ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​ពេល​សាលក្រម​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ទទូច​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​បទ​ចោទ​លើ​អ្នក​ប្រែ​ឲ្យ​ RT


ស្ត្រីម្នាក់​បាន​កាន់​បដាទាមទារឲ្យមានការដោះលែងលោក រ៉ាត់ រត្នមុនី ដែល​ត្រូវបានតុលាការកំពុងជំនុំជម្រះក្តីពាក់ព័ន្ធនឹងការងាររបស់លោកក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ‍» នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

មុន​ពេល​ប្រកាស​សាលក្រមដែលនឹង​ប្រកាសនៅ​ចុង​ខែ​មិថុនា​នេះ​​ អង្គការ​ការពារ​សិទ្ធិ​អ្នក​កាសែត​ធំ​មួយ​បានចាត់​ទុក​​ការ​ចោទរបស់តុលាការកម្ពុជា​​លើលោក​ ​រ៉ាត់ រត្នមុនី អ្នក​បកប្រែ​ឲ្យ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ Russia Today ថា​ជា​ការ​ប្រឌិត ហើយ​ទាម​ទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​នេះ។

នៅ​មុន​តុលាការភ្នំពេញ​ប្រកាស​សាលក្រម​ដល់​អ្នក​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មានរដ្ឋ​រុស្ស៊ី​ Russia Today ​(ឬ RT)​ ក្នុង​សំណុំ​រឿង​ផ្សាយ​ព័ត៌មាន​ប៉ះពាល់​ដល់​ស្ត្រី​ខ្មែរ​នៅចុង​ខែ​មិថុនា​នោះ​ អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន​ (Reporters Without Borders) បាន​ស្នើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ផ្តល់​សេរីភាព​ដល់​អ្នក​បកប្រែ​រូប​នោះ​ ដោយ​សារ​មាន​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ចម្លើយ​របស់​សាក្សី​ និង​ការណ៍​ដែល​តុលាការ​មិន​អើ​ពើ​លើ​ភស្តុតាង​ដែល​បាន​ផ្តល់​ជូន​ដោយ​ជន​ជាប់​ចោទ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ដែល​ VOA​ បាន​ទទួល​ក្នុង​សប្តាហ៍​នេះ។

តាម​សេចក្តី​ប្រកាស​នោះ​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ «បាន​អំពាវនាវ​ឲ្យ​លើក​រាល់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ​រ៉ាត់ រត្នមុនី​ ដែល​ជា​អ្នក​ជួយ​បកប្រែ​ព័ត៌មាន​ ហើយ​ដែល​បទ​ឧក្រិដ្ឋ​របស់​ខ្លួន​នោះ​ គឺ​ជា​ការ​ជួយ​ដល់​ក្រុម​ការងាររបស់​បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ RT ​ដើម្បី​ផលិត​កុន​ឯកសារ​អំពី​ពេស្យា​កុមារ​នៅ​ប្រទេស​កម្ពុជា»។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​កត់​សម្គាល់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំខ្លួន​ជាង​ប្រាំមួយ​ខែ​មក​នោះ​ លោក​ មុនី​ នឹង​ទទួល​បាន​សាលក្រម​នៅ​ថ្ងៃទី​២៦ ​ខែ​មិថុនា​នេះ។​ បទ​ចោទ​របស់​ស្ថាប័ន​អយ្យការ​បាន​ចោទ​លោក​ថា​ ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​ ​ដោយ​ការ​ជួយ RT​ ក្នុង​អំឡុង​ពេល​ថត​ភាពយន្ត​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ដែល​ជា​ភាពយន្ត​ឯកសារ​ ​ចាក់​បញ្ចាំង​កាលពី​ខែ​តុលា​ ឆ្នាំ​២០១៨។

អង្គការ​ការពារ​សិទ្ធិ​អ្នក​កាសែត​អន្តរជាតិ​ដដែល​នេះ បាន​លើកឡើង​ថា​ ការ​រត់​គេច​ខ្លួនរបស់​លោក ​មុនី ​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​ប្រទេស​ថៃ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាកើត​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ យ៉ាង​ណា​ក៏​ដោយ​ លោក​ មុនី​ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​នៅ​ទីក្រុង​បាងកក​ កាល​ពីថ្ងៃ​ទី​៧​ ខែ​ធ្នូ​ និង​បាន​ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា​ប្រាំថ្ងៃ​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នោះ។​

លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

ដោយ​បាន​ពណ៌នា​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ថា លោក​ជា​សហ​ផលិតករ​នៃ​ភាពយន្ត​ឯកសារ​នោះ​ និង​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ ថា​លោក​ មុនី​ បាន​ទិញ​សាច់រឿង​និង​បាន​ចាក់​ផ្សាយ​ «ព័ត៌មាន​ក្លែងក្លាយ​ ប្រមាថ​ជាតិ​នោះ»​ លោក​ មុនី​ អាច​នឹង​ប្រឈម​នឹង​ការ​ជាប់ឃុំ​បីឆ្នាំ​ និង​អាច​ត្រូវ​បង្គាប់​ឲ្យ​សង​ប្រាក់ខូចខាត​ដល់​ទៅ​៥ម៉ឺន​ដុល្លារ​ ដល់​ដើម​បណ្តឹង ​ដែល​កើត​ចេញ​ពីការ​ចោទ​ប្រកាន់​របស់​ស្ថាប័ន​អយ្យការ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ចាត់​ទុក​ការ​ចាត់​ការ​រឿង​ក្តី​របស់​តុលាការ​កម្ពុជា​ថាជា​«តុលាការ​ភូតភរ»។

លោក​ Daniel Bastard ​ប្រធាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវបាន​ស្រង់​សម្តីក្នុង​ន័យដើម​ថា៖ «ការ​សម្រេច​ចិត្ត​ដែល​នឹង​ធ្វើឡើង​ដោយ​លោក កូយ​ សៅ​ ចៅក្រម​កាត់​ក្តី​លោក​ រ៉ាត់ រត្នមុនី​ នឹង​បង្ក​ឲ្យ​មាន​ការ​សន្និដ្ឋាន​ដ៏​មន្ទិល​ជាច្រើន​ចំពោះ​ភាព​គួរ​ឲ្យ​ជឿជាក់បាន​របស់​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​កម្ពុជា»។

លោក​ត្រូវបាន​គេស្រង់​សម្តី​បន្ថែម​ថា៖ «វា​ដល់​ពេល​ដែលត្រូវ​បញ្ចប់​ការ​ភូតភរ​ខាង​យុត្តិធម៌​ និង​ដោះលែង​លោក​ រ៉ាត់​ រត្នមុនី​ ចំពោះ​អ្វី​ដែល​ជា​ការ​បំភ្លៃ​សាក្សី​ដោយ​ប៉ូលិស​និង​ការ​មិន​ខ្វល់​ពី​ភស្តុតាង​ និង​ការ​ផ្តល់​មតិ​ការពារ​ដែល​ដាក់​ឲ្យ​ដោយ​ភាគី​ការពារ​ខ្លួន។ បទឧក្រិដ្ឋ​របស់​លោក​ មុនី​ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​បង្ហាញ​នូវ​រឿង​រ៉ាវ​ដែល​ជា​ផល​ប្រយោជន៍​សាធារណៈ​តែ​ប៉ុណ្ណោះ»។

លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​លើ​ការ​ទាម​ទារ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន។

លោក​ ស៊ឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) យល់​ថា​ លោក មុនី​ គ្រាន់តែ​ជា​អ្នកប្រែ​ដែល​គ្មានតួនាទី​ផ្តល់​យោបល់​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​ «ម្តាយខ្ញុំ​លក់​ខ្ញុំ»​ របស់​ RT។ លោក​អះអាង​ថា​ លោក មុនី មិន​គួរ​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ការ​ចោទ​របស់​ស្ថាប័ន​តុលាការ​នោះ​ទេ ហើយ​បើ​តុលាការ​បន្ត​ចោទ​លោក​ទៀត​នោះ​ សាធារណជន​នឹង​ផ្តល់​ពិន្ទុ​ដល់​ភាព​ត្រឹមត្រូវ​របស់​តុលាការ។

​«បើសិន​ជា​យើង​គិត​ថា​ ការ​ចាត់​វិធានការ​ផ្លូវច្បាប់​ អត់​ចំ​ជាមួយ​អង្គ​ប្រព្រឹត្ត​នៃ​អំពើ​ ឬក៏​បទ​ល្មើស​ទាំង​អស់​ហ្នឹង វា​ជៀស​មិន​ផុត​ទេ​ សាធារណជន​គេ​ត្រូវ​ ត្រូវ​ធ្វើ​ការ​រិះគន់​ហើយ»។

កាល​ពីខែ​ឧសភា​ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ Amnesty International ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ ក៏​បាន​អំពាវនាវ​ដល់​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​លោក ​មុនី​ ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ ចាត់​ទុក​ការ​ចោទ​ប្រកាន់នឹង​លោក ​មុនី​ ថា​ ជា​ការ​ចោទ​ប្រកាន់​ «ក្លែងក្លាយ»​ ដើម្បី​គំរាម​កំហែង​នរណា​ក៏​ដោយ​ ដែល​ការងារ​របស់​ពួកគេ​បាន​រួម​ចំណែក​ដល់​ការ​បង្ហាញ​នូវ​អ្វីៗ​ដែល​បង្ក​ទុក្ខ​សោក និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា។

អង្គការ​សិទ្ធិមនុស្ស​ដដែល​នេះ​បាន​ទាមទារ​ឲ្យ​ «អាជ្ញាធរ​កម្ពុជា​ឲ្យទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​លោក​ រ៉ាត់​ រត្នមុនី​ និង​ដោះលែង​លោក​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG