ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ កំពូល​អគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ កំពូល​អគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២។

គណបក្ស​ប្រជាធិបតេយ្យ​នឹង​បន្ដ​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បន្ទាប់ពី​កាលពី​យប់​ថ្ងៃ​សៅរ៍ អ្នកស្រី Catherine Cortez Masto សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Nevada បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុងអាណត្តិ​ថ្មី​នេះ​ជា​បន្ត​ទៀត។ មក​ទល់​នឹង​ពេល​នេះ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​អាសនៈ​ព្រឹទ្ធសភា​ចំនួន ៥០ រី​ឯ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​អាសនៈ​ព្រឹទ្ធសភា​ចំនួន ៤៩។

អ្នកស្រី Cortez Masto បាន​យក​ឈ្នះ​លើ​គូ​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Adam Laxalt ដែល​ជា​អតីត​អគ្គ​រដ្ឋអាជ្ញា​នៅ​ក្នុង​រដ្ឋ Nevada។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ​ចំពោះ​លទ្ធផល​នេះ។ ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​លទ្ធផល​នេះ​ណាស់»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ដូច្នេះ​ពី​រាជធានី​ភ្នំពេញ ដែល​នៅ​ទីនោះ លោក​កំពុង​ជួប​ប្រជុំ​ជាមួយ​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (ASEAN)។

លោក Biden បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វា​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​គុណសម្បត្តិ​របស់​បេក្ខជន​របស់​គណបក្ស​យើង។ ...ខ្ញុំ​រំពឹង​ទៅ​មុខ​សម្រាប់​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​នេះ»។

ដោយសារ​តែ​ជ័យជម្នះ​របស់​អ្នកស្រី Cortez Masto ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន AP ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​សៅរ៍ និង​ជ័យជម្នះ​របស់​លោក Mark Kelly សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Arizona កាលពី​យប់​ថ្ងៃ​សុក្រ គណបក្ស​ប្រជាធិបតេយ្យ​ឥឡូវ​នេះ​គ្រប់គ្រង​អាសនៈ​ចំនួន ៥០ នៅ​ក្នុង​ព្រឹទ្ធសភា។

ចំណែក​ឯ​គណបក្ស​ដែល​នឹង​ត្រូវ​គ្រប់គ្រង​រដ្ឋសភា​វិញ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយសារ​តែ​ការ​រាប់​សន្លឹក​ឆ្នោត​ចុងក្រោយ​នៅ​ក្នុង​សង្កាត់​ជាច្រើន​នៅ​មិន​ទាន់​ត្រូវ​បាន​រាប់​នៅ​ឡើយ ដែល​ភាគច្រើន​គឺ​នៅ​តាម​បណ្ដា​រដ្ឋ​នៅ​ប៉ែក​ខាង​លិច។

លោក​ប្រធានាធិបតី Biden ថ្លែង​ថា៖ «យើង​អាច​ឈ្នះ [គ្រប់គ្រង​រដ្ឋសភា]។ ថា​តើ​យើង​នឹង​ឈ្នះ​ឬ​ក៏​អត់ យើង​ត្រូវ​រង់ចាំ​មើល​ទាំងអស់​គ្នា»៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG