ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​រឹតត្បិត​ មិន​មាន​ការ​ផ្លាស់​ប្តូរ


រូបឯកសារ៖ ទង់ជាតិខ្មេរត្រូវបានដោតលើរបងលួសដែលប៉ូលិសបានដាក់បិទច្រកចូលអគាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលបាតុកម្មមួយដែលធ្វើឡើងដោយកម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។
រូបឯកសារ៖ ទង់ជាតិខ្មេរត្រូវបានដោតលើរបងលួសដែលប៉ូលិសបានដាក់បិទច្រកចូលអគាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលបាតុកម្មមួយដែលធ្វើឡើងដោយកម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។

ការ​ចាប់​ខ្លួន​តាម​តែ​អំពើចិត្ត ឬ​ការ​ឃុំខ្លួន​ដោយ​បំពាន​ចំពោះ​អ្នក​ទោស​នយោបាយ​ បាន​បន្ត​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ទីដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​កំពុង​កើត​មាននៅ​ក្នុង​ប្រព័ន្ធ​តុលាការ​។​ នេះជាការ​វាយ​តម្លៃ​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៣នៃក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​នាពេល​ថ្មី​ៗនេះ​។

របាយការណ៍​បាន​បង្ហាញ​ថា​ គិត​ត្រឹម​ខែ​តុលាការ​ឆ្នាំ២០២៣ អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​បាន​កត់​ត្រា​ការ​ចាប់ខ្លួន​តាម​តែអំពើ​ចិត្ត​ចំនួន​៤០ករណី​ទៅ​សកម្មជន​នយោបាយ​២៨នាក់​ ក្នុង​នោះ​មាន​១១នាក់​ត្រូវបាន​ដក​ហូត​ដីធ្លី​ ហើយ​ម្នាក់​ជា​សមាជិក​សហជីព។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ផ្សេង​ទៀត​ បាន​កត់​ត្រា​ទុក​ការ​ចាប់ខ្លួន​ខុសច្បាប់​ពីរ​ករណី​ និង​ការ​ឃុំខ្លួន​ដោយ​ខុស​ច្បាប់​៥ករណី។

បើតាម​របាយការណ៍​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ក្នុងវិស័យ​សិទ្ធិមនុស្ស​ បាន​ប៉ាន់ស្មាន​ថា​ ចំនួន​នៃការ​ចាប់​ខ្លួន​ និង​ការ​ឃុំ​ខ្លួន​តាម​តែ​អំពើចិត្ត​ មាន​ចំនួន​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយសារ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​សង​សឹក​ ជនរងគ្រោះ​ និង​គ្រួសារ​របស់​ពួកគេ​មិន​រាយការណ៍​អំពី​ឧប្បត្តិ​ហេតុ​នោះ​។

របាយការណ៍​ឱ្យដឹង​ទៀតថា រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចោទ​ប្រកាន់​បុគ្គល​តាម​អំពើ​ចិត្ត​ក្រោម​បទ​ចោទ​«ញុះញង់» ដោយ​ប្រើ​ច្បាប់​ដើម្បី​កាត់​ទោស​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​នយោ​បាយ​ប្រឆាំង​នយោបាយ និង​អ្នក​គាំទ្រ​ សកម្មជន​សង្គម និង​បរិស្ថាន និង​អ្នក​ដែល​បញ្ចេញ​មតិ​ដែល​ចាត់​ទុក​ថា​ជា​ការ​ជំទាស់​ផ្នែក​នយោបាយ​។ របាយ​ការណ៍ក៏​បាន​រកឃើញ​ ភាពមិន​ប្រសើរ​ឡើង​ផ្សេង​ទៀត​ដូចជា​ ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិតការ​គាប​សង្កត់​ឆ្លងដែន​ប្រឆាំង​នឹង​បុគ្គល​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​ទៀត​ ហើយ​និង ការ​ជ្រៀត​ជ្រែក​ដោយ​បំពាន​ ឬ​ខុស​ច្បាប់​ជាមួយ​ឯកជនភាព ការ​ដាក់​ទោស​ ឬ​គាប​សង្កត់​សមាជិក​គ្រួសារ​ចំពោះ​បទ​ល្មើស​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ប្រព្រឹត្ត​ដោយ​សាច់​ញាតិ​។

នៅត្រង់​បញ្ហា​ប្រើប្រាស់​សិទ្ធិសេរីភាព​ជាមូលដ្ឋា​ន និង​សេរីភាព​សារព័ត៌មាន របាយ​ការណ៍​ឱ្យដឹង​ពី ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារ​ព័ត៌មាន រួម​ទាំង​ការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌ ការ​ចាប់​ពិរុទ្ធ និង​ការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​កំណត់​ការ​បញ្ចេញមតិ ការ​រឹត​បន្តឹង​ធ្ងន់ធ្ងរ​លើ​សេរីភាព​អ៊ីន​ធឺណិត​ ការ​ជ្រៀត​ជ្រែក​យ៉ាង​សំខាន់​ចំពោះ​សេរីភាព​នៃ​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​នៃ​សមាគម​។

ជាង​នេះទៀត​ ក៏មាន​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​ធ្វើដំណើរ និង​ការ​ស្នាក់នៅ និង​សិទ្ធិ​ចាកចេញ​ពី​ប្រទេស​ មិន​អាច​ធ្វើ​ទៅរួចរបស់​ពលរដ្ឋ​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ ការ​រឹតបន្តឹង​ធ្ងន់ធ្ងរ​ និង​មិន​សម​ហេតុផល​លើ​ការ​ចូលរួម​នយោបាយ​ អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល ការ​រឹតត្បិត​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​លើ​ការ​យាយី​ដល់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អន្តរជាតិ​ក៏ត្រូវ​បាន​រក​ឃើញ​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​

និយាយ​ដោយ​សង្ខេប​ របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៣ ស្តី​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​វាយតម្លៃ​ថា ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​ណា​មួយ​ឡើយ នៅ​ក្នុង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ២០២៣​។

ក្រសួង​ការបរទេស​អាមេរិក​លើក​ឡើង​ក្នុង​របាយការណ៍​ថា៖ «រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ ឬ​ចំណាត់​ការ​គួរ​ឱ្យ​ទុក​ចិត្ត​ក្នុង​ការ​កំណត់​អត្តសញ្ញាណ និង​ដាក់​ពិន័យ​មន្ត្រី​ដែល​អាច​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ​»។ ​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ របាយការណ៍​សិទ្ធិមនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ ​បាន​បង្ហាញពី​ការ​មិន​ប្រែ​ប្រួល​ច្រើនក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ បើ​ធៀប​ទៅ​នឹង​របាយការណ៍​មុនៗ​ របស់​ក្រសួង​ការបរទេស​អាមេរិក​។​

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

លោក​បន្ថែម​ថា ក្រសួង​ការបទេស​អាមេរិក​តែងតែ​សម្តែង​ការ​ព្រួយ​បារម្ភរបស់​ខ្លួន​ចំពោះ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ទាំងនៅ​ទី​សាធារណៈ និងនៅក្នុង​បណ្តាញ​អ៊ីនធឺណិត​ ហើយ​លម្ហសេរីភាព​សារព័ត៌មាន​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក៏​រង​ការ​រឹតត្បិត​។

ពាក់ព័ន្ធ​នឹង​ការឃាត់​ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​សង្គម​តាម​តែអំពើ​ចិត្ត​ដែល​ត្រូវ​បាន​កត់​ចំណាំ​ដោយ​ក្រសួងការបរទេស​អាមេរិកនោះ លោក អំ សំអាត លើក​ឡើង​ថា​ ជារឿយ​ៗ​ មាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​រវាងសហគមន៍​អន្តរជាតិ​ ក៏ដូចជាភាគី​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និងភាគីរដ្ឋា​ភិបាល​។

បើតាម​អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ​ រដ្ឋាភិបាល​តែង​តែ​ច្រាន​ចោល​ការ​បកស្រាយរបស់​សហគមន៍​អន្តរជាតិ​ ឬ​សកម្មជន​ទាំង​នោះ​ ​ដោយ​ថារាល់ការ​ចាប់​ខ្លួន​សកម្មជន ឬ​អ្នក​នយោ​បាយ​គឺ​ធ្វើ​ឡើង​តាម​ច្បាប់​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖ «របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​គឺ​គេ​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​ហ្នឹង​ វា​បំពាន​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដោយ​គ្រាន់​តែ​ការ​អនុវត្ត​នៃ​សិទ្ធិ និងសេរីភាព​របស់​ខ្លួន​ដោយ​ធានា​ដោយ​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ ក៏ដូចជា​ចែង​នៅ​រដ្ឋធម្មនុញ្ញ​។ អ៊ីចឹង ​គេ​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​ទាំង​អស់​ហ្នឹង​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ ប៉ុន្តែ​កម្ពុជា​បាន​បកស្រាយ​ថា​ការ​ចាប់​ខ្លួន​ទាំង​អស់​ហ្នឹង​គឺ​អនុវត្ត​តាម​ច្បាប់​កម្ពុជា​ ចំណុច​នេះ​ជា​ចំណុច​ចម្រូង​ចម្រាស​ដែល​»។

លោក​ប៉ា ប៉ុណ្ណារ៉ាដា ​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ការអនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​នៅ​កម្ពុជា​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​ ទូលំ​ទូលាយ និង​ធានាដោយច្បាប់​ ពោល​គឺ​គ្មាន​ការបំពានលើ​បុគ្គល​ណា​ម្នាក់​ឡើយ​។

លោក​ថ្លែងថា​៖«ក្នុង​នាម​ជា​ប្រទេស​នីតិ​រដ្ឋ​យើង​ត្រូវ​អនុវត្ត​នូវ​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជា​ធរមាន​។ គណៈកម្មារសិទ្ធិ​មនុស្ស​កម្ពុជា​បាន​ធ្វើ​ការអប់រំ​ប្រើប្រាស់​យន្តការ​ក្នុង​ការចុះ​ផ្សព្វផ្សាយ​អប់រំ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​អំពី​សិទ្ធិ​ក៏​ដូច​ជា​សេរីភាព​ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​របស់​ប្រព័ន្ធ»។

ជុំវិញ​ការ​គាប​សង្កត់​លើអ្នក​នយោបាយ​ជំទាស់​ ក្រសួង​ការបរទេស​អាមេរិក​បាន​កត់ត្រា​ករណី​ លោក គង់ គាំ ទីប្រឹក្សា​នាំ​មុខ​នៃ​អតីត​គណបក្ស​ភ្លើងទៀន​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រគល់​ផ្ទះ​ទៅ​រដ្ឋាភិបាល​ ដែល​ផ្ទះ​របស់​គាត់​មាន​អាយុ​កាល​រហូត​ទៅ​៤០​ឆ្នាំ​ ទោះបី​ជាលោក​ត្រូវ​គេ​រាយការណ៍​មាន​ប្លង់កម្ម​សិទ្ធិកាន់​កាប់​ដីនោះ​ក៏ដោយ។

រូបថតផ្គុំបង្ហាញលោក គង់ គាំ (ឆ្វេង) អ្នកនយោបាយជើងចាស់ខ្មែរមួយរូបនិង​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។
រូបថតផ្គុំបង្ហាញលោក គង់ គាំ (ឆ្វេង) អ្នកនយោបាយជើងចាស់ខ្មែរមួយរូបនិង​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។

លោក គង់ គាំ ត្រូវ​បាន​គេ​គំរាម​កំហែង​ជា​មួយ​នឹង​ «ការ​ដាក់​ទណ្ឌកម្ម​» បន្ថែម​ទៀត​ប្រសិន​បើ​គាត់​មិន​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​ដែល​នាំ​ឱ្យ​គាត់​ផ្ទេរ​ដី​ដែល​មាន​តម្លៃ​ប្រមាណ​ស្មាន 20 លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋា​ភិបាល ​បន្ទាប់​មក​សកម្មភាព​ផ្លូវ​ច្បាប់​ទាំងអស់​ត្រូវ​បាន​ទម្លាក់​។ នេះបើតាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។​

លោក គង់ គាំ អតីត​សមាជិកព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម រង្ស៊ី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មិន​មាន​អ្វី​បក​ស្រាយ​ទៀត​ទេ​ ជុំវិញ​ករណី​ផ្ទះ​របស់​លោក ដោយ​លោក​ចាត់​ទុក​ថា​ រឿង​នេះ​បាន​ស្ងប់​ស្ងាត់​ហើយ​។

លោក​ថ្លែងថា៖«ខ្ញុំ​ចាត់​ទុក​ថា​ ផ្ទះ​ហ្នឹង​ជា​សម្បត្តិ​ក្រសួង​ការបរទេស​ ដូច្នេះ​ខ្ញុំ​សម្រេច​ប្រគល់​សង​ទៅ​ក្រសួង​ការបរទេស​រុញ​ទៅ​រដ្ឋ​វិញហើយ​បាទ! ដោយ​ស្ម័គ្រ​ចិត្ត​បាទ»។

ក្រៅពី​កត់​ត្រាទុក​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​ និង​សេរីភាពលើ​ពលរដ្ឋ​កម្ពុជា​ របាយ​ការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​បញ្ជាក់ផង​ដែរ​ថា​ ជាង​បីឆ្នាំ​បន្ទាប់​ពី​ការ​ចាប់​ពង្រត់​របស់​សកម្ម​ជន​ថៃ​ដ៏​ល្បី​ឈ្មោះ Wanchalearm Satsaksit នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​ការ​ស៊ើ​បអង្កេត​របស់​ខ្លួន​នោះ​ទេ បើទោះបីជា​មាន​ការ​អំពាវ​នាវ​ឥតឈប់​ឈរ​ពី​ក្រុម​គ្រួសារ​របស់​សកម្មជន​រូបនោះ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​ក៏ដោយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG