សាលាក្តីខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប គ្រោងនឹងប្រកាសសាលក្រមសម្រេចទោស ជនជាប់ចោទជាមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម គឺនួន ជា និង ខៀវ សំផន ទាក់ទងនឹងបទចោទរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម។ សាលាក្តីបានកំណត់យកថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩និង ៣០នាទីព្រឹក ដើម្បីប្រកាសសាលក្រមក្នុងសំណុំរឿង ០០២ វគ្គ២នេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៃសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃពុធ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ពីទីតាំងឧក្រិដ្ឋកម្មនិងអង្គហេតុនៃការចោទប្រកាន់ នៅការដ្ឋានការងារ និងសហករណ៍មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្សនៅតាមខេត្តមួយចំនួន អំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម ពុទ្ធសាសនិកជន អតីតមន្ត្រីរដ្ឋការរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។ សវនាការសំណុំរឿង ០០២ វគ្គ២ លើសំណុំរឿង បន្ថែម ០០២ វគ្គ១ ដែលអតីតមេដឹកនាំខ្មែរក្រហមទាំងពីរបានជាប់ទោសមួយជីវិត រួចជាស្រេចហើយនោះ បានបញ្ចប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
អង្គជំនុំជម្រះក៏បានបើកសវនាការដេញដោល ពិនិត្យភស្តុតាង លើការចោទប្រកាន់អំពីលក្ខណៈនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋសង្គមនិយមវៀតណាម តួនាទីរបស់ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