ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សាធារណរដ្ឋ​សង្ឃឹម​ថា​អាច​ទាក់​ទាញ​អ្នក​អភិរក្ស​សង្គម


Adelina Hidalgo holds a photograph of Pope Benedict as she kneels inside the Metropolitan Cathedral in San Salvador. Pope Benedict said on Monday he will resign February 28 because he no longer has the strength to fulfil the duties of his office.
Adelina Hidalgo holds a photograph of Pope Benedict as she kneels inside the Metropolitan Cathedral in San Salvador. Pope Benedict said on Monday he will resign February 28 because he no longer has the strength to fulfil the duties of his office.

ស្ថានការណ៍​ក្នុង​ប្រទេស​លីប៊ី និង​ការ​គំរាម​កំហែង​នៃ​ការបិទ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដោយសារ​ការ​មិន​យល់​ស្រប​គ្នា​អំពី​បញ្ហា​ថវិកា​កំពុង​គ្រប​ដណ្តប់​លើ​ការ​ជជែក​ដេញ​ដោល​គ្នា​ខាង​នយោបាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សព្វថ្ងៃ​នេះ។ ក៏ប៉ុន្តែ​ការណ៍​នេះ​គ្មាន​ទាក់ទិន​នឹង​ដំណាក់ការ​ដំបូង​នៃ​ការប្រកួតប្រជែង​សម្រាប់​ការ​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ឆ្នាំ​២០១២​ទេ។ ការ​ផ្តោត​ការយកចិត្ត​ទុកដាក់​នៅ​ទីនោះ​ហាក់​ដូចជា​អំពីប្រធានបទ​ស្នេហា​ជាតិ។

នៅ​មាន​ពេល​ជិត​មួយឆ្នាំ​ទៀត មុន​សមាជិក​គណបក្ស​សាធារណរដ្ឋ​អាច​ចាប់​ផ្តើម​ដំណើរការ​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​ពួក​គេ​តាម​រយៈ​ការ​ប្រជុំ​របស់​គណបក្ស​តាម​រដ្ឋ និង​ការ​បោះឆ្នោត​ដំបូង។ ក៏​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​បាន​ចាប់​ផ្តើម​រួច​ស្រេច​ហើយ​សម្រាប់​សមាជិក​មួយ​ចំនួន​តូច​នៃ​គណបក្ស​សាធារណរដ្ឋ ដែល​ពិចារណា​យ៉ាង​ហ្មត់ចត់​សម្រាប់​តំណែង​ជាន់ខ្ពស់​ក្នុង​សេតវិមាន​នៅ​ឆ្នាំ​២០១២។

កាល​ពី​ពេល​ថ្មីៗ​នេះ​សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​សង្ឃឹម​ថា នឹង​ទទួល​តំណែង​ជាន់ខ្ពស់​នេះ​បាន​និយាយ​ទៅ​កាន់​អ្នក​អភិរក្ស​សង្គម​នៅ​ក្នុង​រដ្ឋ អៃអូវ៉ា (Iowa) ដែល​ជា​រដ្ឋ​មាន​ប្រពៃណី​ចាប់​ផ្តើម​ដំណើរការ​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ដោយ​មាន​ការ​បោះឆ្នោត​នៃ​ការ​ប្រជុំ​របស់​គណបក្ស​ដែល​កំណត់​ធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំក្រោយ។

នៅ​ក្នុង​ចំណោម​ជន​ទាំងនេះ​មាន​លោក ញូត៍ ឌ្យីនហ្គ្រិច (​Newt ​Gingrich) អតីត​ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក។ លោក​ ឌ្យីនហ្គ្រិច កំពុង​ស្វះ​ស្វែង​រក​ឱកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ ហើយ​បាន​ជ្រើស​រើស​យក​ប្រធាន​បទ​ជំនឿ​ខាង​សាសនា​មក​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុង​រដ្ឋ​អៃអូវ៉ា។ លោក ឌ្យីនហ្គ្រិច មាន​ប្រសាសន៍​ថា៖

តើ​អ្វី​ជា​ការពិត?​ ព្រះអាទិទេព​បាន​ផ្តល់​ឱ្យ​យើង​នូវ​សិទ្ធិ​ខ្លះ​ដែល​មិនអាច​ផ្ទេរ​បាន។ នៅ​ពេល​នេះ ហេតុដូចម្តេច​បាន​ជា​ការណ៍​នេះ​ជា​រឿង​សំខាន់?​ ពីព្រោះ​វា​ជា​អំណាច​ដែល​បាន​មក​ពី​ព្រះអាទិទេព​ផ្តល់​ដល់​លោក​អ្នក​ដោយ​ផ្ទាល់។”

សាសនា​ក៏​ឋិត​ក្នុង​ចិត្ត​របស់​លោក​ ធីម ផឡិនធី (Tim ​Pawlenty)​ អតីត​អភិបាល​រដ្ឋ​ មីនីសូតា (Minnesota) ដែរ​ ដែល​បាន​ដកស្រង់​សេចក្តី​ជា​ច្រើន​ពី​គម្ពីរ​គ្រឹស្តសាសនា (Bible)​ នៅ​ក្នុង​ការ​កត់​សម្គាល់​របស់​លោក។​ លោក​ ផឡិនធី ថ្លែងថា៖

