ការប្រជុំនៃអង្គការសន្និសីទសកម្មភាពនយោបាយអភិរក្សនិយមហៅកាត់ថា CPAC នៅក្នុងស.រ.អា.មិនមែនជាកន្លែងមួយសម្រាប់ស្វែងរកអ្នកគាំទ្រលោកស្រី Hillary Clinton បេក្ខនារីប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យទេ ក៏ប៉ុន្តែពួកសកម្មជនច្រើននាក់ខាងគណបក្សសាធារណរដ្ឋហាក់ដូចជាយល់ឃើញថាលោកស្រីគ្រាន់បើជាងលោក Donald Trump ដែលជាបេក្ខជននាំមុខគេខាងគណបក្សរបស់ពួកគេផ្ទាល់។
លោក Brad Matthews មកពីក្រុង Brookville រដ្ឋ Maryland បាននិយាយថា «ទោះណាជាលោកស្រី Hillary Clinton មានការឆ្គាំឆ្គងច្រើនក៏ដោយ ក៏លោកស្រីមានការពិសោធជាមួយរដ្ឋាភិបាល។ លោក Trump គ្មានការពិសោធខាងរដ្ឋាភិបាលទេ។ លោកគ្មានជំនឿម៉ឺងម៉ាត់ឡើយ»។ ចំពោះលោក Matthews លោក Trump ជាមនុស្ស «មានគ្រោះថ្នាក់ណាស់» សម្រាប់តំណែងប្រធានាធិបតី។ លោក Matthews បាននិយាយថា «ប្រសិនបើការបោះឆ្នោតនេះជាការប្រជែងរវាងលោក Trump និងលោកស្រី Clinton ខ្ញុំមិនដឹងថា ខ្ញុំនឹងទៅបោះឆ្នោតឬបែបណាទេ។ នេះគ្រាន់តែជាការស្មោះត្រង់មួយដែលជាជម្រើសមួយដែលខ្ញុំមិនចង់ធ្វើ»។
លោក John McAdams នៃក្រុង Milwaukee រដ្ឋ Wisconsin បាននិយាយថា លោកនឹង «ប្រហែលជានៅផ្ទះ» ប្រសិនបើជម្រើសនៅក្នុងការបោះឆ្នោតទូទៅក្នុងខែវិច្ឆិកាមានតែរវាងលោក Trump និងលោកស្រី Clinton នោះ។ លោក McAdams បាននិយាយថា «ផ្លូវណាមួយក៏ទៅឋាននរកដែរ។ ខ្ញុំមិនចូលចិត្តលោកស្រី Clinton ខ្លាំងទេ ក៏ប៉ុន្តែលោកស្រីមិនផ្លាស់ប្តូរពាក្យសម្តីដូចលោក Trump ឡើយ។ យ៉ាងហោចណាស់លោកអ្នកដឹងថា លោកអ្នកនឹងបានអ្វី»។
លោក Trump គ្រោងថ្លែងសុន្ទរកថាកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងសន្និសីទ CPAC របស់ពួកអភិរក្សនិយមនៅជិតរដ្ឋធានីវ៉ាស៊ីនតោន ក៏ប៉ុន្តែអង្គការចាត់ចែងការឃោសនាបោះឆ្នោតរបស់លោកបានប្រកាសជាបន្ទាន់កាលពីយប់ថ្ងៃសុក្រថាអ្នកអភិវឌ្ឍអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លាររូបនេះទៅឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Kansas នៅក្នុងផ្នែកកណ្តាលប្រទេសវិញ។
ផ្អែកលើអត្ថាធិប្បាយដោយពួកសមាជិក CPAC ដែលអ្នកយកព័ត៌មានរបស់ VOA បានសម្ភាសន៍ លោក Trump ហាក់ដូចជាប្រឈមមុខនឹងអ្នកស្តាប់លោកនិយាយដែលមិនចូលចិត្តលោក។
អ្នកស្រី Ariana Smith មកពីក្រុង Morgantown រដ្ឋ West Virginia បាននិយាយថា «ខ្ញុំមិនអាចទ្រាំនឹងលោក Trump បានទេ។ និយាយដោយត្រង់ទៅ ខ្ញុំយល់ថាគាត់ឆ្កួត។ ខ្ញុំមិនចូលចិត្តគាត់សោះ»។ អ្នកស្រី Smith បាននិយាយថាអ្នកស្រីស្អប់ខ្ពើម «ពាក្យសម្តីសឹងតែគ្រប់ម៉ាត់ដែលចេញពីមាត់បុរសនេះ» ហើយអ្នកស្រីមិនឃើញមានហេតុផលអ្វីដែលនាំឱ្យអ្នកស្រីបោះឆ្នោតឱ្យលោក Trump ទេដោយអ្នកស្រីបានថ្លែងថា «និយាយដោយស្មោះត្រង់ទៅ ខ្ញុំនឹងបោះឆ្នោតឱ្យភាគីទីបីប្រសិនបើបេក្ខជននេះទទួលការតែងតាំង»៕