របាយការណ៍នេះត្រូវបានចេញផ្សាយ ស្របពេលជាមួយនឹងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងដាវ៉ូស នៃប្រទេសស្វ៊ីស កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះដែរ។ របាយការណ៍នេះ បានសង្កត់ធ្ងន់លើអ្វីដែលគេហៅថា «សំណុំស្មុគស្មាញនៃហានិភ័យសង្គមនិងសេដ្ឋកិច្ច ដែលអាចបង្កឲ្យមានការបែកបាក់គ្នានៅក្នុងពិភពលោក»។
លោក Aengus Collins គឺជាអ្នកសរសេររបាយការណ៍ស្តីពីហានិភ័យជាសកលនេះ។ លោកបាននិយាយថា វិសមភាពប្រាក់ចំណូល និងការបែកបាក់គ្នា គឺជាកត្តាចម្បងក្នុងចំណោមកត្តាធំៗបំផុតដែលនាំឲ្យមានហានិភ័យជាសកល។
«ខ្ញុំគិតថា ក្នុងបរិបទនៃការវិវឌ្ឍនយោបាយមួយចំនួនដែលយើងបានឃើញកាលពីឆ្នាំ២០១៦ គឺវាបានបង្ហាញយ៉ាងច្បាស់ថា បញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរទៅៗ ហើយវាក៏ជាបញ្ហាប្រឈមសម្រាប់អ្នកនយោបាយនៅទូទាំងពិភពលោកផងដែរ។ ខ្ញុំយល់ថាមនុស្សជាច្រើនផ្តោតយកចិត្តទុកដាក់លើបញ្ហានយោបាយនៃបណ្តាប្រទេសលោកខាងលិចមួយចំនួន ជាក់ស្តែងបញ្ហានយោបាយក្នុងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ ប៉ុន្តែការបែកបាក់គ្នា គឺជាបញ្ហាប្រឈមដែលកំពុងតែរីកដុះដាល។ ខ្ញុំគិតថាឆ្នាំ២០១៦គឺជាការភ្ញាក់រលឹកមួយ»។
របាយការណ៍នេះ ក៏បានបង្ហាញផងដែរថា បញ្ហាបរិស្ថាននឹង«គ្របដណ្តប់បញ្ហាធំទាំងអស់» ជាពិសេស បន្ទាប់ពីកិច្ចព្រមព្រៀងអាកាសធាតុជាប្រវត្តិសាស្រ្តបានសម្រេចក្នុងទីក្រុងប៉ារីស។
«ឆ្នាំ២០១៦គឺជាឆ្នាំដ៏វិជ្ជមានសម្រាប់កសាងជំហានគោលនយោបាយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ប៉ុន្តែស្ថានភាពនៅតែស្ថិតក្នុងភាពស្រួចស្រាវនៅឡើយ។ បើក្រឡេកមើលទៅលើលទ្ធផលនៃការស្ទង់មតិវិញ របាយការណ៍ហានិភ័យជាសកលឆ្នាំនេះ បានរំលេចពីការពិតដែលថា ហានិភ័យចំនួនបួននៃហានិភ័យប្រាំ គឺជាហានិភ័យពាក់ព័ន្ធនឹងបរិស្ថាន ដែលវាស្ថិតក្នុងកម្រិតដែលអាចកើតមានខ្ពស់ហើយក៏មានផលប៉ះពាល់ខ្ពស់ដែរ។ ហានិភ័យបរិសា្ថន ពិតជាហានិភ័យដែលលេចធ្លោខ្លាំងក្នុងឆ្នាំនេះដែលមិនធ្លាប់មានពីមុនមក»។
លោក Aengus Collins បានបញ្ជាក់ថា ហានិភ័យជាសកលទាំងឡាយគឺមានលក្ខណៈកាន់តែស្មុគស្មាញនិងកាន់តែប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង។
«យើងទាំងអស់គ្នាមើលឃើញបញ្ហានេះដូចគ្នា។ ខ្ញុំគិតថាបច្ចេកវិទ្យាគឺជាបញ្ហាគន្លឹះ។ ផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើសេដ្ឋកិច្ចតាមរយៈទីផ្សារការងារ គឺកំពុងបង្កឲ្យមានផលប៉ះពាល់ដល់សង្គមនិងនយោបាយយ៉ាងខ្លាំង។ ខ្ញុំគិតថា យើងក៏គួរតែសង្កេតមើលលើភូមិសាស្ត្រនយោបាយ ផលប៉ះពាល់នៃហានិភ័យកត្តាបរិស្ថានទៅលើភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់នៃបច្ចេកវិទ្យា ដែលជាការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រទៅលើភូមិសាស្ត្រនយោបាយផងដែរ»។
លោក Collins បានថ្លែងថា ហានិភ័យបែបនេះទាមទារឱ្យរដ្ឋាភិបាល ធ្វើការសម្របខ្លួនឲ្យបានឆាប់រហ័សទៅនឹងស្ថានភាពថ្មីៗ។
«នៅពេលមានភាពប្រទាក់ក្រឡាគ្នាបែបនេះ រដ្ឋាភិបាលតែម្នាក់ឯងឬផ្នែកជំនួញតែម្នាក់ឯងមិនអាចដោះស្រាយបញ្ហាថ្មីៗនេះទេ។ វាតម្រូវឲ្យមានការដោះស្រាយឲ្យបានលឿន ដោយប្រើប្រាស់វិធីសាស្រ្តដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ នេះគឺជាផ្នែកធំមួយនៃអ្វីដែលវេទិកានេះកំពុងធ្វើ»។
លោក Collins និយាយថា «ប្រធានបទសំខាន់» នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ គឺ «ភាពជាអ្នកដឹកនាំដែលឆ្លើយតបទៅនឹងបញ្ហាទាន់ពេលវេលានិងមានការទទួលខុសត្រូវ»។
របាយការណ៍នេះបានព្រមានពីហានិភ័យនៃអ្វីដែលរបាយការណ៍នេះហៅថាជាបដិវត្តន៍ឧស្សាហកម្មទីបួន ដែលរួមមានការប្រើប្រាស់មនុស្សយន្តនិងភាពវ័យឆ្លាតសិប្បនិម្មិតផងដែរ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង