ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ចាង​ហ្វាង​សារព័ត៌មាន​​ដែល​រង​ការ​វាយ​ដំ ជំរុញ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​ឲ្យ​បាន


លោក ប្រន​ ស៊ាន ចាងហ្វាង​សារព័ត៌មាន​«អាណាចក្រ​ខ្មែរ» (ឆ្វេង) ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយដំ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប។ (រូបថត​ពី​ទំព័រ Facebook សារព័ត៌មាន​អាណាចក្រ​ខ្មែរ)

ចាង​ហ្វាងសារព័ត៌មានម្នាក់​ក្នុង​ខេត្ត​សៀមរាប លោក ប្រន​ ស៊ាន បាន​អំពាវ​នាវ​ឲ្យ​សមត្ថ​កិច្ច​ចាប់​ជន​ដៃ​ដល់ ដែល​លោក​ថា​បាន​ប្រើ​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​លើ​រូប​លោក​ កាល​ពី​អធ្រាត្រ ថ្ងៃ​ពី​១៣ ខែ​មីនា ពេល​លោក​កំពុង​សម្រាក​ក្នុង​អង្រឹង។

រហូត​មក​ដល់​ពេល​នេះ លោក ប្រន​ ស៊ាន ដែល​ជា​ចាង​ហ្វាង​សារព័ត៌មានឈ្មោះ​«អាណា​ចក្រ​ខ្មែរ»​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប។

អ្នក​សារព័ត៌មាន​ អាយុ​៤៤​ឆ្នាំ​រូប​នោះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​មាន​គ្នា​២នាក់​ឲ្យ​បាន។

លោក​ប្រាប់​VOAថា៖«ចង់​សំណូម​ពរ​ឲ្យ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក្តី ឬ​ក៏​មន្ត្រី​នគរបាល​យុត្តិធម៌​ គាត់​ព្យាយាម​រក​ជន​ដៃ​ដល់​ឲ្យ​ឃើញ​ឆាប់​ៗ​ នា​ពេល​ឆាប់​ៗ​នេះ​បាទ»។​

លោក ប្រន​ ស៊ាន ដែល​មានកូន​៣​នាក់ និងចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​១៥​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា​លោក​មិន​ដែល​រង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​ដំ​បែប​នេះ​ទេ។ លោក​ចាត់​ទុក​នេះជា​ការ​ប៉ុន​ប៉ង​ផ្តាច់​យក​ជីវិត​លោក និង​ព្រមាន​ដល់​អ្នក​សារព័ត៌មាន​ដ​ទៃ​ទៀត។

លោក​បន្ថែម​ថា៖«បាទ​អា​នេះ​ព័ត៌មាន​មួយ​គេ​ហៅ​ថាបើ​សិន​សម្លាប់​ខ្ញុំ​បាន​ វា​ព្រមាន​ដល់​អ្នក​សារព័ត៌មាន​១០០​នាក់​ត​ទៅ​ទៀត»។

ការ​វាយ​ប្រហារ​រាង​កាយ​របស់​អ្នក​កាសែត​លោក ប្រន ស៊ាន​ បង្ក​ក្តី​បារម្ភ​ជា​ថ្មី​ទៀត​សម្រាប់​អ្នក​ការពារ​សិទ្ធិ​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់ថា​ ខេមបូចា បាន​ឲ្យ​ដឹង​ថា​កាល​ពី​វេលា​ម៉ោង​១២:៣០​នាទី​កណ្តាល​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ប្រាសាទ​បឹង​មាលា​ ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​ មាន​ករណី​អំពើ​ហិង្សា​មួយ​កើត​ឡើង​ចំពោះ​ចាង​ហ្វាង​កាសែត​ អាណាចក្រ​ខ្មែរ​ឈ្មោះ ​ប្រន​ ស៊ាន​ ដែល​កំពុង​សម្រា​ក​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​វិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប។

ខេម​បូចា​ឲ្យ​ដឹង​ទៀត​ថា លោក ប្រន​ ស៊ាន ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ​ដំបង​ឈើ​វាយ​ឲ្យ​របួស​ធ្ងន់​ត្រង់​ក្បាល ដៃ​ ជើង​ បាក់​ខ្ទង់​ចម្រុះ​ និង​បាក់​ធ្មេញ។​

លោក ណុប​ វី​ នាយក​ប្រតិបត្តិ​នៃសម្ព័ន្ធ​ខេមបូចា បង្ហាញ​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នក​កាសែត​ និង​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ជន​សង្ស័យ​មក​ផ្តន្ទា​ទោស​ ដើម្បី​ធានា​ថាជន​ដៃ​ដ​ល់មិន​រួច​ពី​សំណាញ់​ច្បាប់ និង​បំបាត់​វប្បធម៌​និទណ្ឌ​ភាព​លើ​អ្នក​សារព័ត៌មាន។​

