ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមេរិក​ ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក Biden


រូបឯកសារ៖ លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សភា​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ទទួលស្គាល់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក Joe Biden គឺ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

លោក McConnell បាន​អបអរសាទរ​លោក Biden ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី Donald Trump នៅ​បន្ត​ការ​អះអាង​ដែល​គ្មាន​មូលដ្ឋាន​របស់​លោក​ថា​ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ។

លោក McConnell បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ព្រឹទ្ធសភា​ថា ជ័យជម្នះ​របស់​លោក Biden នៅ​ក្នុង​ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ បាន​ធ្វើ​ឱ្យ​លោក Biden ក្លាយជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

លោក McConnell បាន​និយាយ​ដូច្នេះ​ថា៖ «គិត​មក​ទល់​នឹង​ពេល​នេះ ប្រទេស​របស់​យើង​មាន​ប្រធានាធិបតី​ជាប់​ឆ្នោត​និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​ជា​ផ្លូវការ​ហើយ។ ប្រជាពលរដ្ឋ​ជា​ច្រើន​លាន​នាក់​បាន​សង្ឃឹម​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ​ អាច​នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​នេះ។ ក៏​ប៉ុន្តែ ប្រព័ន្ធ​រដ្ឋាភិបាល​របស់​យើង​មាន​ដំណើរការ​ដើម្បី​កំណត់​អំពី​ថា​តើ​អ្នក​ណា​ដែល​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។ អង្គ​បោះឆ្នោត​បាន​សម្រេច​រួច​ហើយ»។

លោក McConnell បាន​បន្ថែម​ថា៖ «ដូច្នេះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden។ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​មិនមែន​ជា​មនុស្ស​ប្លែក​ទេ​នៅ​ក្នុង​ព្រឹទ្ធសភា។ លោក​បាន​ប្ដូរផ្ដាច់​ដើម្បី​បម្រើ​សាធារណៈជន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​ក៏​ចង់​អបអរសាទរ​ផងដែរ​ដល់​អ្នកស្រី​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត ដែល​ជា​សហសេវិក​របស់​យើង​តំណាង​រដ្ឋ California ដែល​នោះ​ គឺ​អ្នកស្រី​សមាជិក​ព្រឹទ្ធសភា Kamala Harris។ ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ ​អាច​មាន​មោទនភាព​ថា ប្រទេស​របស់​យើង​មាន​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​ជា​ស្ត្រី​ដំបូង​បង្អស់»។

លោក Trump មិន​ទាន់​បាន​ឆ្លើយតប​ភ្លាមៗ​នៅ​ឡើយ​ទេ​ចំពោះ​ការ​ទទួល​ស្គាល់​របស់​លោក McConnell នូវ​លោក Biden ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​នេះ។

ក៏​ប៉ុន្តែ លោក​បាន​បង្ហោះ​សារ​តាម Twitter ថា៖ «មាន​ភស្តុតាង​ជា​ច្រើន​ថា​មាន​លួច​បន្លំ​ការ​បោះឆ្នោត។ មិន​ដែល​មាន​រឿង​បែប​នេះ​កើតឡើង​នោះ​ទេ​នៅ​ក្នុង​ប្រទេស​របស់​យើង!»

ក្រុមហ៊ុន Twitter បាន​ភ្ជាប់​សារ​មួយជាមួយសារ​របស់លោក Trump ថា «ការ​អះអាង​អំពី​ការ​គៃបន្លំ​នៅ​ក្នុង​ការបោះឆ្នោតនេះបានត្រូវ​ជំទាស់»។ នៅ​ពេល​បន្ទាប់​មក​ អ្នកស្រី Kayleigh McEnany អ្នកនាំ​ពាក្យ​សេតវិមាន​ មិន​បានឆ្លើយ​នឹង​សំណួរអំពីសេចក្តី​ថ្លែង​របស់​លោក McConnell ទេ។ អ្នកស្រី​បាន​និយាយ​ថា លោក Trump ​«កំពុងពាក់ព័ន្ធ​ក្នុង​ពាក្យបណ្តឹង​»ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ ទោះណា​ជា​លោក​និង​សម្ព័ន្ធមិត្តលោក ​បាន​ចាញ់ក្តី​ជាង​៥០ដែល​អះអាង​ថា មានភាព​មិនប្រក្រតី​ក្នុង​ការបោះឆ្នោត​និង​ការ​រាប់​សន្លឹក​ឆ្នោត​ក៏​ដោយ។ លោក Trump បាន​ប្រកែកមិន​ព្រម​ចុះចាញ់លោក Biden ទេ។

