ក្រសួងរ៉ែ និងថាមពល បានប្រកាសជាសាធារណៈលើកដំបូងដល់បណ្ដាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេសដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា ឲ្យដាក់ពាក្យសុំអាជ្ញាបណ្ណរុករករ៉ែលោហៈក្នុងតំបន់សម្បទានរ៉ែចំនួន៤ ទំហំជាង៥ម៉ឺនគីឡូម៉ែត្រការ៉េ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលស្តីពី «ការបើកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ» ចេញកាលពីថ្ងៃទី១៨ ខែមេសានេះ ឲ្យដឹងថា ក្រសួងរ៉ែ និងថាមពលប្រកាសដល់ក្រុមហ៊ុនរ៉ែទាំងក្នុង និងក្រៅប្រទេសដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា ឲ្យដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈតាមការប្រកួតប្រជែង ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៧។
ក្នុងលិខិតជូនដំណឹងនោះបន្តថា តំបន់សម្បទានរ៉ែចំនួន៤ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែ ស្ថិតក្នុងខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តកំពត សរុបទំហំ ៥២,៥៧៦គីឡូម៉ែត្រការ៉េ។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ប្រាប់ VOA កាលពីរសៀលថ្ងៃអាទិត្យថា នេះជាលើកដំបូងដែលក្រសួងបានប្រកាសជាសាធារណៈឲ្យក្រុមហ៊ុនដាក់ពាក្យធ្វើអាជីវកម្មរ៉ែលោហៈ ក្នុងតំបន់ទាំង៤នេះ។ លោកបន្ថែមថា ក្រុមហ៊ុនដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើអាជីវកម្ម ត្រូវតែជាក្រុមហ៊ុនដែលមានសមត្ថភាព និងអាចធានាពីការទទួលខុសត្រូវលើការខូចខាតផ្សេងៗក្នុងករណីដែលក្រុមហ៊ុននោះបំពានផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «រ៉ែលោហៈមាន រ៉ែមាស លោហៈ ទង់ដែង សំណរ ប្រាក់។ ក្រុមហ៊ុនគាត់ត្រូវមានលក្ខណៈសម្បត្តិធំៗហ្នឹង២ ទី១គឺមានសមត្ថភាពបច្ចេកទេស និងហិរញ្ញវត្ថុ គាត់មានបទពិសោធន៍ត្រឹមត្រូវ មានការសិក្សាស្វែងរករ៉ែហ្នឹង មានជំនាញមានធនធានដើម្បីធ្វើ។ ហើយទី២គាត់ត្រូវមានកម្មវិធីការងារជាក់លាក់ច្បាស់លាស់ ដែលអាចយកមកបង្ហាញទៅយើងមានជំនឿថាក្រោយពេលដែលយើងផ្តល់អាជ្ញាប័ណ្ណទៅ គាត់យកតំបន់ហ្នឹងទៅសិក្សាស្រាវជ្រាវរុករកពិតប្រាកដ»។
លោក ម៉េង សក្តិធារ៉ា បន្ថែមថា ចំណូលដែលក្រសួងអាចទទួលបានពីការផ្តល់ឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម នឹងត្រូវកំណត់តាមរយៈប្រាក់ចំណេញដែលក្រុមហ៊ុនទាំងនោះទទួលបាន ក្នុងរយៈពេលនៃការរុករក និងទទួលផលពី១០ឆ្នាំ ទៅ២១ឆ្នាំ។ ទោះជាយ៉ាងណាលោកមិនទាន់អាចកំណត់បាននៅឡើយថា ក្រសួងអាចទទួលបានចំនួនប៉ុន្មានឲ្យប្រាកដនៅឡើយ។
VOA មិនអាចទាក់ទងក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថានរ៉ែបានទេ រហូតមកដល់ល្ងាចថ្ងៃអាទិត្យនេះ។
ទោះជាយ៉ាងណា កន្លងមកក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន និងតម្លាភាព តែងលើកឡើងពីផលប៉ះពាល់នៃការរុករក និងបូមយករ៉ែ ព្រមទាំងទាមទារឲ្យមានតម្លាភាពថវិកា ពាក់ព័ន្ធនឹងអាជីវកម្មរ៉ែផ្សេងៗ ជាពិសេសភាពចម្រូងចម្រាសនៃការនាំខ្សាច់ចេញ រហូតដល់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងក្នុងរដ្ឋសភាកោះអញ្ជើញរដ្ឋមន្រ្តីក្រសួងរ៉ែទៅបំភ្លឺពាក់ព័ន្ធនឹងបញ្ហានេះ កាលពីចុងឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ក្រសួងប្រមូលចំណូលពីវិស័យរ៉ែបានចំនួន១០លានដុល្លារ នៅឆ្នាំ២០១៥ និង១៣លានដុល្លារ នៅឆ្នាំ២០១៦។ ថ្មីៗនេះក្រសួងក៏បានប្រកាសថានឹងប្រមូលចំណូលពីវិស័យរ៉ែឲ្យបាន២០លានដុល្លារក្នុងឆ្នាំ២០១៧៕