ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្តឹង​កាសែត​«មនសិការ​ខ្មែរ»


ទំព័រ​មុខ​របស់​គេហទំព័រ​សារព័ត៌មាន​«មនសិការ​ខ្មែរ​»​នៅ​ថ្ងៃ​ច័ន្ទ ទី​០២ ធ្នូ ២០១៣។
ទំព័រ​មុខ​របស់​គេហទំព័រ​សារព័ត៌មាន​«មនសិការ​ខ្មែរ​»​នៅ​ថ្ងៃ​ច័ន្ទ ទី​០២ ធ្នូ ២០១៣។
ក្រោយ​ពី​ឱសានវាទ​៣​សប្តាហ៍​ដើម្បី​បំភ្លឺ​អំពី​ការ​ចុះផ្សាយ​អត្ថបទ​របស់​កាសែតគណបក្ស​ជំទាស់​មួយ​ដែល​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​កងទ័ព​បាន​កន្លងផុត​ ហើយ​គ្មាន​ការ​បំភ្លឺ​ជាផ្លូវការ​នោះ​ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ ខ្លួន​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​ក្រសួង​ការពារជាតិ ​ដើម្បី​បន្ត​នីតិវិធី​ប្តឹង​ទៅ​តុលាការ​យោធា​ ដើម្បី​កោះហៅ​បណ្ណាធិការ​កាសែត​មនសិការ​ខ្មែរ​ឲ្យ​បំភ្លឺអំពី​អត្ថបទ​នេះ។​

នេះ​ជា​ការ​អះអាង​របស់​លោកផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ហើយ​ជា​អ្នក​សរសេរ​លិខិត​ដើម្បី​ឲ្យ​មាន​ការ​បំភ្លឺ​ពី​សារព័ត៌មាន​មនសិការ​ខ្មែរ៖ «បើតាម​ជា​នីតិវិធី​ ការិយាល័យ​ខ្ញុំ​បាន​បញ្ជូន​នៅ​ថ្ងៃច័ន្ទនេះ។​ ​យើង​រៀបចំ​ ឬក៏​បាន​បញ្ជូន​ ព្រោះខ្ញុំ​នៅឯ​សៀមរាប​ បញ្ជូន​ទៅ​ដើម្បី​បញ្ជូន​ទៅដល់​ក្រសួង​ការពារ​ ជាតិ។​ ហើយ​ក្រសួង​ការពារ​ជាតិ​ហ្នឹង​គេមាន​នីតិវិធី​ មាន​មេធាវី​ដើម្បី​បញ្ជូន​ សំណុំ​រឿង​នេះ​ទៅតុលាការ​យោធា​ដើម្បី​ការពារ​ផល​ប្រយោជន៍​យើង​និង​សិទ្ធិ​ ដែល​យើង​ចង់​បាន»។​

កាសែត​មនសិការ​ខ្មែរ​ ដែល​ជា​កាសែត​ជំទាស់​តែ​មួយ​របស់​គណបក្ស​ជំទាស់​ បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ២០១៣​ដោយ​បាន​ដក​ស្រង់​សម្តីរបស់​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​ក្រៅ​ប្រទេស​ មួយ​អំពី​ការ​បោះឆ្នោត​ ដោយ​ដាក់​ចំណង​ជើងថា ​«កឹម សុខា៖ ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បន្លំ​លទ្ធផល​បោះឆ្នោត​ និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មកឡោម​ព័ទ្ធ​ភ្នំពេញ​ប្លន់​យក​ជ័យជម្នះ​ប្រជារាស្រ្ត​ខ្មែរ»។​

លោក​កឹម សុខា ​ពេលនេះ​កំពុង​ស្ថិតនៅ​ក្នុង​ស.រ.អា.ដើម្បី​ជួបជា​មួយ​ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​អាមេរិកាំង ​ដូចជា​សមាជិក​សភា​អាមេរិក​ លោក​ Ed Royce ​ជាដើម។​ លោក​ធ្លាប់​បាន​បញ្ជាក់​ខ្លី​ថា ​រឿងចុះ​ផ្សាយ​អត្ថបទ​នោះជា​បញ្ហា​របស់​អ្នក កាសែត។​

ទោះបី​ជា​មិន​មាន​ទាន់មាន​ការ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ចង់​បាន​ការ​បំភ្លឺ​មែន​ តែ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​តុលាការ​យោធា​បាន​អះអាង​ថា​ បញ្ហា​កេរ្តិ៍​ឈ្មោះ​កងទ័ព​ជាតិ​ទាំងមូល​ និង​បញ្ហា​សន្តិសុខ​ជារឿង​ដែល​បណ្ណាធិការ​កាសែត​មនសិការ ខ្មែរ​ទំនង​ជា​ត្រូវ​ប្រឈម​មុខ​នៅ​តុលាការ​យោធា​តាមច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី។​

ដោយ​ថ្លែង​ចំអក​លើ​ចំណាត់ការ​នេះ​តាមផ្លូវ​តុលាការ​យោធា​ជា​ជាង​តុលាការ​ស៊ីវិល​នោះ​ លោក​ដាំ សិទ្ធិ ​ដែល​ត្រូវគេ​ស្គាល់​ថា ​ជាអ្នក​គ្រប់គ្រង​ម្នាក់​នៃ​កាសែត​ មនសិការ​ខ្មែរ​ ហើយ​ត្រូវគេ​ដឹង​ថា​ ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ផង​នោះ ​បាន​ចាត់​ទុក​ថា​ ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សារ​ព័ត៌មាន​របស់​លោក​គឺ​ជា​ការ​គំរាម​ កំហែង​បែប​ថ្មី​មួយ​ទៀត​ លើ​អ្វី​ដែល​កាសែត​គ្រាន់តែ​សរសេរ​ផ្អែក​លើ​អ្វីដែល​កាសែតបាន​ទទួល​ព័ត៌មាន។​ ​

«បើសិន​ណា​មាន​ចំណាត់​ការ​ដូច​សម្តីលោក​ផៃ ស៊ីផានមែន នេះជាការ​បំបិទ​សិទ្ធិ​សេរីភាព ​ជាការ​គម្រាម​កំហែង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុងការ​សម្តែងមតិ​ ហើយ​វា​ផ្ទុយ​នឹង​អ្វី​ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ វាផ្ទុយ​នឹង​អ្វី​ដែល​មាន​ការ​បញ្ចេញ​មតិ​ប្រជា​ពលរដ្ឋ ​និងការ​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ហើយ​ជា​ការ​បំបិទសិទ្ធិ​សេរីភាព​បញ្ចេញ​ព័ត៌មាន​ពិត​ ការ​និយាយ​ពិត​ ហើយ​ដែលគេ​មិន​សប្បាយ​ចិត្ត»។​

សារព័ត៌មាន​មនសិការ​ខ្មែរ​ដែល​ត្រូវគេ​ដឹង​ថា ​ធ្លាប់​សរសេរ​រិៈគន់​រដ្ឋាភិបាល​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឥត​សំចៃ​នោះ​ ត្រូវ​តុលាការ​កម្ពុជា​កោះ​ហៅ​ ជាច្រើន​លើក​ ដោយសារ​ការប្តឹង​ផ្តល់​ពី​មន្ត្រី​រដ្ឋាភិបាល​ ត្រូវ​ផ្អាកការ​ផ្សាយ​ ហើយ​បុគ្គលិក​របស់ខ្លួន​ម្នាក់​គឺ​លោក​ឃឹម សម្បូរ​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០០៨។​

លោកដាំ សិទ្ធិ​បាន​ការពារ​សារ​ព័ត៌មាន​មនសិការ​ខ្មែរ​ ដោយ​អះអាង​ថា​ ការ​ចុះ​ផ្សាយ​លើក​ក្រោយនេះ​មិនមែន​ជាការ​ខុស​ច្បាប់​ ឬផ្ទុយ​ពីក្រម​សីលធម៌​វិជ្ជាជីវ សារ​ព័ត៌មាន​ទេ ​គឺ​ជា​ការ​ផ្សាយ​ព័ត៌មាន​ពិត​តាម​ស្ថានការណ៍​ដែល​ពលរដ្ឋ​កំពុង​តវ៉ា​ រឿងការ​គៃបន្លំ​សន្លឹក​ឆ្នោត។​

«បានន័យ​ថា​ គាត់បាន​សម្ភាស​វាពាក់​ព័ន្ធ​នឹង​លទ្ធផល​ជ័យ​ជម្នះ​របស់​ប្រជារាស្ត្រ​ ខ្មែរ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ង្គ្រោះ​ជាតិ។​ ហើយការ​បោះឆ្នោត​ឲ្យ​គណបក្ស​ សង្គ្រោះជាតិ​ហ្នឹង​ត្រូវ​បាន​គៃបន្លំ​ ហើយ​គេ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ​ចល័ត​ទ័ព​ ហើយ​នឹង​មាន​រថក្រោះ​បើក​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង។ ​ហើយខ្ញុំ​ក៏បាន​ដកស្រង់​ ប្រសាសន៍​របស់​លោក​អនុប្រធាន​កឹម សុខាមក​សរសេរ​ជាអត្ថបទ​កាសែត​មួយ​ ចុះ​ផ្សាយ​ហ្នឹង​គឺ​វា​តម្រូវ​នឹង​សភាព​ការណ៍​សព្វថ្ងៃ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ជាមួយ​ប្រជាពលរដ្ឋ​លើស​លុប​ហ្នឹង ​ដែល​កំពុង​តវ៉ា​ទាមទារ​នូវ​លទ្ធផល​ឆ្នោត ​ ទាមទារ​ប្រឆាំង​ការ​លួច​បន្លំ​ ទាមទារ​រឿង​គ.ជ.ប.​ដែល​បំភ័ន​លទ្ធផល​ពិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង»។​

លោកមឿន ឈាន​ណារិទ្ធ​ អ្នក​ឃ្លាំមើល​វិស័យ​សារព័តមាន​ម្នាក់​ក្នុង​ប្រទេសកម្ពុជា​ បាន​អះអាង​ថា​ អ្នក​សារព័ត៌មាន​គួរតែ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​តាម​ប្រភព។​

«អ្នក​សារព័ត៌មាន​យើងមិនគួរ​ត្រូវ​គេ​ដាក់ទោស​ ឬចោទ​ប្រកាន់​អំពី​បញ្ហា​រាយ ការណ៍​ព័ត៌មាន​ទេ​ ដរាប​ណា​គាត់​រាយការណ៍​ព័ត៌មាន​ហ្នឹង​ត្រូវ​តាម​ការណ៍​ពិត​ដែល​គេ​ប្រាប់​គាត់។​ ទោះបី​ប្រភព​ដើម​ហ្នឹង​កុហក​ក៏ដោយ​ ក៏យើង​រាយ​ការណ៍​តាម​ហ្នឹង​ ព្រោះ​យើង​អត់ដឹង​ថា ​តើ​ប្រភព​ណាមួយ​វា​ពិត​ ណាមួយ​មិន​ពិត​ទេ។​ អ្នក​សារព័ត៌មាន​អត់​ដឹង​ទេ​ ព្រោះអី​ជា​រៀង​រាល់ថ្ងៃ​ យើង​រាយ​ការណ៍​ព័ត៌មាន​ច្រើន​ណាស់។​ អញ្ចឹង​ព័ត៌មាន​ខ្លះ​វា​ហួស​ពី​សមត្ថភាព​យើង​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ថា​ ពិត​ឬមិន​ពិត។ ​អញ្ចឹង​ទៅ​យើង​អត់​ដឹង​ទេ»។​

តែ​លោក​ផៃ ស៊ីផាន​បាន​អះអាង​ថា​ នេះជា​ការ​សួរនាំ​ និង​ឆ្លើយ​បំភ្លឺ​ ហើយនឹង​ជា សិទ្ធិ​ទទួល​ព័ត៌មាន​តាម​ច្បាប់​ មិនមែន​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ ឬ​ការ​គំរាម​កំហែង​ ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ទេ។​ លោក​ថ្លែង​ថា ​នៅ​ពេល​បណ្ណាធិការ​កាសែត​ មិន​ឆ្លើយ​ជា​ផ្លូវការ​ទេ​ នោះ​គឺ​វា​នឹង​ក្លាយ​ជា​វិវាទ​ដែល​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ តុលាការ។​

ប្រទេស​កម្ពុជា​ត្រូវ​អង្គការ​ស.រ.អា.មួយ​ឈ្មោះ ​Freedom ​House ​បាន​ចាត់​ទុក​ក្នុង​ របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ ជា​ប្រទេស​គ្មាន​សេរីភាព​ផ្នែក​សារ​ព័ត៌មាន​ ទេ​សម្រាប់​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣​ ដោយសារ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​អ្នក​សារព័ត៌មាន​តាម​រយៈ​តុលាការ ​ការ​សម្លាប់​អ្នកកាសែត​និង​បញ្ហា​រំលោភ​បំពាន​ ផ្សេងៗ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG