ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក Pompeo ប្រកាន់​ជំហរ​ការពារ​ជន​ជាតិ​ភាគ​តិច ​Uighurs ​នៅ​ប្រទេស​ចិន


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ចិន​ឈរ​យាម​នៅ​លើ​ផ្លូវ​នៅ​ជិត​កន្លែង​ដែល​គេ​ហៅ​ថា មជ្ឈមណ្ឌល​អប់រំបណ្ដុះ​បណ្ដាល ក្នុង​តំបន់ Yining តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ចិន​ឈរ​យាម​នៅ​លើ​ផ្លូវ​នៅ​ជិត​កន្លែង​ដែល​គេ​ហៅ​ថា មជ្ឈមណ្ឌល​អប់រំបណ្ដុះ​បណ្ដាល ក្នុង​តំបន់ Yining តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន។

សកម្មជន​ជន​ជាតិ​ភាគ​តិច Uighurs​ និង​ក្រុម​អ្នក​ជំនាញ​បង្ហាញ​សុទិដ្ឋិនិយម​អំពី​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ស្ថានភាព​ដែល​កំពុង​កើត​មាន​ឡើង​ចំពោះ​ជន​ជាតិ​ភាគ​តិច​ Uighurs ​នៅ​ប្រទេស​ចិន​និង​នៅ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​មាន​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​បញ្ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា​ កន្លង​ទៅ លោក Pompeo បាន​ថ្លែង​ថា សហរដ្ឋ​អមេរិក​នៅ​តែ​មាន​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ដែល​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​បាន​បៀត​បៀន ចាប់​ដាក់​ពន្ធនាគារ ឬ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ទៅ​លើ​សមាជិក​គ្រួសារ​នៃ​សកម្មជន​កាន់​សាសនា​ឥស្លាម​ជន​ជាតិភាគ​តិច ​Uighurs ​និង​អ្នក​រស់​រាន​មាន​ជីវិត​ពី​ជំរំ​ឃុំ​ឃាំង​នៃ​ខេត្ត Xinjiang ដែល​បាន​ទម្លាយ​រឿង​រ៉ាវ​របស់​ពួក​គេ​ជា​សាធារណៈ។

លោក​ Ferkat Jawdut សកម្មជន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ដែល​ឈ្មោះ​របស់​លោក​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ការទូត​អាមេរិក​បាន​ប្រាប់​ VOA ថា ការ​ដែល​រដ្ឋាភិបាល​អាមេរិក​បានធ្វើ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ដូច្នេះ​ បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ជន​ជាតិ​ភាគតិច​ Uighurs​ថា ពួក​គេ​មិន​មែន​ឯកោ​ទេ។

លោក​និយាយ​ថា៖«វា​ជា​ការ​ល្អ ដែល​រដ្ឋបាល​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​កំពុង​ខិត​ខំ​ជួយ​បិទ​ជំរំ​ទាំង​នោះ និង​ស្ដារ​នូវ​សេរីភាព​សម្រាប់​ជន​ជាតិ​ភាគតិច​ Uighurs​ នៅ​ប្រទេស​ចិន នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ជុំវិញ​ពិភពលោក»។

ជំរំ​ឃុំឃាំង

កាល​ពី​ពីរ​ឬ​បី​ឆ្នាំ​កន្លង​ទៅ រដ្ឋាភិបាល​ចិន​បាន​បង្កើត​មន្ទីរ​ឃុំឃាំង​នានា​ក្នុង​តំបន់​ Xinjiang នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន​ដែល​ចិន​អះអាង​ថា​ ជា​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ធ្វើ​ឡើង​ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម ភាព​ជ្រុល​និយម និង​ដើម្បី​បង្រៀន​ជំនាញ​ថ្មីៗ។

អ្នក​ស្រុក​ឈរ​នៅ​ជិត​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​និង​បំនិន​ជីវិត​ក្នុង​ទីក្រុង ​Artux នៅ​ឧទ្យាន​ឧស្សាហកម្ម ​Kunshan ក្នុង​តំបន់​ Xinjiang ប្រទេស​ចិន។
អ្នក​ស្រុក​ឈរ​នៅ​ជិត​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​និង​បំនិន​ជីវិត​ក្នុង​ទីក្រុង ​Artux នៅ​ឧទ្យាន​ឧស្សាហកម្ម ​Kunshan ក្នុង​តំបន់​ Xinjiang ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​កំពុង​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​កាន់​តែ​ច្រើន​ឡើង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ឃាំង​ជន​ជាតិ​ភាគ​តិច ​Uighurs​ នេះ។

ក្នុង​ករណី​ខ្លះ ការ​រំលោភ​បំពាន​ដោយ​រដ្ឋាភិបាល​ចិន​ប្រឆាំង​ជន​ជាតិ​ Uighurs​ កាន់​សាសនា​ឥស្លាម​កើត​មាន​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការបរទេស​អាមេរិក​និង​ក្រុម​សកម្មជន ​Uighurs​ ពី​តំបន់ Xinjiang។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​Pompeo នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក។

ការ​បដិសេធ​របស់​ចិន

មន្ត្រី​ចិន​ជា​ច្រើន​បាន​បដិសេធ​ថា​ មិន​មាន​ការ​ធ្វើបាប​ជន​ជាតិភាគតិច ​Uighurs​ នោះ​ទេ។ ហើយ​ពួក​គេ​បាន​ថ្លែងការពារ​ខ្លួន​ថា អ្នក​ជាប់​ឃុំ​ឃាំង​ទាំង​នោះ​បាន​ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ​ដោយ​ការ​ស្ម័គ្រ​ចិត្ត។

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ដើម​ខែវិច្ឆិកា​មុន​ថា៖«ខ្ញុំ​ចង់​សង្កត់​បញ្ជាក់​ថា មិន​មាន​ជំរំ​ឃុំ​ឃាំង​នៅ​តំបន់ Xinjiang​ នោះ​ទេ»។

រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ Geng Shuang ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ២០១៩។
រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ Geng Shuang ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ២០១៩។

លោក Shuang បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ Pompeo វិញ​ថា៖ «ដោយ​យក​លេស​រឿង​សិទ្ធិ​មនុស្ស​ សហរដ្ឋ​អាមេរិក​បាន​លាប​ពណ៌​គោលនយោបាយ​របស់​តំបន់​ Xinjiang ម្ដង​ហើយ​ម្ដង​ទៀត ហើយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ច្រើន​ដែល​ប្រាស​ចាក​ពី​ការណ៍​ពិត»។

លោក Jawdut ដែល​ម្ដាយ​របស់​លោក​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង​របស់​ចិន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក​បាន​និយាយ​ថា «ពេល​មាន​អាមេរិក​នៅ​ខាង​ពួក​យើង» នឹង​អាច​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ចិន ប្រឆាំង​នឹងជនជាតិ​ភាគតិច ​Uighurs។

លោក ​Jawdut បាន​ថ្លែង​ប្រាប់ VOA នៅ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​មួយ​ថា៖«សេចក្ដី​ថ្លែងការណ៍​របស់​លោក Pompeo គឺ​បញ្ជាក់​បង្ហាញ​ថា យើង​មិន​មែន​នៅ​ឯកោ​ទេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ ដែល​របប​គ្រប់​គ្រង​របស់​ចិន​បាន​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិ​ភាគតិច​ Uighurs ដែល​រស់​នៅ​ប្រទេស​ចិន​ក៏​ដូច​ជា​នៅ​ឯ​បរទេស​ផង​ដែរ»។

លោកJawdut ​បាន​រំឭក​ពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដែល​រដ្ឋាភិបាល​ចិន​ប៉ុនប៉ង​ចង់​គំរាម​កំហែង​លោក។

លោកJawdutបាន​និយាយ​ថា៖«ភ្នាក់ងារ​សន្តិសុខ​ចិន​ជា​ច្រើន​បាន​ទាក់​ទង​តាម​គណនី​បណ្ដាញ​សង្គម Wechat របស់​ពួក​គេ​ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​កំពុង​តែ​ប្រឆាំង​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​ពិភពលោក​មួយ​ ហើយ​ថា​ខ្ញុំ​និង​ម្ដាយ​របស់​ខ្ញុំ​ដែល​កំពុង​រស់​នៅ​ក្រោមការ​ត្រួតត្រា​ដ៏​សាហាវ​ព្រៃ​ផ្សៃ​របស់​ចិន​នោះ នឹង​ងាយ​ស្រួល​កម្ចាត់»។

លោក​បាន​ថ្លែង​បន្ថែម​ថា ភា្នក់​ងារ​របស់​ចិន​បាន​ឲ្យ​លោក​សហការ​ជាមួយ​ពួក​គេ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ម្ដាយ​របស់​លោក និង​សាច់​ញាតិ​ផ្សេង​ទៀត​ពី​ជំរំ​ឃុំ​ឃាំង​នោះ។

លោកJawdut បាន​និយាយ​បន្ត​ថា៖«បន្ទាប់​ពី​ខ្ញុំ​បាន​បដិសេធ​នឹង​ការ​ផ្តល់​ឲ្យ​របស់​ពួក​គេ ពួក​គេ​បានបញ្ជូន​ពូ​មីង​របស់​ខ្ញុំ ចេញ​ពី​ជំរំ​អប់រំ​កែប្រែ​ទៅ​កាន់​ពន្ធនាគារ​តែ​ម្ដង»។

លើក​កម្ពស់​ការ​យល់​ដឹង

លោក ​Alfred Erkin ដែល​ជា​សកម្មជនUighurs​ មួយ​រូប​បាន​និយាយ​ថា ពាក្យ​សម្ដី​របស់​លោក Pompeo បាន​លើក​ទឹក​ចិត្ត​ឲ្យ​លោក​បន្ត​ការ​តស៊ូ​មតិ​ឲ្យ​ជន​ជាតិ​ភាគតិច​ Uighurs។

