ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទៅ​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​ដោយសារ​រលក​យក្ស​ស៊ូណាមិ


លោក​ប្រធានាធិបតី Joko Widodo ពិនិត្យ​មើល​ផ្លូវ​ដែល​គេ​យក​ថ្លៃ​នៅ​ពេល​ធ្វើ​ដំណើរ​ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​ទៅ​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ ដែល​បណ្ដាល​មក​ពី​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ​នៅ​តាម​បណ្ដោយ​ឆ្នេរ​នៃ​ដៃ​សមុទ្រ Sunda។

លោក Widodo បាន​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​នេះ​នៅ​ឯ​រមណីយដ្ឋាន​សណ្ឋាគារ Mutiara ដែល​ជា​កន្លែង​រងគ្រោះ​ខ្លាំង​មួយ​នៅ​ឆ្នេរ​សមុទ្រ Carita នៅ​ក្នុង​ខេត្ត Banten។

ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រលក​យក្ស​ស៊ូណាមិ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស ២៨១ នាក់​ស្លាប់ ១ ពាន់ ១៦ នាក់​រង​របួស និង ៥៧ នាក់​បាត់​ខ្លួន។

លោក Sutopo Purwo Nugroho អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់ និង​របួស «នឹង​បន្ត​កើន​ឡើង‍»។

ទីភ្នាក់ងារ​ឧតុនិយម អាកាសធាតុ និង​រូបសាស្ត្រ​ផែនដី បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង Krakatoa នៅ​ម៉ោង​ប្រហែល ៩ យប់ កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​រលក​យក្ស​ស៊ូណាមិ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៩ កន្លះ​យប់ ថ្ងៃ​ដដែល​នោះ។

លោក Nugroho បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា ការ​ស្លាប់ និង​របួស​នេះ​បាន​កើត​ឡើង​នៅ​តំបន់​ចំនួន ៣ គឺ​តំបន់ South Lampung នៅ​កោះ​ស៊ូមាត្រា និង​តំបន់ Serang និង​តំបន់ Pandeglang នៅ​កោះ​ជ្វា ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​រដ្ឋធានី​ហ្សាការតា នៅ​តាម​បណ្ដោយ​ដៃ​សមុទ្រ Sunda។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ផ្ទះ​សម្បែង​ជាង ៦ រយ​ខ្នង សណ្ឋាគារ ៦៩ កន្លែង ហាង​លក់​ដូរ ៦០ កន្លែង និង​ទូក​ប្រហែល ៤២០ គ្រឿង ក៏​ដូចជា​រថយន្ត និង​យានយន្ត​រាប់​សិប​គ្រឿង​ផ្សេង​ទៀត ត្រូវ​បាន​បំផ្លិចបំផ្លាញ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នេះ៕

XS
SM
MD
LG