បណ្តាញសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានឲ្យដឹងថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទំនងជានឹងជួបជាមួយនឹងសមភាគីកូរ៉េខាងជើងរបស់លោកនៅក្នុងសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ។
បណ្តាញសារព័ត៌មាននេះបានរាយការណ៍ថា ភាគីទាំងពីរកំពុងតែព្យាយាមរៀបចំកិច្ចប្រជុំមួយ ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីអាមេរិកបញ្ចប់នៅថ្ងៃទី ៦ ខែ វិច្ឆិកាខាងមុខនេះ។
លោក Pompeo បានថ្លែងប្រាប់អ្នកស្រី Greta Van Susteren នៃ VOA នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៩ ខែ តុលា ថា លោកសង្ឃឹមថា ជំនួបនេះប្រហែលជានឹងធ្វើឡើង «ក្នុងរយៈពេលមួយសប្តាហ៍កន្លះទៀត»។
បណ្តាញសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រភពព័ត៌មានផ្នែកការទូតរបស់កូរ៉េខាងត្បូងមួយដែលដឹងអំពីការចរចារវាងអាមេរិកនិងកូរ៉េខាងជើងបានឲ្យដឹងថា «នៅពេលលោក Pompeo ធ្វើសុន្ទរកថា ជំនួបនេះគ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ ប៉ុន្តែត្រូវពន្យារពេលវិញប៉ុន្មាន ដោយសារតែកាលៈទេសៈខាងភាគីអាមេរិក»។
ប្រភពព័ត៌មាននេះបានឲ្យដឹងទៀតថា «ទីតាំងនៃជំនួបនេះប្រហែលជានឹងធ្វើឡើងនៅប៉ែកខាងកើតសហរដ្ឋអាមេរិក»។
ជំនួបរវាងលោក Pompeo និងគណៈប្រតិភូកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើការបន្តពិភាក្សាទៅលើការលុបបំបាត់នុយក្លេអ៊ែរពីកូរ៉េខាងជើង ក៏ដូចជាពិភាក្សាទៅលើលទ្ធភាពនៃការរៀបចំឲ្យមានជំនួបកំពូលមួយទៀតរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ៕