ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​ស.រ.អា.​ ​ប្រកាស​អំពី​ការ​បង្កើត​ក្រុម​ពិភាក្សាដែល​មក​ពី​គណបក្ស​ទាំង​ពីរ​ក្នុង​សភា ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេស​កម្ពុជា​


រូប​ឯកសារ៖ សមាជិក​សភា​ស.រ.អា. និយាយ​នៅ​ក្នុង​សវនាការ​នៃ​អនុគណៈកម្មាធិការ​មួយ​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤។​​

កាល​ពី​ថ្ងៃ​អង្គារ​ទី​២២ខែ​មីនា លោក Alan Lowenthal និង​លោក​ Steve Chabot​ សមាជិក​សភា​ស.រ.អា.​ បាន​ប្រកាស​អំពី​ការ​បង្កើត​ក្រុម​ពិភាក្សា​ដែល​មក​ពី​គណបក្ស​ទាំង​ពីរ​ក្នុង​សភា ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេស​កម្ពុជា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Bipartisan Congressional Cambodia Caucus ដើម្បី​ប្រមូល​ផ្តុំ​ជាមួយ​គ្នា​នូវ​ពួក​សមាជិក​សភា​អាមេរិកាំង​ទាំង​ឡាយ​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​ស្ថានការណ៍​នយោបាយ​ដ៏​ពិបាក​ក្នុង​ប្រទេស​កម្ពុជា​ និង​ទំនាក់ទំនង​ទូលំទូលាយ​របស់​ស.រ.អា.​ជាមួយ​ប្រទេស​ជាតិ​នេះ​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍។

លោកតំណាង​រាស្ត្រ​អាមេរិកាំង​ Lowenthal និង​ Chabot​ នឹង​បម្រើការ​ជា​សហប្រធាន​នៃ​ក្រុម​ពិភាក្សា​បញ្ហា​ប្រទេស​កម្ពុជា​ថ្មីនេះ។

រូប​ឯកសារ៖ សមាជិក​សភា​អាមេរិក​ Alan Lowenthal ។
រូប​ឯកសារ៖ សមាជិក​សភា​អាមេរិក​ Alan Lowenthal ។

​លោក Lowenthal ដែល​ជា​សមាជិកសភា​ស.រ.អា.ក៏​ជា​សមាជិក​នៃ​គណៈកម្មាធិការការបរទេស​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​និង​អនុគណៈកម្មាធិការ​ស្តី​ពី​ភូមិ​ភាគ​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែរ។

លោក​តំណាង​ក្រុង​ Long Beach ដែល​មាន​សហគមន៍​ខ្មែរ​ធំ​មួយ​ ក្នុង​បណ្តា​សហគមន៍​ខ្មែរ​ធំៗ​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា។​

លោក​ Chabot សមាជិក​សភា​ស.រ.អា.​ជា​អតីត​ប្រធាន​នៃ​អនុគណៈកម្មាធិការ​ស្តី​ពី​ភូមិភាគ​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​គណៈកម្មាធិការ​ការបរទេស​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ​ហើយ​លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកជំនាញការ​នាំ​មុខ​គេ​ម្នាក់​ អំពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​សភាស.រ.អា.។​

​លោក​សមាជិក​សភា​ស.រ.អា​. Lowenthal បាន​មាន​ប្រសាសន៍​ថា​ «ក្នុង​ឋានៈ​ជា​អ្នកតំណាង​នៃ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ច្រើន​នាក់​ ដែល​ក្នុង​បណ្តា​ក្រុម​ជន​ទាំង​នេះ​មាន​ជា​ច្រើន​នាក់​នៅ​តែ​មាន​ការ​ទាក់ទង​យ៉ាង​ជ្រៅ​ជាមួយ​ប្រទេស​កម្ពុជា​ ខ្ញុំ​មានអារម្មណ៍​ថា​ជា​ការចាំបាច់​ដែល​សភា​ត្រូវ​ធ្វើ​អ្វី​ទាំង​អស់​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ស.រ.អា.នៅ​តែ​បម្រើការ​តទៅ​ទៀត​ជា​ឥទ្ធិពល​វិជ្ជមាន​មួយ​លើ​ប្រទេស​កម្ពុជា ​នៅ​ពេល​ដែល​ប្រទេស​នេះ​ខិតខំ​ព្យាយាម​ចូលរួម​ឱ្យ​បាន​ពេញលេញ​នៅ​ក្នុង​សហគមន៍​អន្តរជាតិ»។

លោក Steve Chabot ​បាន​មាន​ប្រសាសន៍​ថា​ «ទំនាក់ទំនង​ខ្លាំង​មួយ​រវាង​ស.រ.អា.​និង​ប្រទេស​កម្ពុជា​មាន​សារៈសំខាន់​ណាស់​ដល់​អនាគត​នៃ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍។ ប្រទេស​កម្ពុជា​បាន​ក្លាយ​យ៉ាង​ឆាប់​រហ័ស​ជា​ដៃ​គូ​សេដ្ឋកិច្ច​សំខាន់​មួយ​របស់​ស.រ.អា.​ហើយ​ជា​ការចាំបាច់​ដែល​យើង​ត្រូវ​តែ​បន្ត​បណ្តុះ​បណ្តាល​ការ​លូតលាស់​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ នៅ​ពេល​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​សេចក្តី​ថ្លៃ​ថ្នូរ​សំខាន់ៗ​របស់យើង​ដូចជា​ការគោរព​សិទ្ធិ​មនុស្ស​និង​វិធាន​នៃ​ច្បាប់​ជាដើម​»។

នៅក្នុង​ជំនួប​ដំបូង​នៃ​ក្រុម​ពិភាក្សា​មក​ពី​គណបក្ស​ទាំង​ពីរ​ អស់​លោក​តំណាងរាស្ត្រ​អាមេរិកាំង​ Lowenthal និង​ Chabot បាន​ជួប​កាល​ពី​ថ្ងៃទី​១៧​ខែ​មិនា​ជាមួយ​លោក​ Bill Heidt ឯកអគ្គ​រដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​និយាយ​ជម្រាប​អស់​លោក​ទាំង​ពីរ ​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​ថ្មីៗ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG