ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ចិន​ ​ស៊ី ​ជីងពីង ប្រជុំ​ការិយាល័យ​នយោ​បាយ​ដើម្បី​ដោះ​ស្រាយ​«ស្ថាន​ភាព​ធ្ងន់​ធ្ង»​នៃ​មេរោគ​កូរ៉ូណា


បុគ្គលិក​ពេទ្យ​ស្លៀក​សម្លៀក​បំពាក់​ការពារ​កំពុង​ពិនិត្យ​ស្ថានភាព​អ្នក​ដំណើរ​នៅ​លើ​យន្ត​ហោះ​ដែល​ចុះ​ចត​​នៅ​ក្រុង​សៀងហៃ បន្ទាប់​ពី​ហោះ​ចេញ​ពី​ក្រុង Changsha នៅជាប់​ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៥ មករា ២០២០។
បុគ្គលិក​ពេទ្យ​ស្លៀក​សម្លៀក​បំពាក់​ការពារ​កំពុង​ពិនិត្យ​ស្ថានភាព​អ្នក​ដំណើរ​នៅ​លើ​យន្ត​ហោះ​ដែល​ចុះ​ចត​​នៅ​ក្រុង​សៀងហៃ បន្ទាប់​ពី​ហោះ​ចេញ​ពី​ក្រុង Changsha នៅជាប់​ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៥ មករា ២០២០។

ប្រធានាធិបតី​ចិន​លោក​ ស៊ី ​ជីងពីង ​បាន​កោះ​ហៅ​ឲ្យ​មាន​ការ​ប្រជុំ​សមាជិក​ការិយា​ល័យ​របស់​គណបក្សកាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​នានា​រាំង​ខ្ទប់​មេរោគ​កូរ៉ូណា​វីរូស​ដ៏​ប្រល័យ​ដោយ​បាន​ប្រកាស​ថា ​ប្រទេស​ចិន ​កំពុង​ប្រ​ឈម​«ស្ថានភាព​ដ៏ធ្ងន់​ធ្ង»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ។ ជំនួប​នោះ ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មេរោគ​ថ្មី ​បាន​បញ្ឈប់​ការប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចន្ទ​គតិ​ថ្មី​របស់​ជន​ជាតិ​ចិន​រាប់​លាន​នាក់។

សេចក្តី​រាយការណ៍​នោះ ​ប្រាប់​ឲ្យ​ដឹងថា ប្រធានា​ធិបតី​ ស៊ី ​បាន​ប្រាប់​សមាជិក​ការិយា​ល័យ​នយោបាយ​ថា មេរោគ​កូរ៉ូណា​វីរូស​នោះ​ កំពុង​«រាលដាល​យ៉ាង​ខ្លាំង»​ហើយ​ថា ​ពួក​អ្នក​ជំនាញ​និង​ធនធាន​ផ្សេងទៀត ​នឹង​ត្រូវ​ផ្តោត​លើ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ករណី​ធ្ងន់ធ្ង​នៃ​ជំងឺ​នេះ។

កាសែត​ Wall Street Journal ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ការណ៍​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​កំពុង​រៀប​ចំ​ផែនការ​ជម្លៀសពួក​អ្នក​ការទូត​អាមេរិកាំង ​ក្រុម​គ្រួសារ​របស់​ពួក​គេ​និង​ពលរដ្ឋ​អាមេរិកាំងចេញ​ពី​ទីក្រុង​វូហាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

សេចក្តី​រាយការណ៍ដែល​បាន​ដក​ស្រង់សម្តី​មនុស្ស​ដែល​បាន​ដឹង​ពី​ផែនការ​នោះ ​បាន​និយាយ​ថា ​ស្ថានកុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ទី​នោះ ​កំពុង​ទាក់​ទង​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ប្រហែល​១ពាន់​នាក់​នៅ​ក្នុង​ទីក្រុងមាន​មនុស្ស​ជាង​១១​លាន​នាក់។ ពលរដ្ឋ​អាមេរិកាំង​ដែ​ល​ត្រូវ​ជម្លៀស​ចេញ ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​សោហ៊ុយ​នៃ​ការ​ជម្លៀស​ចេញ​តាម​យន្តហោះ​ដែល​អាច​ដឹក​មនុស្ស​ប្រហែល​២៣០​នាក់។

ទូរទស្សន៍​របស់​រដ្ឋ​ចិន ​រាយការណ៍​ថា​ រដ្ឋាភិបាល​នឹង​ព្យាបាល​ករណី​នៃជំងឺ​ទាំង​នោះ​ដោយ​មិន​គិត​ថ្លៃ ហើយ​នឹង​ធានាគ្រឿង​ផ្គត់​ផ្គង់​ដែល​ត្រូវ​ដឹក​ទៅ​កាន់​ខេត្ត​ហ៊ូបេ​ និង​ទីក្រុង ​វូហាន​របស់​ខេត្ត​នោះ​ដែល​ជា​ទី​កន្លែង​ផ្ទុះ​ឡើង​នៃ​មេរោគ​នោះ។

ក្នុង​ខណៈ​នោះ​ដែរ ​រុស្ស៊ី ​កំពុង​ពិភាក្សា​ជាមួយ​ចិន​អំពី​លទ្ធភាព​នៃការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ទីក្រុង​វូហាន​ និង​ខេត្ត​ហ៊ូបេ​ដែរ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ RIA​ ដែល​ដកស្រង់​សម្តី​ស្ថានទូត​រុស្ស៊ី។

គណៈ​កម្មការ​សុខាភិបាល​ជាតិរ​បស់ចិន ​ប្រាប់​ឲ្យ​ដឹងថា ​ចំនួន​មនុស្ស​ស្លាប់មក​ពី​មេរោគថ្មី​បាន​ឡើង​ដល់​៤១​នាក់ ​ដោយ​មានមនុស្ស​ឆ្លង​ជាង​១,២០០រយ​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​២៩​ទូ​ទាំង​ប្រទេស៕

XS
SM
MD
LG