ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្រាវជ្រាវ​រក​ឃើញ​​ដាន​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​លូទឹក​ស្អុយ


រូបឯកសារ៖ ក្មេងៗកំពុងឈរលេងលើបំពង់លូ។
រូបឯកសារ៖ ក្មេងៗកំពុងឈរលេងលើបំពង់លូ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អូស្ត្រាលី​ជឿថា​ ការ​ធ្វើ​តេស្ត​លូ​ទឹក​ស្អុយ​អាច​ជា​ប្រព័ន្ធ​ព្រមាន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មួយ​ដើម្បី​ស្វែង​រក​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។ សំណាក​ទឹក​លូ​នៅ​រោង​ចក្រ​ចម្រាញ់​ទឹក​លូ​២កន្លែង​ក្នុងរដ្ឋ Queensland ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​ហ្សែន​នៃ​ជំងឺ​កូវីដ១៩។

គេ​សង្ឃឹម​ថា​ ការ​សិក្សា​នេះ​នឹង​ជួយ​ក្រុម​មន្ត្រី​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​សម្រាល​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ផ្លាស់ទី​របស់​សារធារណជន ដោយ​លើក​ឡើង​ពី​កន្លែងសំខាន់ៗ​ដែល​មាន​ឆ្លង​ជំងឺ​កូវីដ១៩​នេះ។

ប្រទេស​អូស្ត្រាលី​បាន​បិទ​ភោជនីយដ្ឋាន​ បារ និង​ហាង​ជា​ច្រើន​ ខណៈ​បាន​ផាក​ពិន័យ​លើ​អ្នក​ដែល​បំពាន​ច្បាប់​ដែលហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​លើស​ពី២នាក់។

លោក​សាស្ត្រាចារ្យ Kevin Thomas អ្នកវិទ្យាសាស្ត្រ​ផ្នែក​សុខភាព​បរិស្ថាន​នៅ​ឯ​សាកលវិទ្យាល័យ Queensland ថ្លែងថា​ ការ​ធ្វើ​តេស្ត​នេះ​អាច​នឹង​ផ្តល់​ជា​សុចនករ​ទូលំទូលាយ​មួយ​អំពី​របៀប​ដែល​ជំងឺ​រាតល្បាត​នេះ​ឆ្លង​ពី​មួយ​ទៅ​មួយ។

លោក Thomas ថ្លែងថា៖ «យើង​គិត​ថា​ គុណ​សម្បត្តិ​និង​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ការ​ធ្វើ​តេស្ត​ទឹកលូ​និង​ការ​ធ្វើ​តេស្ត​ទូទៅ​គឺ​ថា​យើង​អាច​ឆាប់​ដឹង​ពី​ការ​ឆ្លង​នៅ​ជំងឺ​កូវីដ​១៩នៅ​ក្នុង​សហគមន៍​ណា​មួយ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​ដែរ វា​ក៏​អាច​ប្រាប់​យើង​នៅពេល​ដែល​សហគមន៍​ណា​មួយ​មិន​មាន​ជំងឺ​កូវីដ១៩​ផងដែរ។ ហើយ​បន្ទាប់​មក​ យើង​អាច​ពិនិត្យ​តាមដាន​ការ​ប្រែ​ប្រួល​ណា​មួយ​ដើម្បី​វាយ​តម្លៃ​ថា តើ​វិធានការ​ណា​ដែល​យើង​អាច​រក​មក​អនុវត្ត​ឲ្យ​ស្រប​តាម​កាលៈទេសៈ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នេះ»។

ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី Nature Medicine ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ មនុស្ស​បញ្ចេញ​កាក​សំណល់​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ១៩​ រយៈពេល​២ទៅ៣ថ្ងៃ​មុន​នឹង​ពួកគេ​មាន​រោគ​ស​ញ្ញា។ ការវិភាគ​ទៅ​លើ​លូ​ទឹកស្អុយអាច​ ​ឲ្យ​ក្រុម​អាជ្ញាធរ​រក​ឃើញ​បណ្តុំ​នៃវីរុស​កូរ៉ូណា​ មុន​នឹង​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ដឹង​ថា​ខ្លួន​ឈឺ។

លោក Greg Hunt រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ថ្លែងថា គំរោង​ពិនិត្យ​តាមដាន​លូ​ទឹក​ស្អុយ​នេះ​គឺ​ពិត​ជា​នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​មាន​សក្កានុពល​ក្នុង​ការ​ពង្រឹង​ការ​ឆ្លើយ​តប​បន្ថែម​របស់​អូស្ត្រាលី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​សាកលលោក។

ការសិក្សាអំពី​ការ​ធ្វើ​តេស្ត​លូទឹក​ស្អុយគឺ​ជា​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ Queensland​ជាមួយ​នឹង​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ CSIRO របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ហើយ​ដែល​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ហូឡង់​និង​សហរដ្ឋ​អាមេរិក។

ការ​ធ្វើ​តេស្ត​ទូលំទូលាយ​អាច​នឹង​ចាប់​ផ្តើម​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG