ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ម្នាក់​នឹង​ប្រឆាំង​ជ័យ​ជម្នះ​អង្គ​បោះឆ្នោត​របស់​លោក Biden


រូបឯកសារ៖ លោក​ Josh Hawley ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Missouri​ ថ្លែងនៅក្នុងសវនាការមួយរបស់ព្រឹទ្ធសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

លោក​ Josh Hawley ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Missouri​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​លោកនឹងប្រឆាំង​ការ​បញ្ជាក់​សំឡេង​បោះ​ឆ្នោតនៃ​អង្គបោះឆ្នោត​លើ​ក​ចុង​ក្រោយ​នៅ​សប្តាហ៍ក្រោយ។

ក៏ប៉ុន្តែវាស្ទើរតែ​ប្រាកដ​ថា​ នេះជាការខំ​ប្រឹង​ប្រែង​ជា​ចុង​ក្រោយ​ដ៏ឥត​ប្រយោជន៍​ ដើម្បី​បញ្ឈប់ជ័យ​ជម្នះ​របស់​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ លើ​លោក​ប្រធានាធិបតី ​Donald Trump ​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​មុន​។

ការប្រឈម​តតាំង​របស់​លោក Hawley រួម​ជាមួយ​ការតវ៉ា​ប្រឆាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សមាជិក​សភា Mo Brooks នៃ​រដ្ឋ Alabama នឹង​ធានាថា ការប្រជុំនៅ​ក្នុង​សភាទាំង​២ ថ្នាក់ ​នៅ​ថ្ងៃ​ទី៦ ខែ​មករាខាងមុខ ​នឹង​ជជែក​ដេញដោល​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ជ័យ​ជម្នះរបស់​លោក Biden​ ដោយទទួលបានសំឡេងអង្គបោះឆ្នោតចំនួន ​៣០៦​ ទល់​នឹង​ ២៣២។ ចំនួនអង្គបោះឆ្នោតនេះអាចឲ្យ​លោក Biden ​ក្លាយ​ជា​ប្រធានាធិបតី​ទី ៤៦​ នៅក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ដែលគ្រោងធ្វើឡើង​នៅ​ថ្ងៃ​ទី២០ ខែ​មករា។

លោកស្រី Jen Psaki អ្នក​នាំ​ពាក្យ​ថ្មី​របស់​លោក Biden បាន​ប្រាប់ក្រុមអ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​ថ្វីបើ​មាន ​«ការបំផ្លិចបំផ្លាញ»​ ណាមួយ​ក៏ដោយ​ លោក ​Biden ​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ទៅតាម​ការគ្រោង​ទុក​ នៅ​ខែ​ក្រោយ។

នៅ​ក្នុង​ទម្រង់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ប្រយោល​របស់​សហរដ្ឋ​អាមេរិក​ លទ្ធផល​នៃ​ការបោះ​ឆ្នោត​សម្រេចដោយអង្គ​បោះឆ្នោត​តាមរដ្ឋ​ដែលងាករេ​សំខាន់ៗនោះ កំណត់​ថា​ បេក្ខជនណា​ឈ្នះ​កាន់​តំណែង​ប្រធានាធិបតី​។ សំឡេងសន្លឹក​ឆ្នោត​សរុប​ទូទាំង​ប្រទេស​ មិនកំណត់លទ្ធផលចុងក្រោយទេ​បើទោះ​ជាលោក ​Biden ​បាន​ទទួល​សន្លឹក​ឆ្នោតដល់ ៧ លាន​សន្លឹក​ ដែល​ច្រើន​ជាង​លោក ​Trump ក្តី។​

ការតវ៉ា​ប្រឆាំង​របស់​លោក​ Hawley ​និង​លោក Brooks​ ទំនង​បង្ខំ​ឲ្យ​រដ្ឋសភានិង​ព្រឹទ្ធសភា​ ជជែក​ដេញដោល​រហូត​ដល់​ ២ ម៉ោង​ ថាតើត្រូវ​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​នៃ​ចំនួន​សរុប​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយរដ្ឋ​នីមួយ​ៗ​ នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​ដែល​លោក ​Biden ​បាន​ឈ្នះ​ប្រផិត​ប្រផើយ​ឬយ៉ាងណា ​និងថាតើត្រូវ​ច្រាន​ចោល​ជ័យ​ជម្នះ​របស់​លោក​ដែលឈ្នះ​អង្គ​បោះឆ្នោត​ទាំងអស់​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ​ដែរ​ឬទេ។​

ក៏ប៉ុន្តែ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​រក្សា​ការត្រួតត្រា​រដ្ឋសភា​ បន្ទាប់ពី​សមាជិក​សភា​ថ្មី​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​អាទិត្យ​ ហើយប្រាកដជា​សម្រេច​ការជជែកដេញដោលទាំងឡាយ​ដោយ​ផ្តល់ការគាំទ្រ​ដល់​លោក Biden៕

XS
SM
MD
LG