«រដ្ឋធម្មនុញ្ញ​បាន​ត្រូវ​រចនា​ទ្បើង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​សាសនា​ពី​រដ្ឋាភិបាល មិនមែន​ការពារ​រដ្ឋាភិបាល​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​សាសនា​ទេ»។

អ្នក​អភិរក្ស​សង្គម​ជា​ក្រុម​សំខាន់​មួយ​នៅ​ខាង​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដែល​រួបរួមគ្នា​ដោយ​ផ្តោត​ទៅ​លើ​តម្លៃ​គ្រួសារ និង​ការ​ប្រឆាំង​នឹង​ការ​ពន្លូត​កូន និង​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ស្រទ្បាញ់​ភេទ​ដូចគ្នា។ ជា​ញឹក​ញយ ពួក​អ្នក​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​ដើម្បី​តំណែង​ប្រធានាធិបតី​បាន​ទាក់ទាញ​អ្នក​អភិរក្ស​សង្គម​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស។

ក្រុម​សំខាន់ៗ​ឯទៀតៗ​នៅ​ខាង​ក្នុង​គណបក្ស​សាធារណរដ្ឋ​មាន​រួម​បញ្ចូលអ្នក​អភិរក្ស​សេដ្ឋកិច្ច និង​អ្វី​ដែល​ហៅថា ​សកម្មជន Tea Party​ ដែល​គាំទ្រ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ទំហំ​រដ្ឋាភិបាល។រហូត​មក​ដល់​ពេល​នេះ​ គ្មាន​បេក្ខជន​សំខាន់​ណា​ម្នាក់​របស់​គណបក្សសាធារណរដ្ឋ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ពួកគេ​នឹង​ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ​២០១២​នៅ​ទ្បើយ​ទេ​ ក៏ប៉ុន្តែ​គេ​រំពឹង​ថា នឹង​មាន​ភាព​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ខាង​មុខ​នេះ។

លោក​ ហ្វ្រ៊ែងក៍ លុនត្ស៍ (Frank​ Luntz) អ្នកស្ទង់មតិ និង​ជា​អ្នកយុទ្ធសាស្ត្រ​នយោបាយ​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា អ្នក​បោះឆ្នោត​ខាង​គណបក្សសាធារណរដ្ឋ​កំពុង​រក​មើល​បេក្ខជន​ម្នាក់​ដែល​តំណាង​ឲ្យ​គោលការណ៍​អភិរក្ស​និយម ហើយ​មាន​បំណង​គោរព​ការសន្យា​របស់ខ្លួន។

លោក​ លុនត្ស៍ និយាយ​ទៅ​កាន់​បណ្តាញ​ទូរទស្សន៍​ CSPAN ថា៖

«អ្វី​ដែល​ពួក​អ្នក​បោះឆ្នោត​កំពុង​ចង់​បាន​ពី​អ្នក​បេក្ខជន​ទាំងនេះ គឺ​នរណា​ម្នាក់ដែល​និយាយ​អ្វី​ដែល​គេ​នឹង​ធ្វើ​ ហើយ​នឹង​ធ្វើ​អ្វី​ដែល​គេ​និយាយ។​ ឃ្លា​ដែល​ថា​’និយាយ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ ហើយ​នឹង​ធ្វើ​អ្វី​ដែល​អ្នក​និយាយ​’មាន​សារៈសំខាន់​បំផុត​សម្រាប់​បេក្ខជន​ប្រធានាធិបតី»។

ឥស្សរជន​ខ្លះ​ក្នុង​បណ្តា​សមាជិក​សំខាន់ៗ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែលប្រហែល​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​នៅឆ្នាំ​២០១២​មិនបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ក្នុង​រដ្ឋ​ អៃអូវ៉ា នេះ​ទេ។ ក្នុង​ចំណោម​ឥស្សរជន​ទាំង​នោះ​មាន

លោក​ មីត្ត រ៉មនីយ៍ (Mitt ​Romney) អតីត​អភិបាលរដ្ឋ​ ម៉ាស្សាជូសេត្តស៍ (Massachusetts) លោក​ មៃក៍ ហាក្កប៊ី (Mike​ Huckabee) អតីត​អភិបាល​រដ្ឋ​ អារ៍កានសាស (Arkansas) និង​លោកស្រី សារ៉ា ផេលីន (Sarah​ Palin) អតីត​អភិបាលរដ្ឋ​ អាឡាស្កា (Alaska)។ ជន​ទាំង​បីនាក់​នេះ និង​លោក​ ញូត៍ ឌ្យីនហ្គ្រិច (Newt​ Gingrinch) ឋិត​នៅ​លើគេ​នៃ​ការស្ទង់មតិ​សាធារណៈ​ដែល​បាន​សាកសួរ​អ្នក​សាធារណរដ្ឋ​អំពី​នរណា​ដែល​ពួកគេ​ចង់​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២។​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ បេក្ខជន​ខាង​គណបក្ស

សាធារណរដ្ឋ​នឹង​ចេញ​ទៅ​និយាយ​ជាមួយ​ក្រុម​អ្នកបោះឆ្នោត​ និង​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋ​ខ្លះ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដំបូងៗ។ ​ពួកគេ​ក៏នឹង​សាកល្បង​មើល​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​អង្គាស​ប្រាក់​ចាំបាច់​ដើម្បី​ចាយ​វាយ​ក្នុង​ការប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ។

ប្រែសម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG