ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​បញ្ចប់​ការ​សួរ​ដេញ​ដោល​ក្នុង​សំណុំ​រឿង​របស់​អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ RT


លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ បាន​បញ្ចប់​ការសួរ​ដេញ​ដោល​ដើម​បណ្តឹង​ចំនួន​ប្រាំរូប​ ដែល​បាន​ប្តឹង​លោក​រ៉ាត់​ រត្នមុនី​ អ្នក​ជួយ​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី​ ឈ្មោះ​ Russia Today (ឬហៅថា​RT) ដែល​បាន​ផលិត​ភាពយន្ត​ឯកសារ​មាន​ចំណង​ជើង​ថា​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»។

​ក្រោយ​សវនាការ​ដែល​ធ្វើ​ឡើង​អស់​ពេល​ជាង​ពីរ​ម៉ោង​នោះ លោក​ចៅក្រម​ កូយ​ សៅ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​រសៀល​ថ្ងៃ​ទី ២៦​ ខែមិថុនា​ខាង​មុខនេះ។

ក្នុង​ពេល​សួរ​ដេញ​ដោល​នៅ​ក្នុង​បន្ទប់​សវនាការ​ជម្រះ​ក្តី​លោក​ រ៉ាត់​ រត្នមុនី​ នោះ​ ​ដើម​បណ្តឹង​ទាំង​អស់​សុទ្ធ​តែ​ដាក់​ការ​ស្តី​បន្ទោស​លើ​លោក មុនី​ ថា​ បាន​រួម​ចំណែក​ចេញ​ផ្សាយ​នូវ​ភាពយន្ត​មួយ​ ដែល​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​តម្លៃ​ស្ត្រី​ និង​ធ្វើ​ខូច​ខាត​ដល់​កិត្តិយស​របស់ជីវិត​ឯកជន​ដែល​បាន​ចូលរួម​ក្នុង​ការ​ថត​ភាពយន្ត​រឿង«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»នោះ។

ក៏​ប៉ុន្តែ​លោក​រ៉ាត់​ រត្នមុនី​ បាន​ប្រាប់​តុលាការ​ថា ​លោក​មាន​តួនាទី​ ត្រឹម​តែ​ជា​អ្នក​បកប្រែ​ និង​សម្រប​សម្រួល​ឲ្យ​ក្រុម​អ្នកផលិត​ព័ត៌មាន​របស់​ RT មក​ជួប​អ្នកដែល​ព្រម​ផ្តល់​បទ​សម្ភាសន៍​តែ​ប៉ុណ្ណោះ។

លោក​ រ៉ាត់ រត្នមុនី​ វ័យ​ ៤៧ឆ្នាំ ​សកម្មជន​សិទ្ធិ​ពលករ​និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯក​សារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ កំពុង​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ព្រៃស ​បន្ទាប់​ពី​តុលាការ​ចោទ​លោក​ពី​បទ​ «ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​នោះ​ ​លោក​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ។

មុនការ​បើក​សវនាការ​កាត់​ក្តី​លោករ៉ាត់​ រត្នមុនី​ នៅ​ថ្ងៃពុធនេះ អ្នកស្រី​ Ekaterina Yakovlevaប្រធាន​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​របស់​បណ្តាញ​ព័ត៌មាន ​RT បាន​សរសេរ​លិខិត​មួយ​ទៅ​លោក កែ វិចិត្រ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ក្រុងម៉ូស្គូ​ប្រទេសរុស្ស៊ី​ ដោយ​បាន​បញ្ជាក់​ជាថ្មី​ថា​លោក មុនី ពិត​ជា​អ្នកបក​ប្រែ​ឲ្យបណ្តាញ​ព័ត៌មាន RT​ ប្រាកដមែន៕

XS
SM
MD
LG