ដោយបានហៅគូប្រជែងរបស់ខ្លួនថា «Ted និយាយកុហក» និង «Marco តូចមួយ» លោក Donald Trump បានការពារខ្លួនពីការវាយប្រហារពាក្យសម្តីពីសំណាក់គូប្រជែងដែលមានសង្ឃឹមធ្វើជាប្រធានាធិបតីរបស់លោកនៅក្នុងវេទិកាពិភាក្សាដេញដោលកាលពីថ្ងៃព្រហស្បតិ៍ ដែលបានកើតឡើងក្នុងអំឡុងពេលដែលមានសញ្ញានៃការបែកបាក់នៅក្នុងគណបក្សសាធារណរដ្ឋ។
ក្នុងអំឡុងពេលនៃការពិភាក្សាដេញដោល លោក Marco Rubioសមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋ Texas និង លោក John Kasich អភិបាលរដ្ឋ Ohio បានផ្លាស់វេនគ្នាដើម្បីវាយប្រហារពាក្យសម្តីទៅលើលោក Donald Trump ដែលជាអ្នកជំនួញនៅទីក្រុងញូវយ៉កទំនងនឹងក្លាយជាបេក្ខជនដែលគណបក្សសាធារណរដ្ឋជ្រើសតាំងសម្រាប់តំណែងជាប្រធានាធិបតី។
វេទិកាពិភាក្សាដេញដោល ដែលត្រូវបានធ្វើឡើងក្នុងទីក្រុង Detroit នេះ បានប្រព្រឹត្តទៅដោយមានការស្រែកគំហកដាក់គ្នា ការប្រមាថមើលងាយគ្នា និងការជជែកទៅលើបញ្ហាពណ៌សម្បុរដែលជាចំណុចគន្លឹះសំខាន់មួយនៅការប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក្នុងឆ្នាំ២០១៦នេះ។
នៅពេលចាប់ផ្តើមកិច្ចពិភាក្សាដេញដោលក្នុងរយៈពេល៥នាទីដំបូង លោក Trump ហាក់ដូចជាអួតអាងអំពីទំហំនៃប្រដាប់ភេទរបស់លោក។
លោក Trump បានមានប្រសាសន៍ថា «លោក Rubio បាននិយាយថា ប្រសិនបើដៃរបស់ខ្ញុំតូច នោះអ្វីៗផ្សេងទៀតក៏តូចដែរ»។ លោក Trump បានលើកដៃរបស់លោកឡើង ហើយនិយាយថា «ខ្ញុំសូមធានាថាគ្មានបញ្ហានោះទេ។ ខ្ញុំសូមធានា»។
លោក Trump បានលើកឡើងអំពីសម្តីរបស់លោក Rubio កាលពីសប្តាហ៍មុនដែលត្រូវបានគេមើលឃើញថាពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវភេទរបស់អ្នកជំនួញរូបនេះ. លោក Rubio បានការពារការវាយប្រហារដោយពាក្យសម្តីរបស់ខ្លួន ដោយបាននិយាយថា លោក Trump គឺជាអ្នកដែលចាប់ផ្តើមការប្រមាថមុន។
វេទិកាពិភាក្សាដេញដោលនេះបានចាប់ផ្តើមដោយសំណួរអំពីលោក Mitt Romney ដែលមិនមានវត្តមាននៅលើឆាកនោះទេ។ លោក Romney ដែលជាបេក្ខជនដែលត្រូវបានជ្រើសតាំងដោយគណបក្សសាធារណរដ្ឋចុងក្រោយបង្អស់កាលពីការបោះឆ្នោតលើកមុនបានធ្វើការរិះគន់លោក Trump យ៉ាងខ្លាំងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានហៅលោក Trump ថាជាមនុស្សដែលឆបោក និងធ្វើពុតដែលកំពុងតែលេងជាមួយនឹងសាធារណជនថាជាមនុស្សភ្លើ។
នៅពេលសួរឲ្យឆ្លើយតបទៅនឹងការរិះគន់នេះ លោក Trump បានហៅលោក Romney ថាជាបេក្ខជនដែលបរាជ័យ ដែលជាក្តីអាម៉ាស់សម្រាប់មនុស្សគ្រប់គ្នា នៅពេលលោកបានចាញ់លោកប្រធានាធិបតីអូបាម៉ាកាលពីឆ្នាំ២០១២៕