ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​អបអរ​ទិវា​សេរីភាព​ តែ​ក្តី​ក្លាហាន​មាន​តិច​ជាង​មុន


លោក​ ខៀវ ​កាញារិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៣ ខែឩសភា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក​ ខៀវ ​កាញារិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៣ ខែឩសភា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ធ្វើឡើង​ ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ វាយ​តម្លៃ​នូវ​កម្រិត​សេរីភាព​ ក៏ដូចជា​លើក​កម្ពស់​ការ​យល់ដឹង​សាធារណជន​អំពី​«ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន» ដើម្បី​ធានា​ថា​ ច្បាប់​នេះ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ និង​បរិបទ​កម្ពុជា​បច្ចុប្បន្ន។

ជា​ថ្មី​ម្តង​ទៀត​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ តំណាង​ទូត​ អង្គការ​អន្តរជាតិ​ និង​អ្នក​ជំនាញ​សារព័ត៌មាន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» នា​ព្រឹក​ថ្ងៃអង្គារ​នេះ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ក្រោម​ប្រធានបទ​«សិទ្ធិទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់អ្នក!» ធ្វើឡើង​ ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ វាយ​តម្លៃ​នូវ​កម្រិត​សេរីភាព​ ក៏ដូចជា​លើក​កម្ពស់​ការ​យល់ដឹង​សាធារណជន​អំពី​«ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន» ដើម្បី​ធានា​ថា​ ច្បាប់​នេះ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ និង​បរិបទ​កម្ពុជា​បច្ចុប្បន្ន។

ថ្លែង​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ លោក​ស្រី​ Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ (UNESCO) ប្រចាំ​នៅ​កម្ពុជា លើកឡើង​ថា​ សិទ្ធិ​ទទួល​ព័ត៌មានគឺ​ជាមូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​កម្ពុជា​ ហើយ​សិទ្ធិ​នេះ​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ចំហរ​ព័ត៌មាន​ឲ្យ​កាន់​តែ​មាន​តម្លាភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅកាន់​សាធារណជន។

លោក​ ខៀវ ​កាញ៉ារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​សេចក្តី​ព្រាង​ច្បាប់​ «សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​មាន​៩​ជំពូក​ និង​៣៩មាត្រា​នេះ​ កំពុងស្ថិត​ក្រោម​ការ​ពិភាក្សា​ដោយ​ក្រុម​អ្នក​ជំនាញ​មក​ពី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​សារព័ត៌មាន​ ដើម្បី​សម្រេច​បាន​ច្បាប់​មួយ​ដែល​កាន់​តែ​សុក្រឹត និង​អា​ច​ទទួល​យក​បាន​ពីគ្រប់ភាគី។​ ក៏​ប៉ុន្តែ​ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​កាល​បរិច្ឆេទ​បញ្ចប់​កិច្ច​ពិភាក្សា​នៃ​ច្បាប់​នេះ​នៅ​ឡើយ​នោះ​ទេ។

សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន​» នេះ​បាន​កំណត់​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា​ត្រូវ​ផ្តល់​ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ ព្រម​ទាំង​កាត់​បន្ថយ​ព័ត៌មាន​សម្ងាត់​ឲ្យមាន​កម្រិត​ទាប​បំផុត។

លោក​ ប៉ែន​ បូណា​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​លើក​ឡើង​ថា​ ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» នឹង​បង្ខំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ផ្តល់​ឯកសារ​ដែល​អ្នក​សារព័ត៌មាន​ត្រូវការ​ជា​ចាំបាច់​ និង​អាច​ជួយ​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ធ្វើ​អត្ថបទ​ស៊ើបអង្កេត​ស៊ីជម្រៅ​ជាង​មុន។ ការណ៍​នេះ​ នឹង​រួម​ចំណែក​កែលំអ​សង្គម​ឲ្យ​កាន់​តែ​ប្រសើរ។

«អ្នក​កាសែត យើង​អត់​មាន​សិទ្ធិ​ទៅ​ចាប់​ចង​គេទេ​ ប៉ុន្តែ​អត្ថបទ​របស់​យើង​មួយៗ​មាន​ឥទ្ធិពល​អាច​ធ្វើ​ឲ្យ​មន្ត្រីម្នាក់​ធ្លាក់ពី​តំណែង​ ឡើង​តំណែង​ ឬ​ជាប់​ពន្ធនាគារ​ នៅពេល​ដែល​អ្នក​សារព័ត៌មាន​ គាត់​រាយការណ៍​អំពី​រឿង​រ៉ាវ​មិន​ប្រក្រតី​ណា​មួយ​ ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ណា​មួយ។ នេះ​ហើយ​ជា​អំណាច​ ដែល​អ្នក​សារព័ត័មាន​យើង​ ដែល​ជួយ​កែលំអ​សង្គម​ទៅរកភាព​វិជ្ជមាន»។

ថៃ្ងទី៣ ខែឧសភា គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ ដែល​ត្រូវបាន​អនុម័ត​ជា​សេចក្តី​ប្រកាស​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​ធ្នូ ឆ្នាំ​១៩៩៣។ (រូបថត​ដក​ស្រង់​ពី​គេហទំព័រ​អង្គការ​សហប្រជាជាតិ)
ថៃ្ងទី៣ ខែឧសភា គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ ដែល​ត្រូវបាន​អនុម័ត​ជា​សេចក្តី​ប្រកាស​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​ធ្នូ ឆ្នាំ​១៩៩៣។ (រូបថត​ដក​ស្រង់​ពី​គេហទំព័រ​អង្គការ​សហប្រជាជាតិ)

ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ពិភាក្សា​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ច្បាប់​«សិទ្ធិ​ទទួល​បាន​ព័ត៌មាន» និង​ខណៈពេល​ដែល​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ឬ Reporters ​Without Borders ​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ថា​ សេរីភាព​សារព័ត៌មាន​កម្ពុជា​មាន​ភាព​ប្រសើរ​ជាងមុន។

​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា​ជាប់​លេខ​១២៨​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ​នៅ​ឆ្នាំ​២០១៦​នេះ។ ចំណាត់​ថ្នាក់​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​លេខ​១​ ចំពោះ​សេរីភាព​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ាន​ និង​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​១លេខ​ប្រសើរ​ជាង​ឆ្នាំ​មុន។

បើ​តាម​លោក​ ប៉ា ងួន​ទៀង​ មាន​កត្តា​៣​សំខាន់​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់​ល្អ​នេះ។ មួយ​ គឺ​ការ​វិវត្តន៍​ល្អ​នៃ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​ ដែល​រាប់​បញ្ចូល​ទាំង​ការ​ថយ​ចុះ​ចំនួន​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​ស្លាប់ និង​ចាប់​ខ្លួន​ និង​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង។​ ទី២​ គឺ​ដោយសារ​តែ​សម្ពាធ​នយោបាយ​ ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មា​នខ្លួន​ឯង​ខ្លាច​រអា​ក្នុង​ធ្វើ​ព័ត៌មាន​បែប​ស៊ើប​អង្កេត​ទៅ​លើ​ប្រធានបទ​ចម្រូង​ចម្រាស់។ រីឯ​ចំណុច​ទី​៣ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នេះ​គឺ ដោយសារ​តែ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​ជិត​ខាង​កម្ពុជា​មាន​ស្ថានភាព​អាក្រក់​ជាង​មុន។

«អ្នក​សារព័ត៌មាន​យើង​ គឺ​ដោយសារ​សម្ពាធ​នយោបាយ​ ដោយសារ​ខ្វះ​យន្តការ​នៃ​ការ​ការពារ​ តុលាការ​មិន​ឯករាជ្យ​ តុលាការ​ពុករលួយ​ ចឹង​ទៅ​គាត់[អ្នក​កាសែត​]ថយដៃ។ រឿង​ចម្រូង​ចម្រាស់ខ្លះ​ គាត់​អត់​ហ៊ាន​ធ្វើ​ទេ។ អ្នក​សារព័ត៌មាន​យើង​ភាគ​ច្រើន ​គាត់​ធ្វើ​តាម​ព្រឹត្តិការណ៍។​ មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​ យើង​ផ្សាយ​ថា ​ឥឡូវ​មាន​យុទ្ធនាការ​បង្ក្រាប​ព្រៃឈើ​ ប៉ុន្តែ​ការ​បង្ក្រាប​ហ្នឹង​មាន​ប្រសិទ្ធភាព​ទេ​ ឃ្លាំង​ផ្ទុកឈើ​វា​នៅ​ទីណា​ អ្នក​ណា​ពាក់ព័ន្ធអ្វី​ អត់​មាន​អ្នក​ណា​ហ៊ាន ​ធ្វើ​ការ​ស៊ើបអង្កេត​ទេ»។

លោក​ ប៉ា ងួនទៀង ​ដែល​ជា​សមាជិក​មួយ​នៃ​ក្រុម​បច្ចេកទេស​ធ្វើ​ច្បាប់​នេះ​ និង​ជា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​វត្ត​មាន​នៃ​ច្បាប់​នេះ ដោយ​សារ​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​កាន់​តែ​ទូលំទូលាយ​ តាមប្រម៉ាញ់​ការ​ពិត​នៅពី​ក្រោយ​រឿង​ចម្រូង​ចម្រាស។ ក៏​ប៉ុន្តែ លោក​ ប៉ា ងួន​ទៀង​ នៅ​តែ​មាន​មន្ទិល​ និង​ក្តី​បារម្ភ​ជុំវិញ​ឆន្ទៈ​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ។

​បើគិត​តាំង​ពីឆ្នាំ២០១៥​ មក​ទល់​ទិវា​សេរីភាព​សារព័ត៌មាន​ថ្ងៃ​នេះ​ មាន​អ្នក​សារព័ត៌មាន​ចំនួន​៨២​រូប​ ត្រូវបាន​សម្លាប់​នៅ​ជុំវិញ​ពិភព​លោក។ ក្នុង​នោះ​ប្រទេសដែល​គ្រោះថ្នាក់​ជាង​គេ​សម្រាប់​អ្នក​សារព័ត៌មាន​គឺ​ ប្រទេស​ស៊ីរី​ ម៉ិកស៊ិក និង​ប្រទេស​នៅទ្វីប​អាមេរិក​ខាងត្បូង។​

ស្រប​ពេល​គ្នា​ដែរ នៅ​ថ្ងៃអង្គារ​នេះ​ សេចក្តី​ថ្លែងការណ៍​របស់​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​មួយ បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​សូម​ថ្កោល​ទោស​ចំពោះ​ការ​កើន​ឡើង​នូវ​ការ​បំភិតបំភ័យ​ និង​អំពើហិង្សា​ចំពោះ​អ្នក​សារព័ត៌មាន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បុគ្គល​ផ្សេងៗទៀត​នៅក្នុង​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក​ នៅពេល​ដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់ខ្លួន​ក្នុង​ការ​បញ្ចេញ​មតិ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​បណ្តាញ​អ៊ីន​ធឺណិត៕

XS
SM
MD
LG