ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ក្រុង​ហុងកុង​ នឹង​ផ្អាក​សេចក្ដី​ព្រាងច្បាប់​​បត្យាប័ន


នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​គឺ​អ្នកស្រី ឃែរី លែម (Carrie Lam) ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ហុងកុង​កាលពី​ថ្ងទី១០ ខែមិថុនា​ ឆ្នាំ២០១៩។
នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​គឺ​អ្នកស្រី ឃែរី លែម (Carrie Lam) ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ហុងកុង​កាលពី​ថ្ងទី១០ ខែមិថុនា​ ឆ្នាំ២០១៩។

រដ្ឋាភិបាល​ក្រុង​ហុងកុង បាន​សម្រេច​ព្យួរ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​បត្យាប័ន ដែល​បាន​បង្ក​ឱ្យ​មាន​មហា​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​នេះ។

នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​គឺ​អ្នកស្រី ឃែរី លែម (Carrie Lam) បាន​មាន​ប្រសាសន៍ ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល នឹង​មិន​ចាត់វិធានការ​លើ​សេចក្ដីព្រាង​ច្បាប់​នេះ​ទេ រហូត​ទាល់​តែ​ខ្លួន​បាន​ពិភាក្សា​ជាមួយ​ភាគី​ផ្សេងៗ​សិន។​

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​បត្យាប័ន​នេះ នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ជន​សង្ស័យ​ដែល​ជា​ឧក្រិដ្ឋជន ទៅ​ឱ្យ​ប្រទេស​ចិន​ដីគោក ដើម្បី​កាត់ទោស។ ការណ៍​នេះ បាន​ញ៉ាំង​ឱ្យ​មាន​ផ្អើល​ឆោឡោ​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ សហគមន៍​អ្នក​ច្បាប់​និង​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដោយសារ​តែ​ប្រទេស​ចិន មាន​ប្រព័ន្ធ​ច្បាប់​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ហុងកុង។

បាតុករ​រាប់​សែន​នាក់ បាន​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា​កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​សភា​ហុងកុង គ្រោង​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​បត្យាប័ន​នេះ។

បាតុកម្ម​កាល​ពី​ថ្ងៃ​ពុធ ដែល​បាន​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​ប៉ូលិស មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​តវ៉ា​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​បាតុកម្ម​លើក​នេះ ពោរពេញ​ដោយ​កំហឹង​និង​ការ​ប្ដេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង​ជាង​មុន។

សំណើ​កែប្រែ​ច្បាប់​របស់​ក្រុង​ហុងកុង​នេះ បាន​ទាក់ទាញ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ៕

XS
SM
MD
LG