ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​កំណត់​ចំនួន​អ្នក​ចូលរួម


រូប​ឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ លើក​ទី៧០ នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​​/ VOA)
រូប​ឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ លើក​ទី៧០ នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​​/ VOA)

សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យក្រុម​អង្គការ​សង្គម​ស៊ីវិល​កាត់​បន្ថយ​ចំនួន​អ្នក​ចូលរួម ពី​ចំនួន​ ២.០០០​ នាក់​ មកត្រឹម ​១.៥០០​ នាក់ ដែល​គ្រោង​នឹង​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ ១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឆ្នើម​ដែរ។ នេះ​បើ​យោង​តាម​លោក​ រស់ សុដ្ឋា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ CHRAC។

កាល​ពីថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ ២០២២ ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​ដាក់​លិខិត​ទៅ​កាន់​គណៈអភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើកទី​ ៧៤ ឆ្នាំ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ពួកគេ​មាន​បំណង​ប្រមូល​ផ្តុំ​អ្នក​ចូលរួម​ប្រមាណ​២.០០០ ​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ឬស្សីកែវ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ គម្រោង​ដែល​គ្រោង​ជួប​ជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលារាជធានី​ភ្នំពេញ​អនុញ្ញាត ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ទៅ​តាម​អ្វី​ដែល​បាន​គ្រោង​ទាំង​អស់​ឡើយ ដូច​ជា​ការ​មិន​អនុញ្ញាត​ឱ្យ​ចែក​ពាន​រង្វាន់​ដល់​សកម្មជន​សិទ្ធិមនុស្ស​ជា​ដើម។

លោក​ថ្លែង​ថា៖ «អ្នក​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ដាក់​ពន្ធនាគារ ដាក់​អី​អ៊ីចឹង។ បើ​យើង​ចែក​ពានរង្វាន់ ហាក់បីដូច​ជាអត់​ស័ក្តិសម​ជាមួយ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ។ ទស្សនៈ​ខុស​គ្នា»។

លោក ​រស់ សុដ្ឋា អះអាង​ថា ​អាជ្ញាធរ​យល់​ព្រម​ធានា​តែ​សន្តិសុខ​ខាង​ក្រៅ​កម្មវិធី​ទេ ខណៈ​នៅ​ខាង​ក្នុង គឺ​ទុកឱ្យ​អង្គការ​សង្គម​ស៊ីវិល​មើល​ការ​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។ លោក​ថ្លែង​បន្ត​ថា ​អាជ្ញាធរ​ក៏​បាន​ហាម​មិន​ឱ្យ​និយាយ​អ្វី​ក្រៅ​ពី​ប្រធាន​បទ​ដែល​កំណត់​ផង​ដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​ភូមិ​សាស្ត្រ​នយោបាយ។

លោក​ថ្លែង​ថា៖ «មួយ​ទៀត​ការ​ប្រើ​ពាក្យពេចន៍​ចង់​ឱ្យ​សហការ​និយាយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រធានបទ មិន​ឱ្យ​និយាយ​ពាក់​ព័ន្ធនឹង​រឿង​ភូមិសាស្ត្រ​នយោបាយ។ នេះ​ជា​រឿង​មួយ​ដែល​ខាង​អាជ្ញាធរ​មិន​ឱ្យ​និយាយ​ ព្រោះ​បញ្ហា​កំពុង​តែ​ក្តៅឡើង ដោយ​សារ​បញ្ហា​នេះ​ជា​បញ្ហា​ប្រទាញ​ប្រទង់។ អា​នេះ​ជា​សំណូមពរ​របស់​អាជ្ញាធរ»។

លោក នី សុខា​ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ​យល់​ឃើញ​ថា​ វា​មិន​មែន​ជា​រឿងថ្មី​ឡើយ​ដែល​អាជ្ញាធរ​តែង​តែ​បង្ហាញ​ពី​ការ​រឹត​ត្បិត​ និង​មិន​ឱ្យ​មាន​សេរីភាព​ពេញ​លេញ។

