ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី ២៤ គ្រឿង ខណៈ​លោក Zelenskyy ស្វែងរក​ជំនួយ​ការពារ​ដែន​អាកាស


ទាហាន​អ៊ុយក្រែន​ម្នាក់​កាន់​កាំភ្លើង​នៅ​ទី​ក្រុង Orikhiv ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​ម្នាក់​កាន់​កាំភ្លើង​នៅ​ទី​ក្រុង Orikhiv ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២៣។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​បំផ្លាញ​ដ្រូន ២៤ គ្រឿង​ដែល​កងទ័ព​រុស្ស៊ី​បាន​បាញ់​កាលពី​យប់​មិញ។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូន​សរុប​ចំនួន​២៩​គ្រឿង​ដើម្បី​វាយ​ប្រហារ​ដោយ​ផ្ទាល់​លើ​តំបន់ Odesa តំបន់ Mykolaiv និង​តំបន់​Kirohovrad។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​បណ្ដា​មេដឹកនាំ​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេល​លោក​ស្វះស្វែង​រក​ការ​គាំទ្រ​បន្ថែម​សម្រាប់​យោធា​របស់​លោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ផង​ដែរ។

លោក Zelenskyy បាន​និយាយ​មុន​កិច្ច​ប្រជុំ​នេះ​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្កើន​ការ​ការពារ​ដែន​អាកាស​របស់​ខ្លួន​នៅ​មុន​រដូវ​រងា​ចូល​មក​ដល់។

ស្រប​ពេល​នេះ​ដែរ បញ្ជាការដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​គ្រាប់​រំសេវ​ប្រហែល ១,១ ​លាន​គ្រាប់​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ដែល​កងទ័ព​ជើង​ទឹក​អាមេរិក​បាន​រឹប​អូស​ពី​កងទ័ព​អ៊ីរ៉ង់​កាលពី​ឆ្នាំ​មុន​នៅ​ពេល​ដែល​អ៊ីរ៉ង់​ព្យាយាម​ផ្ទេរ​គ្រាប់​កាំភ្លើង​ទាំង​នេះ​ទៅ​ឱ្យ​យុទ្ធជន Houthi នៅ​ក្នុង​ប្រទេស​យេមែន​ដែល​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG