នាយខុទ្ទកាល័យសេតវិមានលោក John Kelly កាលពីសប្តាហ៍មុនបានស្នើប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ឲ្យបណ្តេញលោក Scott Pruittប្រធានទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកហៅកាត់ថា EPA ។ នេះបើយោងតាមមន្រ្តីសេតវិមានបានប្រាប់សារពត៌មាន Wall Street កាលពីថ្ងៃសុក្រមិ្សលមិញ។
លោក Kellyបានស្នើឲ្យបណ្តេញលោក Pruitt ចេញពីតំណែងម្តងហើយម្តងទៀត បន្ទាប់ពីមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះអំពីការចំណាយលើសកម្រិត និងពីរបៀបគ្រប់គ្រង់របស់លោក Pruitt។
មន្ត្រីសេតវិមានបាននិយាយថាទោះជាយ៉ាងណា ក៏លោក ត្រាំ នៅមិនទាន់រៀបចំបណ្តេញលោកចេញនៅឡើយទេ ដោយសារតែលោកប្រធានាធិបតីពេញចិត្តនឹងការរឹតបន្តឹងនៅក្នុងការងាររបស់លោក ហើយលោក Pruitt គឺអ្នកគាំទ្រគោលនយោបាយរបស់លោក ត្រាំ។
លោក ត្រាំ បានបង្ហោះសារនៅក្នុងប្រព័ន្ធTwitter ថាលោក Pruitt បំពេញការងារបានយ៉ាងល្អ ប៉ុន្តែលោកក៏នឹងពិនិត្យមើលពីទំហំនៃភាពចម្រូងចម្រាសដែលប្រឆាំងនឹងលោក Pruitt ផងដែរ។
យោងតាមសេតវិមានកាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា ខ្លួនកំពុងត្រួតពិនិត្យមើលរបាយការណ៍ដែលលោក Pruitt បានជួលផ្ទះពីគ្រួសាររបស់អ្នកបញ្ចុះបញ្ចូលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលមានតម្លៃទាបជាងតម្លៃទីផ្សារ។
លោក Pruitt ក៏ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យជុំវិញការចំណាយលើការធ្វើដំណើរលើសកំរិត និងបានដំឡើងប្រាក់ខែយ៉ាងច្រើនដល់បុគ្គលិករបស់EPA ពីរនាក់ផងដែរ៕