នៅ​ក្រោយលោក McConnell ធ្វើ​សេចក្តី​ថ្លែង​នេះ​មក​ លោក​ Biden បាន​ថ្លែង​ថា​លោកបានហៅ​ទូរសព្ទទៅ​លោក​ McConnell ហើយ​ថា ​លោក​ទាំង​ពីរ«មានការសន្ទនា​គ្នាល្អ​ប្រសើរ។​ ខ្ញុំ​បាន​ហៅ​ទូរសព្ទទៅ​លោក​ដើម្បី​អរគុណ​លោក​ចំពោះ​ការ​អបអរ​សាទរ​ខ្ញុំ»។

លោក ​ Biden បាន​មានប្រសាសន៍​ថា លោក​និងលោក​ McConnell មិនយល់ស្រប​គ្នាលើ​បញ្ហា​ជា​ច្រើន តែថា ​លោក​មានសុទិដ្ឋិនិយម​ថា លោក​ទាំងពីរ​អាច​ធ្វើការ​ជា​មួយ​គ្នា​បាន។

លោក Biden ​ដែលបានធ្វើការ​ជា​មួយ​លោក​ McConnell ​អស់បីទសវត្សរ៍នៅ​ពេល​លោក​កាន់​តំណែងជាអនុប្រធានាធិបតីបស់​លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា និង​ជាសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ Delaware។​ លោក ​ Biden បាន​មានថ្លែង​ថា «យើង​តែង​តែ​និយាយត្រង់ទៅ​ត្រង់​មក​ជា​មួយ​គ្នា។​ យើងបានយល់​ស្រប​គ្នាថា​ នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗនេះ​ជាជាង​នៅពេល​ក្រោយ​ទៀត។ ខ្ញុំ​រង់​ចាំនឹង​ធ្វើការ​ជា​មួយ​លោក»។

ព្រឹទ្ធសភានិង​សភា​តំណាង​រាស្ត្រ​អាមេរិកាំងមានកំណត់​នឹងពិនិត្យ​និងបញ្ជាក់ថា​លទ្ធផលនៃ​អង្គ​បោះឆ្នោតជាការ​ជឿ​ទុក​ចិត្ត​បាន​នៅ​ថ្ងៃ​ទី៦​មករា។ លោក​ Trump នៅ​មានសង្ឃឹម​ចុងក្រោយ​មួយ​ក្នុងការរក្សាតំណែង​ប្រធានាធិបតីដោយបានសម្តែងការគាំទ្រ​ដល់​ការតវ៉ា​មួយដឹក​នាំ​ដោយ​សមាជិកសភា​រដ្ឋ Alabama ឈ្មោះ Mo Brooks ដែល​ជំទាស់នឹង​ជ័យជម្នះលោក Biden ក្នុង​រដ្ឋ​ប្រាំ។

ក៏​ប៉ុន្តែ​លោក Brooks ត្រូវការសមាជិកព្រឹទ្ធសភា​ម្នាក់ឱ្យ​ចូល​រួម​ក្នុង​ការតវ៉ា​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ​គ្មានសមាជិកព្រឹទ្ធសភា​ណា​ម្នាក់ បានយល់​ព្រមគាំទ្រ​ការ​អះអាង​របស់​លោក​ដែលថា​លោក​ Trump ឈ្នះ​ឆ្នោត​ទេ។

ចាប់តាំង​ពី​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​មក​ មានសមាជិក​សភាសាធារណរដ្ឋតែ​មួយក្រុមតូចប៉ុណ្ណោះ​ ដែល​បានទទួលស្គាល់ជ័យជំនះរបស់លោក Biden។ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​នាក់ មិន​និយាយ​អ្វី​ទាំងអស់ ​ឬ​មួយសម្តែង​ការ​គាំទ្រដល់កិច្ច​ខិតខំប្រឹងប្រែងមិនត្រឹមត្រូវរបស់​លោក Trump ក្នុង​ការ​បញ្ឈរជ័យជំនះលោក Biden។

ក៏​ប៉ុន្តែ​នៅក្រោយលទ្ធផល​នៃ​ការបោះឆ្នោត​របស់អង្គអ្នក​បោះឆ្នោត​ ពួកសាធារណរដ្ឋសំខាន់ៗ​មួយ​ចំនួននៅ​ក្នុង​រដ្ឋធានី Washington បាន​និយាយ​កាល​ពី​ថ្ងៃចន្ទទី១៤ធ្នូ​ថា លោក​ Biden ឈ្នះ​ឆ្នោតសម្រាប់តំណែងប្រធានាធិបតីហើយ​ការណ៍​នេះ​ បាន​ធ្វើ​ឱ្យ​លោក Trump ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​ប្រាំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ២៤៤​ឆ្នាំរបស់​ប្រទេស ដែលបាន​មិនបាន​ជាប់ឆ្នោត​ជាថ្មីនៅក្រោយការ​កាន់តំណែង​មួយ​អាណត្តិ។

នៅ​ក្នុងទម្រង់លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក អង្គ​បោះឆ្នោតដែល​មក​ពី​ទូទាំង​ប្រទេស​ជាអ្នក​សម្រេច​លទ្ធផលនៃ​ការបោះឆ្នោត​ប្រធានាធិបតី មិន​មែនសំឡេង​ឆ្នោត​ប្រជាប្រិយ​សរុបនៅទូទាំង​ប្រទេស​ទេ ទោះណា​ជា​លោក Biden ក៏បាន​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ប្រជាប្រិយក៏​ដោយ​ដោយ​មានសំឡេង​ឆ្នោត​ជាង៧លាន​លើស​លោក Trump ផងដែរ។

នៅ​ក្នុងរដ្ឋ​៤៨​ ក្នុងបណ្តា​រដ្ឋ​ទាំង​៥០ អង្គបោះឆ្នោត​ដែលបាន​ប្តេជ្ញាបោះឆ្នោត​ឱ្យ​លោក Biden ឬលោក Trump ទាំងអស់​គ្នា​បោះឆ្នោត​ជូនបេក្ខជន​ដែលឈ្នះ​សំឡេងឆ្នោត​សរុបនៅ​ក្នុង​រដ្ឋ​នីមួយៗ​របស់​ពួក​គេ។ ចំណែក​នៅ​ក្នុងរដ្ឋ​តូចៗ​ពីរគឺ​រដ្ឋ Maine និង​រដ្ឋ Nebraska គេត្រូវ​បែង​ចែក​អង្គបោះឆ្នោត​ជូន​បេក្ខជន​ទាំងពីរ។

លោក Biden បាន​ថ្លែងសុន្ទកថាទៅ​កាន់​ប្រទេស​ជាតិ​អំពី​លទ្ធផលនៃ​ការបោះឆ្នោត​របស់​អង្គបោះឆ្នោត​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី១៤​ធ្នូ ដោយ​និយាយ​ថា «​ប្រសិន​បើ​នរណា​មិន​បានដឹង​អំពីរឿង​នេះ​ពី​មុន​ទេ យើង​ដឹង​ហើយ​នៅ​ពេល​នេះ។ អ្វីដែលមាន​ជ្រាលជ្រៅ​នៅ​ក្នុងបេះដូង​របស់​ពលរដ្ឋ​អាមេរិកាំង​គឺលទ្ធិប្រជាធិបតេយ្យ»។

ក៏​ប៉ុន្តែ​លោក Biden ក៏​បានវាយ​ប្រហារទៅ​លើ​ការ​ប្រឹងប្រែងរបស់លោក Trump នៅ​ក្រោយការបោះឆ្នោត​ដើម្បីបង្ហាញថា​ការបោះឆ្នោត​នេះមិន​ត្រឹមត្រូវ ដោយលោក​បាន​មានប្រសាសន៍​ថា «សូម្បីតែការរំលោភអំណាច»​ និង«ការវាយ​ប្រហារមិនធ្លាប់​មានពី​ពេល​មុនៗ​ទៅលើ​លទ្ធិ​ប្រជាធិបតេយ្យ​របស់យើង» ក៏​មិន​អាច​ធ្វើ​ឱ្យ​អន្តរាយដល់ការ​ផ្ទេរ​តំណែង​នយោបាយ​ដោយសន្តិវិធី​ក្នុង​ថ្នាក់​ដឹក​នាំ​របស់អាមេរិកាំងបានឡើយ»។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

ព័ត៌មានថ្មី៖ វីអូអេ បាន​បញ្ចូលព័ត៌មានបន្ថែម ពីកថាខណ្ឌទី ៨ ដល់ ទី១៩

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG