូវធ្វើ»។
ទីភ្នាក់ងារព័ត៌មាន Associated Press បានដកស្រង់សម្តីរបស់មិត្តភក្តិម្នាក់របស់ Roof ដែលមានទំនាក់ទំនងឡើងវិញកាលពីពេលថ្មីៗនេះជាមួយជននោះ មកចុះផ្សាយថា ជនសង្ស័យបានត្អូញត្អែរថា ពួកស្បែកខ្មៅកំពុងកាន់កាប់ពិភពលោក ហើយថាគេ ចាំបាច់ធ្វើអ្វីមួយសម្រាប់ជាតិសាសន៍ស្បែកស៕