បើ​តាម​លោក នី សុខា អាជ្ញាធរ​តែង​តែ​ចាត់​ទុក​ការ​ប្រារព្ធទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​ជា​ការធ្វើ​បាតុកម្ម​ ហេតុ​នេះ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត ឬក៏​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ ខណៈ​ថា​អាជ្ញាធរ​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​រវាង​ពិធី​បុណ្យ និង​បាតុកម្ម។

លោក​ថ្លែង​ថា៖ «ហើយ​បើ​យើង​ទៅ​កំណត់​ពិធី​បុណ្យ​ថា​ទាល់​តែមនុស្ស​ចូលរួម​ប៉ុណ្ណេះ​នាក់​ ប៉ុណ្ណោះ​នាក់។ ខ្ញុំ​គិតថា​ អាហ្នឹង​ជា​ការ​រឹតត្បិត​សេរីភាព មិន​ខុស​អី​ពី​ឆ្នាំកន្លង​ទៅ​ទេ។ វា​នៅ​តែ​ដដែល​ ហើយ​យើង​កំពុង​តែ​និយាយ​ពី​ទិវា​សិទ្ធិ​មនុស្ស ប៉ុន្តែ​អាជ្ញាធរ​នៅ​បង្ហាញ​ពី​ឥរិយាបថ​នៃ​ការ​រឹត​ត្បិត នៃ​ការ​តឹង​តែ​ង​ចំពោះ​បញ្ហា​ទាំង​អស់​ហ្នឹង»។

លោក​ថ្លែង​បន្ថែម​ថា​៖ «ដូច្នេះ​អាជ្ញាធរ​គួរ​តែងាក​ទៅ​អនុវត្តឱ្យ​បាន​នូវ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ គិត​ថា​ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុងការ​ប្រើ​ប្រាស់​សេរីភាព​គេ​ដោយ​ទូលំទូលាយ​ មិន​មាន​ដែន​កំណត់»។

អភិបាល​រង​រាជធានីភ្នំពេញ​ លោក កើត ឆែ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​កំណត់​ចំនួន​មនុស្ស​ ១.៥០០ នាក់ ​ជា​ការ​យល់ព្រម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ លោក​បាន​បញ្ជាក់​បន្ត​ថា ​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​បញ្ចេញ​មតិ​ មិន​មែន​ជា​កន្លែង​ប្រគល់​ពាន​រង្វាន់​ឡើយ។

លោក​ថ្លែង​ថា៖ «យើង​ស្វាគមន៍​ការ​សម្តែងមតិ​ថ្ងៃ ១០ ធ្នូ ព្រោះ​ ១០​ ធ្នូ មិន​មែន​ជា​កម្មសិទ្ធិ​របស់​នរណា​ទេ ជារ​បស់​ប្រជាជន​ខ្មែរ​ទូទៅ។ កុំ​យក​ ១០ ធ្នូ ជា​សិទ្ធិ​របស់​ក្រុម​គាត់​ ក្រុម​ទាំង​អស់​គ្នា​ហ្នឹង។ នរណា​ក៏​គោរព​សិទ្ធិ​មនុស្ស​ដែរ»។

គួរបញ្ជាក់ថា​ យោ​ងតាមលិខិត​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល ​ចុះ​ថ្ងៃទី ​៥ ខែធ្នូ ឆ្នាំ ២០២២ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២៤​ ស្ថាប័ន ​រួម​មាន​អង្គការ​អាដហុក ​សង់ត្រាល់ ​និង​ CHRAC ​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នា​ថ្ងៃទី​ ១០​ ខែធ្នូ ​ឆ្នាំ ២០២២​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ។

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ១០ ​ធ្នូ​នេះ ​គឺ​ដើម្បី​បង្កើន​កា​រចងចាំ​នូវ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ សិទ្ធិ​នយោបាយ និង​ដើម្បី​ប្រជា​ពលរដ្ឋ​បាន​បញ្ចេញ​មិតិ​អំពី​កង្វល់ និង​សំណូមពរ​ផ្សេងៗ​ទៅ​កាន់​រដ្ឋាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG