ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អះអាង​ថា​បណ្តាញ​ទូរទស្សន៍​ចំនួន៤​បារម្ភ​ពី​ការ​ប្រកួត​របស់​បណ្តាញ​ព័ត៌មាន​អភិរក្ស


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃអង្គារ​បាន​ធ្វើ​ការ​វាយប្រហារ​សារ​ជា​ថ្មី​ទៅ​លើ​បណ្តាញ​ទូរទស្សន៍​សំខាន់ៗ​ ដែល​បាន​អះអាង​ថា​ពួកគេ​ព្រួយបារម្ភ​អំពី​ការ​ប្រកួតប្រជែង​និង​គុណភាព​របស់​បណ្តាញ​ពត៌មាន​អភិរក្ស​ ដែល​ត្រូវរ៉ូវ​ជាមួយ​នឹង​ក្រុមយុទ្ធនាការ​បោះឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ២០១៦​ដើម្បី​មាន​អាទិភាព​ខាង​ព័ត៌មាន។

លោក Trump បាន​បង្ហោះសារ​នៅក្នុង Twitter ដោយ​បាន​ហៅ​សារព័ត៌មាន CNN NBC សារព័ត៌មាន ABC និង CBS ថា «ជា​បណ្តាញ​សារព័ត៌មាន​ក្លែងក្លាយ» ដោយ​លោក​មិន​បាន​រាប់​បញ្ជូល​បណ្តាញ​ព័ត៌មាន​ដែល​លោក​ចូលចិត្ត​គឺ​សារពត៌មាន Fox News នោះ​ទេ។ លោក​បាន​អះអាង​ថា​បណ្តាញ​ទូរទស្សន៍​សហរដ្ឋអាមេរិក​ទាំងបួន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា «ផ្សាយ​ពី​កម្មវិធី​ដែល​លម្អៀង​និង​មិន​គួរ​ឲ្យ​ចូលចិត្ត»។

មេ​ដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ​បាន​អះអាង​ថា​បណ្តាញ​ទូរទស្សន៍​ទាំង​បួន​នេះ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈ្មោះ​ថា Sinclair Broadcast Group ដែល​ឥឡូវ​នេះ​បាន​កាន់កាប់​ស្ថានីយ៍​ផ្សាយ​ចំនួន១៩៣​នៅ​ទូទាំង​ប្រទេស​និង​កំពុង​ចង់​ពង្រីក​បណ្តាញ​របស់​ខ្លួន​បន្ថែម​ទៀត​ដល់​ទៅ៧០ភាគរយ​នៅ​ទូទាំង​ប្រទេស នៅ​ពេល​ដែល​ក្រុម​នេះ​កំពុង​រងចាំ​ការ​ព្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល។

លោក Trump បាន​ថ្លែង​ថា «ពួក​ស្ថានីយ​ទូរទស្សន៍​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នេះ» បាន​រាយការណ៍​ពី​ព័ត៌មាន​មិន​ពិត​ជាច្រើន​ ដែល​ពួកគេ​គួរ​តែ​ទទួល​បាន​ពាន​រង្វាន់​ខាង​រឿង​ប្រឌិត»៕

XS
SM
MD
LG