ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងវង់ប្រតិបត្តិខ្លី២គ្រាប់ចូលក្នុងសមុទ្រ ដែលទំនងជាការឆ្លើយតបទៅនឹងការបន្តធ្វើសមយុទ្ធខាងយោធាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ក្រុមមន្រ្តីក្នុងរដ្ឋធានីសេអ៊ូលបាននិយាយថា ក្រសួងការពារប្រទេសកូរ៉េខាងត្បូង បាននិយាយថា កាំជ្រួចមីស៊ីលនោះបានត្រូវគេបាញ់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះចេញពីខេត្ត Hwanghae ភាគខាងជើង។ កាំជ្រួចនេះបានហោះចម្ងាយប្រហែល៥០០គីឡូម៉ែត្រហើយបានធ្លាក់ចូលក្នុងផ្ទៃទឹកទល់មុខឆ្នេរសមុទ្រផ្នែកខាងកើត។
ការបាញ់បែបនេះ មិនមែនជារឿងធម្មតាទេនៅពេលដែលការតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េនោះ។ កូរ៉េខាងជើងបានស្អប់ការធ្វើសមយុទ្ធខាងយោធាដ៏ធំរវាងរដ្ឋាភិបាលទីក្រុងសេអ៊ូល និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយបានហៅសមយុទ្ធនេះថា ជាការប្រុងប្រៀបដើម្បីធ្វើការឈ្លានពាន។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក៏បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះដែរថា ខ្លួន នឹងកម្ទេចទ្រព្យសម្បត្តិរបស់កូរ៉េខាងត្បូងដែលនៅសេសសល់ដែលស្ថិតនៅទឹកដីរបស់ខ្លួន ដោយនិយាយសំដៅគម្រោងរួមគ្នា២ដែលបោះបង់ចោលគឺមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong ហើយនិងកន្លែងលំហែកាយទេសចរណ៍នៅភ្នំ Kumgang ដែលទីកន្លែងទាំង២នេះស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង។
គណៈកម្មាធិការបង្រួបបង្រួមកូរ៉េដោយសន្តិភាពរបស់ប្រទេសកូរ៉េខាងជើង ក៏បាននិយាយដែរថា ខ្លួននឹងទុកជាមោឃៈនូវកិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូងស្តីពីកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ហើយនិងកម្មវិធីផ្លាស់ប្តូរគ្នា ហើយបានគំរាមកំហែងចំណាត់ការខាងយោធា និងសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង។សេចក្តីថ្លែងការណ៍នោះ បានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង។
ទ្រព្យសម្បត្តិរបស់កូរ៉េខាងត្បូង បានបន្សល់ទុកនៅមជ្ឈមណ្ឌល Kaesong មានតម្លៃ៦៦៣លានដុល្លារ។ គេមិនទាន់ដឹងច្បាស់នៅឡើយថា កូរ៉េខាងជើងមានចាត់ចែងទ្រព្យសម្បត្តិនោះយ៉ាងដូចម្តេចទេ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងខឹងសម្បារពីការដាក់ទណ្ឌកម្មដ៏ខ្លាំងរបស់អង្គការសហប្រជាជាតិបន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយនិងការបាញ់បង្ហោះកាំជ្រួចវង់ប្រតិបត្តិការឆ្ងាយកាលពីពេលថ្មីៗនេះ៕