អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានឲ្យដឹងនៅក្នុងរបាយការណ៍សន្ទស្សន៍សេរីភាពសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃពុធនេះថា នៅទូទាំងពិភពលោក សេរីភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ រងការគំរាមកំហែងខ្លាំងជាងពេលណាៗទាំងអស់។
អង្គការការពារសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនេះ សំដៅជាពិសេសដល់ប្រទេសប្រជាធិបតេយ្យ ថាជាប្រទេស ដែលសេរីភាពសារព័ត៌មានមានការធ្លាក់ចុះ នៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ។
របាយការណ៍របស់អង្គការនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលនៅក្នុងប្រទេសប្រជាធិបតេយ្យនានា កំពុងជាន់ឈ្លីសេរីភាព ដែលជាគោលការណ៍ គួរតែជាកត្តានាំមុខមួយរបស់ពួកគេនៅក្នុងការដឹកនាំប្រទេស។ ការជាន់ឈ្លីសេរីភាពទាំងនោះមានដូចជា ការប្រើច្បាប់សាហាវយង់ឃ្នង ជម្លោះផលប្រយោជន៍ និងការប្រើប្រាស់អំពើហិង្សាលើរាងកាយជាដើម»។
របាយការណ៍របស់អង្គការនេះបានបញ្ជាក់បន្ថែមទៀតថា ការថយចុះនៃសេរីភាពសារព័ត៌មាន ភាគច្រើនឃើញច្បាស់នៅក្នុងប្រទេសណា ដែលគំរូនៃការដឹកនាំបែបបុរសខ្លាំងផ្ដាច់ការត្រូវបានអនុវត្ត ដូចជានៅក្នុងប្រទេសប៉ូឡូញ ហុងគ្រី និងតួកគី ជាដើម។
លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បាននិយាយយ៉ាងដូច្នេះថា៖ «អត្រាដែលប្រទេសប្រជាធិបតេយ្យកំពុងឈានដល់ដំណាក់កាលផ្លាស់ប្ដូរនោះ គឺគួរឲ្យព្រួយបារម្ភ។ កត្តាដែលគួរឲ្យព្រួយបារម្ភនោះ គឺសម្រាប់ប្រទេសប្រជាធិបតេយ្យណា ដែលយល់ថា ប្រសិនបើសេរីភាពប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានធានានោះទេ នោះសេរីភាពផ្សេងៗទៀតក៏មិនអាចធានានោះដែរ»។
ជារួម របាយការណ៍ឆ្នាំ ២០១៧ របស់អង្គការនេះ បានបង្ហាញថា ប្រទេសដែលអង្គការនេះធ្វើការវាស់វែងសិក្សា ចំនួន ៦២ ភាគរយ បានបង្ហាញឲ្យឃើញពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន៕