កាលពីថ្ងៃអាទិត្យលោក Ben Carson បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបាននិយាយថា អ្នកកាន់សាសនាឥស្លាមមិនសមនឹងកាន់តំណែងជាប្រធានាធិបតីស.រ.អាទេ ដោយលោកបានថ្លែងបង្ហាញហេតុផលថាគោលការណ៍នៃសាសនាឥស្លាមមិនត្រូវគ្នាជាមួយតម្លៃអាមេរិកាំងទេ។
លោក Carson ដែលជាអ្នកគោរពគ្រឹស្តសាសនាហ្មត់ចត់ម្នាក់បាននិយាយប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍អាមេរិកាំង NBC ថា «ខ្ញុំមិនគាំទ្រដល់ការដាក់អ្នកកាន់សាសនាឥស្លាមម្នាក់ឲ្យដឹកនាំប្រទេសជាតិនេះទេ។ ខ្ញុំមិនយល់ស្របជាមួយដាច់ខាតនឹងការណ៍នេះ»។
លោក Carson បានថ្លែងថា ជំនឿសាសនារបស់ប្រធានាធិបតីម្នាក់គួរតែជាបញ្ហាសំខាន់មួយសម្រាប់ក្រុមអ្នកបោះឆ្នោត ហើយលោកពណ៌នាជំនឿសាសនា ឥស្លាមថា មិនត្រូវគ្នាជាមួយរដ្ឋធម្មនុញ្ញទេ ទោះណាជាលោកមិនបាននិយាយឲ្យបានចំៗអំពីអ្វីខ្លះ ដែលសាសនាឥស្លាមប្រឆាំងនឹងគោលការណ៍ក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។
អត្ថាធិប្បាយរបស់លោក Carson ត្រូវបានឡើងនៅពេលមានការបែកបាក់គ្នាដោយសារលោក Donald Trump បានប្រកែកកាលពីសប្តាហ៍មុនមិនព្រម ដោះស្រាយបញ្ហាជាមួយបុរសម្នាក់ដែលនៅក្នុងការឃោសនាបោះឆ្នោតក្នុងរដ្ឋ New Hampshire ដែលបាននិយាយដោយខុសថា លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាជាអ្នកកាន់សាសនាឥស្លាម ហើយថា ក្រុមអ្នកគោរពសាសនាឥស្លាមជា «បញ្ហាមួយនៅក្នុងប្រទេសនេះ»៕