លោក ​Erkin​ និយាយ​ថា ​កាល​ពី​ខែ​កញ្ញា​ ២០១៨ លោក​បាន​ដឹង​ថា ទាំង​ឪពុក​ទាំង​ម្ដាយ​របស់​លោក​ត្រូវ​បាន​យក​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ចិន។ ឪពុក​របស់​លោក ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍គ្រប់​គ្រង​ដោយ​រដ្ឋ ត្រូវ​បាន​ដាក់​ពន្ធនាគា​អស់​ជាង​៦​ខែ​មក​ហើយ​ ចំណែក​ឯ​ម្ដាយ​របស់​លោក​ដែល​ជា​គ្រូ​បង្រៀន​នៅ​សាលា​រដ្ឋ ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​ជំរំ​ឃុំ​ឃាំង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។

លោក Erkin បាន​ថ្លែង​ប្រាប់​ VOA ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ខ្លាំង​ណាស់​ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ដេល​ជា​បុគ្គលិក​រដ្ឋាភិបាល ហើយ​ជា​ពលរដ្ឋ​គោរព​ច្បាប់​ មិន​អាច​ទាំង​ជួយ​ខ្លួន​ឯង​បាន​ពី​ការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​របស់​ចិន​ទៅ​លើ​ពួក​យើង»។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក​និយាយ​ថា លោក​បាន​យក​ការ​តស៊ូ​មតិ​ជា​បេសកកម្ម​ចម្បង​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ស្ថានភាព​នៃ​គ្រួសារ​របស់​លោក និង​ជា​សំឡេង​មួយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ Uighurs​ រាប់​លាន​នាក់​ទៀត​ដែល​កំពុង​រស់​នៅ​ជំរំ​អប់រំ​កែប្រែ​របស់ចិន​ ក្នុង​ពន្ធនាគារ ឬ​ស្ថិត​ក្រោម​ការ​តាម​ដាន​ ​ដែល​ពួក​គេ​មិន​អាច​និយាយ​រៀបរាប់​ពី​សា្ថនភាព​របស់​ពួក​គេ​បាន។

លោក Erkin បាន​បញ្ជាក់​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Pompeo ​ដើម្បី​ពិភាក្ស​អំពី​ស្ថានភាព​របស់​ជនជាតិ​ភាគតិច ​Uighurs​នៅ​ប្រទេស​ចិន។

លោក ​Erkin ក៏​បាន​និយាយ​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​បាន​ផ្ដល់​សក្ខីកម្ម​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

អ្នកស្រី Zumrat Dawut សកម្មជន ​Uighurs​ មួយ​រូប​ទៀត​ដែល​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​ឃុំ​ឃាង​នោះ​បាន​និយាយ​ថា អ្នក​ស្រី​ត្រូវ​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អមនុស្សធម៌​មួយ។

អ្នកស្រី Dawut និយាយ​ថា៖ «ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​និង​សាក្សី​មួយ​ចំនួន​តូច​ដែល​រួច​ជីវិត​ពី​គោល​នយោបាយ​អនុស្សធម៌​និង​ព្រៃផ្សៃ​របស់​ចិន​ប្រឆាំង​នឹង​ជន​ជាតិ​ភាគតិច​ Uighurs​ នៅ​ក្នុង​ជំរំ​អប់រំ​កែ​ប្រែ»។

អ្នកស្រី Dawut ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ជំរំ​ឃុំឃាំង​ចិន​អស់​រយៈ​ពេល​ជាង​២​ខែ កាល​ពី​ឆ្នាំ​២០១៨ រហូត​ដល់​ពេល​ដែល​ស្វាមី​របស់​អ្នកស្រី​ដែល​ជា​ជន​ជាតិ​ប៉ាគីស្ថាន​បាន​ជួយ​ធានា​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Mike Pompeo។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Mike Pompeo។

តួនាទី​របស់​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ប៉ាន់​ប្រមាណ​ថា ជនជាតិ​ភាគតិច​ Uighurs ​១០​ភាគ​រយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ឃាំង។

នៅ​ក្នុង​របាយការណ៍​ស្ដី​ពី​ភេរវកម្ម​កាល​ពី​ឆ្នាំ​២០១៨​ ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា គោលដៅ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​ចិន​ចម្បង​គឺ​ផ្ដោត​លើ​ពួក ​Uighurs។

របាយការណ៍​ក្រសួង​ការបរទេស​បញ្ជាក់​ថា៖«​ការ​ប្រើប្រាស់​ការ​ប្រឆាំង​អំពើ​ភេរវកម្មជា​លេស​ រដ្ឋាភិបាល​ចិន​បាន​ឃុំខ្លួន​ជនជាតិ​ភាគតិច ​Uighurs ​និង​សមាជិក​នៃ​ក្រុម​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ជំរំ​ជា​ច្រើន​នាក់» នៅ​តំបន់ Xinjiang ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG