ពួកមន្ត្រីចាត់ចែងកិច្ចការគ្រាមានមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីនិយាយថាចំនួនមនុស្សស្លាប់ដោយសាររលកយក្សស៊ូណាមិ កាលពីថ្ងៃសៅរ៍នៅក្នុងផ្នែកខ្លះនៃឆ្នេរសមុទ្រខាងលិចកោះ Java កើនឡើងដល់៤២៩នាក់ហើយនៅពេលនេះ។
ពួកអ្នកជួយសង្គ្រោះបានប្រើឆ្កែហិតក្លិន និងដ្រូនដើម្បីស្វែងរកពួកអ្នកនៅរស់ពីរលកយក្សស៊ូណាមិនេះដែលបានបំផ្លិចបំផ្លាញសហគមន៍នៅចន្លោះកោះ Sumatra និងកោះ Java នៅក្នុងដៃសមុទ្រ Sunda។ អគារជាង១ពាន់ខ្នងបានត្រូវខូចខាត ឬត្រូវបំផ្លាញ ដោយមានរួមបញ្ចូលផ្ទះរាប់រយខ្នងផងដែរ។ មានមនុស្សជាង១ពាន់៤រយនាក់បានត្រូវរបួសហើយមានមនុស្សយ៉ាងតិចណាស់១២៨នាក់ទៀតនៅបាត់ខ្លួននៅឡើយ។
ទីភ្នាក់ងារខាងឧតុនិយម ខាងធាតុអាកាស និងខាងភូគម្ភរូបសាស្ត្រហៅកាត់ថា BMKG បានរាយការណ៍ថា មានការផ្ទុះភ្នំភ្លើង Krakatoa នៅប្រមាណម៉ោង៩យប់កាលពីថ្ងៃសៅរ៍តាមម៉ោងក្នុងមូលដ្ឋាន ហើយមានរលកយក្សស៊ូណាមិនៅប្រមាណម៉ោង៩កន្លះយប់។
បើតាមទីភ្នាក់ងារ BMKG «មូលហេតុនាំឱ្យមានរលកយក្សស៊ូណាមិនេះបណ្តាលមកពីការរួមផ្សំរវាងការបាក់ដីនៅក្រោមសមុទ្រនៅក្រោយការផ្ទុះភ្នំភ្លើង Anak Krakatoa និងទឹកជោរបណ្តាលមកពីព្រះចន្ទពេញបូរិណ៍មី»៕