ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខានិងនារីវ័យក្មេង បានទៅដល់ដៃរបស់លោក ហើយថា រដ្ឋាភិបាលនិងរដ្ឋសភាជាតិ អាចនឹងធ្វើកិច្ចអន្តរាគមន៍នោះ ស្ថាប័នមួយចំនួនបង្កើនការយកចិត្តទុកដាក់ចំពោះខ្សែអាត់សំឡេងសាសងស្នេហា ដែលគេសង្ស័យថា ជាសំឡេងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនេះ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សជំទាស់នេះ បន្តប្រកាន់ជំហរ «មិនឆ្លង មិនឆ្លើយនិងមិនឈ្លោះ» ដដែល។
លោក យឹម សុវណ្ណ អ្នកនាំពាក្យនិងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកសុំមិនអធិប្បាយអំពីរឿងនេះទេ។
លោកនិយាយថា គណបក្សនេះមានរឿងប្រទេសជាតិជាច្រើនដែលត្រូវយកចិត្តទុកដាក់។
«ខ្ញុំសូមអត់ធ្វើអត្ថាធិប្បាយទេ។ ខ្ញុំទុកឲ្យប្រជាពលរដ្ឋខ្មែរ១លាននាក់ឆ្លើយជំនួសចុះ»។
ក្នុងពេលជាមួយគ្នានេះដែរ លេខាធិការដ្ឋានរដ្ឋសភា បានបញ្ជូនលិខិតរបស់និស្សិតដែលទាមទារឲ្យរដ្ឋសភាកោះហៅលោក កឹម សុខា ឲ្យបំភ្លឺរឿងខ្សែអាត់សំឡេងស្នេហានោះ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃលេខាធិការដ្ឋានរដ្ឋសភា បានប្រាប់ VOA ថា លោកបានបញ្ជូនលិខិតរបស់និស្សិតនោះទៅលោក កឹម សុខា តាមចំណាររបស់លោក ងួន ញ៉ិល ប្រធានរដ្ឋសភាស្ដីទី និងស្របតាមមាត្រារដ្ឋធម្មនុញ្ញដែលតម្រូវឲ្យសភាឬសមាជិកសភាឆ្លើយនឹងញត្តិរបស់ពលរដ្ឋឲ្យបានហ្មត់ចត់។
«ក្នុងច្បាប់យើង យើងមានតែប៉ុណ្ណឹងបាទ។ យើងមានតែធ្វើសំបុត្រឲ្យគាត់។ បើគាត់មិនឆ្លើយ មានតែខ្ញុំហ្នឹង រដ្ឋសភាហ្នឹង គឺយើងរាយការណ៍ទៅយុវជនថា គាត់មិនឆ្លើយទេ។ តែប៉ុណ្ណឹងទេបាទ។ អឺយើងមិនទាន់មានច្បាប់លម្អិតណាមួយដែលបញ្ជាក់ពីវិធានការផ្សេងទៀតទេបាទ»។
ស្រដៀងគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្ដឹង និងធ្វើសន្និសីទអំពីបណ្ដឹងរបស់ក្រុមនិស្សិតដែលទាមទារការបំភ្លឺពីលោក កឹម សុខា អំពីខ្សែអាត់សំឡេងស្នេហាដែលគេសង្ស័យថា ជាសំឡេងរបស់លោក កឹម សុខា និងនាង ខុម ចាន់តារាទី។
អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលទ្ធផលនៃការវិភាគសំឡេងនេះនៅថ្ងៃព្រហស្បតិ៍នេះ។
នាង ខុម ចាន់តារាទី ធ្លាប់បានបញ្ជាក់ថា លោក កឹម សុខាបានទូរស័ព្ទមកនិយាយជាមួយនាងរឿងកាត់សក់ លាបសក់តែប៉ុណ្ណោះ។ ក្នុងបទសម្ភាសន៍ពិសេសជាមួយ VOA នាងមិនបាននិយាយថា សំឡេងសាសងស្នេហានោះជាសំឡេងកាត់ត ឬជាសំឡេងពិតរបស់នាងទេ។ នាងគ្រាន់តែនិយាយថា នាងមិនដែលនិយាយរឿងស្នេហាដូចពាក្យដែលគេផ្សព្វផ្សាយនោះទេ។
កាលពីដើមខែនេះ ខ្សែអាត់សំឡេង ដែលគេចោទថា ជាសំឡេងរបស់លោក កឹម សុខា និងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ «អាមុំ» ឬ ខុម ចាន់តារាទីត្រូវបានគេបង្ហោះក្នុងគណនីហ្វេសប៊ុក ជាបន្តបន្ទាប់ និងត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុកផងដែរ។
ដោយមានការប្ដឹងផ្ដល់ពីនាង ធី សុវណ្ណថា ទាក់ទិននឹងការបរិហារកេរ្តិ៍ តុលាការក្រុងភ្នំពេញ បានបញ្ជូនឲ្យនាយកដ្ឋានភេរវកម្មនៃក្រសួងមហាផ្ទៃធ្វើការ។
នាង ខុម ចាន់ដារាទី ហៅស្រីមុំ ដែលគេចោទថា ជាស្រីកំណាន់របស់លោក កឹម សុខា បានបញ្ចប់ការបំភ្លឺរបស់ខ្លួន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម នៃការក្រសួងមហាផ្ទៃ ដែលបានស៊ើបអង្កេតករណីនេះ ក្រោយពីការប្ដឹងផ្ដល់ពីនាង ធី សុវណ្ណថាទាក់ទិននឹងការបរិហារកេរ្តិ៍។
ប៉ុន្តែ នាង ខុម ចាន់ដារាទី បានបដិសេធការចោទប្រកាន់នេះ។
ក្រោយពីមានការផ្ទុះរឿងខ្សែអាត់សំឡេងនេះ លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះ ក៏ធ្លាប់បានប្រកាសថា លោកជ្រើសយកជំហរ « មិនឆ្លង មិនឆ្លើយនិងមិនឈ្លោះ»៕