ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយសារ​ជំងឺ COVID-19


លោក​នាយករដ្ឋមន្ត្រី Shinzo Abe ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ នៅ​ទីសំណាក់​ផ្លូវ​ការ​របស់​លោក​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី Shinzo Abe ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ នៅ​ទីសំណាក់​ផ្លូវ​ការ​របស់​លោក​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ជប៉ុន​បាន​រាយការណ៍​ថា លោក​នាយករដ្ឋមន្ត្រី Shinzo Abe នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19។

ប្រភព​នានា​បាន​បញ្ជាក់​ថា លោក Abe ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​អំពី​គម្រោង​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ក្រុម​ការងារ​ពិសេស ដែល​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។ ការ​ប្រកាស​ផ្លូវការ​សម្រាប់​ទីក្រុង​តូក្យូ និង​ទីក្រុង​អូសាកា​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​ស្អែក។

ការ​ប្រកាស​នេះ​នឹង​ផ្ដល់​អំណាច​ផ្លូវ​ច្បាប់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​អំពាវនាវ​ដល់​ពលរដ្ឋ​ជប៉ុន​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ និង​ស្នើ​សាលារៀន និង​កន្លែង​អាជីវកម្ម​នានា​ឲ្យ​បិទ​ដំណើរការ។ រដ្ឋធម្មនុញ្ញ​ប្រទេស​ជប៉ុន ដែល​ផ្ដល់​តម្លៃ​ខ្លាំង​ដល់​សេរីភាព​ពលរដ្ឋ មិន​បាន​ផ្ដល់​អំណាច​ដល់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ដាក់​កំហិត​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ដែល​ត្រូវតែ​ធ្វើ​តាម​នោះ​ទេ។

លោក Abe បាន​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន ប៉ុន្តែ​មើល​ទៅ​លោក​ទំនង​ជា​នឹង​ធ្វើ​ដូច្នេះ បន្ទាប់ពី​ទីក្រុង​តូក្យូ​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន ១៤៣ ករណី​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​ពេល​មួយ​ថ្ងៃ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ទីក្រុង​តូក្យូ​កើន​លើស ១ ពាន់​នាក់។

នៅ​ទូទាំង​ប្រទេស​ជប៉ុន មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣ ពាន់ ៥ រយ​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជាង ៧០ នាក់៕

XS
SM
MD
LG