ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈាម​ជន្លេនខ្សាច់​សមុទ្រ​​អាច​ជួយ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩


បុគ្គលិកសុខាភិបាលឈរមើលតាមទ្វារក្នុងមន្ទីរពេទ្យមួយកាលពីថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២០ នៅក្នុងក្រុង Rennes ប៉ែកខាងលិចប្រទេសបារាំង។
បុគ្គលិកសុខាភិបាលឈរមើលតាមទ្វារក្នុងមន្ទីរពេទ្យមួយកាលពីថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២០ នៅក្នុងក្រុង Rennes ប៉ែកខាងលិចប្រទេសបារាំង។

មន្ទីរ​ពេទ្យ​ពីរ​កន្លែង​នៅ​ប្រទេស​បារាំង​ត្រូវ​គេ​រំពឹង​ថា ​នឹង​ចាប់ផ្តើម​ពិសោធន៍​ប្រើ​ឈាម​ជន្លេន​ម្យ៉ាង​នៅ​តាម​ឆ្នេរ​ខ្សាច់​សមុទ្រ​ ឬហៅ​ថា​ sandworm ក្នុងការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី។

គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Pitie-Salpetriere និង Georges Pompidou ក្នុង​ទីក្រុង​បារីស​ នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នឹង​ពិសោធន៍​មើល​ថា​ តើ​អាច​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ចាក់​ឈាម​ជន្លេន​បញ្ចូល​ទៅ​ក្នុង​ឈាមមនុស្ស ដោយ​សង្ឃឹម​ថា​អាច​បង្កើន​ជាតិ​អុកស៊ីហ្ស៊ែន​នៅ​ក្នុង​កោសិកា​អ្នក​ជំងឺកូវីដ១៩។

ទីភ្នាក់ងារ​ឱសថ​បារាំង ANSM បាន​អនុម័ត​យល់​ព្រម​ចំពោះ​ដំណាក់​កាល​ទី​១​នៃ​ការ​ព្យាបាល​សាកល្បង​បែប​វេជ្ជសាស្ត្រ​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ហើយ​គណៈកម្មាធិការ​សីលធម៌​បារាំង​បាន​យប់ព្រម​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា។

អ្នក​ជំនាញ​ជីវសាស្ត្រ​ Franck Zal ដែល​បាន​រក​ឃើញ​ការ​ព្យាបាល​បែប​នេះ បាន​សង្កេត​ឃើញ​ថា​ជន្លេន​ sandworm អាច​រស់​នៅ​ក្នុង​ខ្សាច់ដោយ​មិន​ដក​ដង្ហើម​រហូតដល់​៦​ម៉ោង ហើយឈាម​ជន្លេន​ទំនងអាច​រក្សា​ជាតិអុកស៊ីហ្ស៊ែន​បាន​ច្រើន។

ការ​សាកល្បង​វីធី​ព្យាបាល​ថ្មី​នេះ​នឹង​ធ្វើ​ដំបូង​លើ​អ្នក​ជំងឺ​កូវីដ១៩​ចំនួន​១០​នាក់ ដែល​ជិត​ស្លាប់ ដោយ​រង់​ចាំ​មើល​លទ្ធផល​សិន​មុន​នឹង​អាច​ឈាន​ដល់​ការ​ពិសោធន៍​ដំណាក់​កាល​បន្ត​ទៀត។

ការ​ព្យាបាល​សាកល្បង​នេះ​ត្រូវ​គេ​ធ្វើ​ឡើង​ដល់​អ្នក​ជំងឺ​ម្នាក់​ម្តងៗ ហើយ​ប្រើ​តែ​លើ​អ្នក​ជំងឺ​ណា​ដែល​ក្រុមគ្រួសារ​ពួក​គេ​បាន​យល់​ព្រម​ប៉ុណ្ណោះ។

គ្រូ​ពេទ្យ​បារាំង​ទទួល​ស្គាល់​ថា​វិធី​ព្យាបាល​នេះ​មិន​ប្រក្រតី​ហើយ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង ប៉ុន្តែ​ដោយ​សារ​គេ​មិន​ទាន់​មាន​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ពួក​គេ​គិត​ថា​ការ​សាកល្បង​នេះ​ប្រសើរ។

គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​បារាំង​បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ពី​កូវីដ​១៩​កើន​ឡើង​ដល់​ជាង​៨.០០០​នាក់​ហើយ៕

XS
SM
MD
LG