ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​មួយ​ព្រមាន​ពី​គ្រោះថ្នាក់​ពី​ការ​រុករក​រ៉ែ​នៅ​បាត​សមុទ្រ​ជ្រៅ


រូប​ឯកសារ៖ កន្ទុយ​ត្រី​បាឡែន​អំបូរ humpback ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​កោះ Contadora ក្នុង​ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
រូប​ឯកសារ៖ កន្ទុយ​ត្រី​បាឡែន​អំបូរ humpback ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​កោះ Contadora ក្នុង​ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

អ្នក​វិទ្យាសាស្ត្រ និង​សកម្មជន​បរិស្ថាន​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ផ្អាក​ជា​លក្ខណៈ​អន្តរជាតិ​ទៅ​លើ​ការ​រុករក​ធនធាន​រ៉ែ​នៅ​បាត​សមុទ្រ​ជ្រៅៗ បន្ទាប់​ពី​មាន​របាយការណ៍​មួយ​អំពី​ផលប៉ះពាល់​​កម្រិត​ធ្ងន់ធ្ងរ ទូលំទូលាយ និង​មាន​រយៈពេល​ជាច្រើន​ជំនាន់​ទៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​រដ្ឋ​ជា​កោះ​ផ្សេងៗ។

របាយការណ៍​នោះ​ក៏​បាន​សរសេរ​ថា​ ការ​រុករក​រ៉ែ​តូចៗ polymetallic ដែល​ជា​ប្រភេទ​ដុំ​រ៉ែ​មាន​រាង​ប៉ុន​ដំឡូង​នៅ​បាត​សមុទ្រ ដែល​មាន​ផ្ទុក​ធាតុ​ដែក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ផលិត​អាគុយ និង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើបៗ​នេះ អាច​បង្ក​ឱ្យ​មាន «ការ​ខូចខាត​ចៀស​មិន​ផុត» ទៅ​លើ​តំបន់​នេះ រួម​ទាំង​កោះ Kiribati the Cook Islands ប្រទេស​ណូរូ ប្រទេស​តុងហ្គា ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ និង​ប្រទេស​ទូវ៉ាលូ។

របាយការណ៍​កម្រាស់​៥២​ទំព័រ​ដែល​មាន​ចំណងជើង​ថា​ «ការ​ទស្សន៍ទាយ​ពី​ផលប៉ះពាល់​នៃ​ការ​រុករក​រ៉ែ Polymetallic នៅ​បាត​សមុទ្រ​ប៉ាស៊ីហ្វិក​ជ្រៅ​បង្ហាញ​ឱ្យ​ឃើញពី​ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ​បែប​វិទ្យាសាស្ត្រ​ដោយ​ផ្អែក​លើ​អត្ថបទ​មាន​ការ​ត្រួតពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​ចំនួន​២៥០អត្ថបទ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៨០​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ការ​រុករក​នេះ។​

អ្នកស្រី Helen Rosenbaum​ ដែល​ជា​អ្នក​សម្របសម្រួល​សម្រាប់​យុទ្ធនាការ​រុករក​រ៉ែ​នៅ​បាត​សមុទ្រ​ជ្រៅ​និយាយ​ថា «មាន​ការ​ទាញ​យក​កម្ទេច​រ៉ែ​តូចៗ​ និង​ដុំ​ថ្ម​តូចៗ ហើយ​ក៏​នឹង​មាន​កាកសំណល់​ដែល​កើតចេញ​ពី​ដំណើរការ​រុករក​រ៉ែ​នេះ»។

អ្នកស្រី​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ត្រង់​ចំណុច​នេះ យើង​មិន​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​ដុំ​ថ្ម​តូចៗ​ទាំង​នោះ​ តើ​ប្រភេទ​លោហៈ​ធ្ងន់ៗ​អ្វី​ដែល​អាច​មាន​នៅ​ទីនោះ [បាត​សមុទ្រ] តើ​ដុំ​ថ្ម​ទាំង​នោះ​ស្រូប​យក​អ្វី​ខ្លះ និង​ថា​តើ​ដុំ​ថ្ម​ទាំង​នោះ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​សង្វាក់​ស្បៀងអាហារ​ក្នុង​កម្រិត​ណា»។

តម្រូវការ​កើន​ឡើង​សម្រាប់​ដែក ដែល​មាន​ដូចជា លោហធាតុ​នីកែល ទង់ដែង និង​ម៉ង់ហ្គាណែហ្ស បាន​ធ្វើ​ឱ្យ​មាន​ការ​រុករក​រ៉ែ​នៅ​បាត​សមុទ្រ​ជ្រៅ​កាន់​តែ​ច្រើន​សម្រាប់​រ៉ែ polymetallic។​

អាជ្ញាធរ​បាតសមុទ្រ​អន្តរជាតិ ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង Kingston ប្រទេស​ហ្សាម៉ាអ៊ីក​ បាន​ចេញ​អាជ្ញាប័ណ្ណ​រុករក​ចំនួន​ប្រមាណ​ជា​៣០​ ដែល​ក្នុង​នោះ​អាជ្ញាប័ណ្ណ​ចំនួន​២៥​ត្រូវ​បាន​ផ្តល់​ឱ្យ​សម្រាប់​ការ​រុករក​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ចំនួន​១៨​សម្រាប់​ការ​រុករក​នៅ​ក្នុង​តំបន់ Clarion Clipperton ដែល​លាតសន្ធឹង​ពី​ប្រទេស​គិរីបាទី ទៅ​ដល់​ប្រទេស​ម៉ិកស៊ិក។ នៅ​ក្នុង​តំបន់​នេះ ក្រុមហ៊ុន​រុករក​រ៉ែ​របស់​កាណាដា​ឈ្មោះ DeepGree មាន​គម្រោង​រុករក​រ៉ែ​ដែក​ទាំង​នេះ ក្នុង​គោលបំណង​ប្រើប្រាស់​ដើម្បី​ផលិត​យានយន្ត​អេឡិចត្រូនិក និង​សង្ឃឹម​ថា នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ត្រឹម​ឆ្នាំ២០២៤។

លោក Gerard Barron នាយក​ប្រតិបត្តិ​ក្រុមហ៊ុន DeepGreen មិន​ភ្ញាក់ផ្អើល​ចំពោះ​របាយការណ៍​នេះ ដោយ​និយាយ​ថា ការ​រុករក​រ៉ែ​នៅ​បាត​សមុទ្រ​ជ្រៅ​គឺ​ជា​ជម្រើស​ល្អ​បំផុត​ជំនួស​ឱ្យ​ការ​រុករក​រ៉ែ​នៅ​លើ​ដី​គោក ដែល​មាន​ប្រវត្តិ​ដ៏​យូរយារ​មក​ហើយ​ក្នុង​ការ​បំពុល និង​បំផ្លាញ​ព្រៃឈើ ជម្រក​ និង​សត្វ​ព្រៃ។

លោក Gerard Barron បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​គិត​ថា វា​មាន​ភាព​លម្អៀង មាន​គំនិត​ចង្អៀត​ចង្អុល ដែល​មិន​ដោះស្រាយ​បញ្ហា​ណា​មួយ​នោះ​ទេ ហើយ​វា​ជា​របាយការណ៍​របស់​មនុស្ស​មួយ​ក្រុម​ដែល​មាន​បំណង​ព្យាយាម​បញ្ឈប់​ការ​រីកចម្រើន​នៃ​វិស័យ​នេះ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​បន្ថែម​ថា កំពុង​តែ​មាន​ការ​ខ្វះខាត​ដែក​ខ្លាំង សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើបៗ។ លោក​បាន​និយាយ​ថា ដែក​ខ្លះ​មាន​នៅ​ក្នុង​ក្រោម​ព្រៃ ​ក្នុង​ប្រទេស​ដូចជា ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​ការ​ទាញ​យក​រ៉ែ​ទាំង​នោះ​អាច​នឹង​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​ក្នុង​ស្រុក។

លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «អំណះអំណាង​គួរ​តែ​ជា​អ្វី​ដែល​មាន​ផលប៉ះពាល់​តិច​បំផុត​ បើ​និយាយ​ពី​ទស្សនៈ​សកម្មជន​បរិស្ថាន និង​សង្គម»។ លោក​បាន​បន្ថែម​ថា តំបន់ Clarion Clipperton មាន «ជាតិ​នីកែល និង​កូប័ល​គ្រប់គ្រាន់​ដើម្បី​បង្កើត​យានយន្ត​អេឡិចត្រូនិក​រាប់​ពាន់​លាន»។

លោក​បាន​និយាយ​ទៀត​ថា «យើង​មាន​ជម្រើស​ដោយ​បន្ត​រុករក​នៅ​ក្នុង​តំបន់​ជីវៈចម្រុះ​ទាំង​នេះ និង​បំផ្លាញ​ជម្រក​ជីវៈចម្រុះ​ទាំង​នោះ។ ឬ​យើង​អាច​បង្កើន​ការ​សិក្សា​លើ​វិទ្យាសាស្ត្រ​មហាសមុទ្រ​ និង​និយាយ​ថា៖ សាក​គិត​មើល ប្រសិន​បើ​ផែនដី​មាន​លាក់​ទុក​ធនធាន​មួយ​ដ៏​ច្រើន​នៅ​កន្លែង​មួយ​ដែល​ឆ្ងាយ​ពី​ការ​ប៉ះពាល់​ណា​មួយ ជម្រៅ​៤.០០០​ម៉ែត្រ​ពី​សមុទ្រ ឬ​១.០០០ម៉ាយល៍ (ប្រមាណ​១.៦០៩គ.ម.) ពី​ដី​គោក​ដែល​នៅ​ជិត​បំផុត អាច​ជា​កន្លែង​ដ៏​ល្អ​មួយ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី សកម្មជន​បរិស្ថាន​នៅ​តែ​មិន​មាន​ជំនឿ ដោយ​ព្រមាន​ថា រដ្ឋ​ជា​កោះ​ដែល​អាច​ជាប់​នៅ​ក្នុង​អន្ទាក់​សាច់ប្រាក់ ទទួល​រង​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​រួច​ហើយ។ វាផ្ទុយ​ទៅ​នឹង​ការ​រំពឹង​ទុក​ផ្នែក​ហិរញ្ញវត្ថុ​ ដែលមាន​ភាព​ប្រាកដ​និយម​ពី​ការ​រុករក​រ៉ែ និង​កំណត់ត្រា​មិន​ល្អ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​ក្នុង​តំបន់​នេះ។

កំណត់ត្រា​មិន​ល្អ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​លើ​ដី​គោក​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​រួម​មាន សង្គ្រាម​រយៈពេល​៩ឆ្នាំ នៅ​លើ​កោះ Bougainville ដែល​កើត​ឡើង​ដោយ​សារ​ជម្លោះ​លើ​ការ​រុករក​រ៉ែ​ទង់ដែង និង​ការ​បំផ្លាញ​ដ៏​ច្រើន​លើសលុប​ទៅ​លើ​ប្រព័ន្ធ​ទន្លេ Fly នៅ​ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ ដែល​បង្ក​ឡើង​ដោយ​អណ្តូង​រុករក​រ៉ែ​មាស Ok Tedi និង​ជម្លោះ​ដែល​មាន​ជា​យូរយារ​ចំពោះ​ការ​រុករក​រ៉ែ​ផូស្វាត​នៅ​លើ​កោះ​ណូរូ។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ជីវិត​របស់​បក្សី អណ្តើកធំ និង​ត្រី​បាឡែន អាច​ស្ថិត​ក្នុងហានិភ័យ​កាន់​តែ​ខ្លាំងពី​ការ​កើន​ឡើង​នៃសារធាតុចិញ្ចឹម និង​ជាតិ​រ៉ែ​ដែក​ពុល ដូច​ហានិភ័យ​របស់ត្រីធូណា ដែរ។

អ្នកស្រី Emeline Siale Ilolahia បាន​និយាយ​ថា «សហគមន៍​មូលដ្ឋាន​នៅ​តំបន់​ប៉ាស៊ីហ្វិក​ក៏​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​រស់នៅ​របស់​ពួកគេ ដែល​នឹង​ត្រូវ​បាន​រំខាន ដោយសារ​តែ​ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បរិស្ថាន​មហាសមុទ្រ»។

អ្នកស្រី Emeline Siale Ilolahia នាយក​ប្រតិបត្តិ​នៃ​សមាគម​កោះ​ប៉ាស៊ីហ្វិក​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​អ្នកស្រី។

អ្នកស្រី Ilolahia និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា «សម្រាប់​ខ្ញុំ ចង់​ឱ្យ​មាន​ការ​ហាមឃាត់​លើ​ប្រព័ន្ធ​ទាំង​មូល​មិន​ឱ្យ​មាន​ការ​រុករក​រ៉ែ រហូត​ទាល់​តែ​យើង​មាន​ព័ត៌មាន​វិទ្យាសាស្ត្រ​ច្រើន​ជាង​នេះ សម្រាប់​អ្នក​តាក់តែង​គោលនយោបាយ​របស់​ពួកយើង»៕

XS
SM
MD
LG