«នេះ​គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដោយ​សារ​យើង​ដឹង​ហើយ​ថាការ​មិន​ចាប់​ជន​ល្មើស​យក​ផ្តន្ទាទោស​នេះ ​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​ទៅ​ទៀត​នៅ​ក្នុង​សង្គម​យើង។ ទី​មួយ​វា​បង្ក​ឲ្យ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម។​ ទី​ពីរ​រឿង​ទាក់​ទង​ជាមួយ​នឹង​និទណ្ឌភាព​នៃ​បទ​ឧក្រិដ្ឋ​ប្រឆាំង​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ហ្នឹង​ នឹង​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​ ដោយ​មិន​មាន​ពេល​បញ្ចប់។ ​ហើយ​មួយ​វិញ​ទៀត​ ក៏​បង្ហាញ​អំពី​រឿង​ចំណុច​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ ហើយ​និង​ការ​ចាត់​វិធាន​ការ​ចំពោះ​បទ​ល្មើស​នានា​នៅ​ក្នុង​សង្គម​ដែរ»។

​បើ​តាម​ខេម​បូចា ករណី​វាយ​ដំ​លើ​លោក ប្រន​ ស៊ាន​ មិន​មែន​ជា​ករណី​ទី​មួយ​ទេ។​ អ្នក​សារ​ព័ត៌មាន​ ដែល​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុងការ​រាយ​ការណ៍​ពី​បទ​ល្មើស​ព្រៃ​ឈើ​ និង​បទ​ល្មើស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម ​ត្រូវ​ទទួល​រង​នូវ​ការ​គំរាម​កំហែង ​និង​វាយ​ដំ។​

ខេម​បូចា​រំឭក​ឡើង​វិ​ញ​ថា​កាល​ពីខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ អ្នក​សារព័ត៌មាន​អន​ឡាញ​ចំនួន​៤​នាក់​ បាន​ទទួល​រងគ្រោះ​ដោយ​ករណី​អំពើ​ហិង្សា​មួយ នៅ​ចំណុច​ផ្លូវ​បំបែក​ចូលច្រក​ទ្វារ​ព្រំដែន​បឹង​ជ្រោង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​ ដែល​បាន​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ មាន​គ្នា​៥​ទៅ​៧​នាក់​ ប្រដាប់​ដោយ​កាំបិត ពូថៅ​ និង​ដំបង​ និង​បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ រង​របួស​ធ្ងន់​ត្រង់​ឆ្អឹង​ជំនី​រ និង​ម្នាក់​ទៀត​រង​របួស​ស្រាល។​

រហូត​មក​ដល់​ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ អាជ្ញាធរ​នៅ​តែ​មិន​ទាន់​អាច​វែក​មុខ​រក​ជន​ល្មើស​មកផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​នៅ​ឡើយ។ នេះ​បើ​តាម​ខេមបូចា។

អ្នក​រួម​អាជីព​មួយ​រូប​របស់លោក ​ប្រន​ ស៊ាន បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​អំពី​សុវត្ថិភាព​ថា​លោក ប្រន​ ស៊ាន​ បាន​រង​ការ​ប្រើប្រាស់​អំពី​ហិង្សា​ពី​ជន​ស្គាល់មុខ បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​តំបន់​មួយ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ និង​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​សៀម​រាប។​ លោក​ថា​ជន​សង្ស័យ​ដែល​វាយ​ដំ​លោក ប្រន​ ស៊ាន ទំនង​ជា​កូន​ចៅ​របស់​ឈ្មួញ​ឈើ។​

ប៉ុន្តែ​លោក ប្រន​ ស៊ាន ​បញ្ជាក់​លោក​បាន​ទៅ​ខេត្ត​ព្រះវិហារ​ ដើម្បី​ធ្វើ​សេចក្តី​រាយ​ការណ៍​ពាក់​ព័ន្ធ បញ្ហា​សន្តិ​សុខ​សង្គម​ទូទៅ និង​មិន​បាន​ប្រាស្រ័យ​ទាក់​ទងជាមួយ​ឈ្មួញ​ឈើ​រូប​ណា​ទេ។​

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពីលោក ​ស៊ុន​ អេង​ អធិ​ការ​ស្រុក​ស្វាយ​លើ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ប៉ុន្តែ​អធិការ​ស្រុក​ស្វាយ​លើ​រូប​នោះ ​បាន​ប្រាប់​សារ​ព័ត៌មាន​អនឡាញ Siem Reap Times ថាករណី​វាយដំ​ដោយ​ជន​មិន​ស្គាល់មុខ​មក​លើ​លោក ប្រន​ ស៊ាន អាច​ជា​រឿង​គំនុំ​ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​ជន​បង្ក។

លោក ប្រន​ ស៊ាន និយាយ​ថា​លោក​នឹង​មិន​ចាក​ចេញ​ពី​មុខរបរ​ជា​អ្នក​កាសែត​ទេ​ បើ​ទោះ​បី​លោក​បាន​រង​ការ​វាយ​ដំយ៉ាង​ហិង្សា​យ៉ាង​ដូច្នេះ។ លោក​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​មក​ប្រមូល​ព័ត៌មានពី​លោក ដើម្បី​កសាង​សំណុំ​រឿង៕

XS
SM
MD
LG